«ភ្នំខ្យង» ទីល្អាងដ៏ងងឹតលាក់ខ្លួនជាមួយប្រាង្គប្រាសាទសតវត្សរ៍ទី៦
ធ្លាប់តែបានឃើញក្នុងភាពយន្តបែបផ្សងព្រេង ដែលតួឯកចូលក្នុងល្អាងដ៏ងងឹតសូន្យសុង ដើម្បីស្វែងរកវត្ថុមានតម្លៃ តែដល់វេលាដែលបានមកស្គាល់បទពិសោធន៍បែបនោះខ្លួនឯង ទើបដឹងថាអារម្មណ៍នោះពិតជារំភើបក្រៃលែង ដៃកាន់ទូរស័ព្ទបើពិលបណ្តើរ ក្រវៀសជើងរាវផ្លូវបណ្តើរ ត្បិតអីសម្រេចចិត្តរួចហើយ ថាត្រូវតែចុះទៅល្អាងដ៏អាថ៌កំបាំងមួយនេះ។ ក្នុងចិត្តគិតថាហេតុអ្វីបានជាមានជណ្តើរដែកទុកឆ្លងកាត់ ហើយមាត់ល្អាងក៏ឃើញមានសំណែនទៀត ក៏ភ្នកគិតថា ច្បាស់ណាស់ប្រាកដជាមានអ្វីម្យ៉ាងនៅក្នុងល្អាងនេះហើយ ទើបជាអ្នកស្រុកមានជំនឿបែបនេះ។ នៅខាងក្រៅអាកាសធាតុដូចជាធម្មតា ដែលកាលបើបានមកដល់ក្នុងគុហានេះ ក៏ចាប់អារម្មណ៍ថាចុះត្រជាក់ ជាមួយនិងខ្យល់ភ្នំ ព្រមជាមួយសម្លេងទឹកដក់ តក់ៗ កាន់តែធ្វើឲ្យចិត្តងឿងឆ្ងល់កាន់តែខ្លាំងទៅៗ ព្រោះនៅខាងមុខមានល្អាងមួយផ្សេងទៀត ដែលទំនងជាជ្រៅព្រោះឃើញងងឹតខ្លាំង។ គ្នីគ្នាបីនាក់ដែលមានរសនិយមថាម្លោះនឹងដើរឲ្យលើសពីលេងហើយ ត្រូវតែចូលទោះគ្មានអ្នកភូមិ ឬមគ្គុទេសនាំផ្លូវ ដោយសម្អាងថាមានជណ្តើរចូលត្រឹមត្រូវ អាចផ្តល់នូវអារម្មណ៍កក់ក្តៅដែរ។ ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរមុខទិសខាងលិច ដើម្បីឧទ្ទិសថ្វាយព្រហ្មណ៍សាសនា។ ប្រាសាទនេះមានរាងតូចច្រឡឹង ទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ សង់អំពីឥដ្ឋ មិនមែនការតុបតែង ផ្តែរឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។ ប្រាសាទបុរេអង្គរនៅក្នុងខេត្តកំពត ហាក់ដូចជាមានលក្ខណៈពិសេសដែលសាងសង់នៅក្នុងល្អាងភ្នំ ដែលមានជាអាទិ៍ ប្រាសាទភ្នំខ្យង នេះ ប្រាសាទភ្នំទទុង និងប្រាសាទភ្នំឈ្ងោក ដែលមានសណ្ឋានប្រហាក់ប្រហែលគ្នា។ […]
View Details