នំបញ្ចុក ឈ្មោះដើមថា “នំប៉ែនចុក”?
នំបញ្ចុកជាអាហារមួយប្រភេទរបស់ខ្មែរ ដែលគេនិយមទទួលទានជាទូទៅ ជាពិសេសគឺនៅក្នុងពិធីបុណ្យទានផ្សេងៗ លក្ខណៈពិសេសគឺនំត្រូវទទួលទានជាមួយសម្លរប្រហើរ និងល្បើយដែលជាបន្លែចម្រុះដែលធ្វើឲ្យនំបញ្ចុកក្លាយជាអាហារដែលប្លែកខុសពីគេ ហើយអាហារប្រភេទនេះគឺមិនពិបាករកទេ ហើយតម្លៃក៏មិនជាថ្លៃដែរ។ សម្រាប់អ្នកដែលនិយមចូលចិត្តនំបញ្ចុក ចង់ដឹងថានំនេះមានប្រវត្តិបែបណា? នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម៉្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ បន្ទាប់មកគេហៅកាត់ៗថា “នំបញ្ចុក” មិនខុសអំពីពាក្យខ្មែរជាច្រើនដោយបានហៅកាត់ៗ ដូចជា៖នំប៉ែនចុក ក្លាយ “នំបញ្ចុក”ជើងក្រាន ក្លាយ “ចង្ក្រាន” ជាន់ដើរ ក្លាយ”ជណ្ដើរ” កាន់ជ្រែង ក្លាយ”កញ្ច្រែង” កាន់ត្រក ក្លាយ”កន្ត្រក” ពីរថែមដប់ ក្លាយ”ពីរដណ្ដប់” ជាដើម។ ក៏មានរឿងព្រេងនិទានមួយ ដែលទាក់ទងនឹងប្រវត្តិនំបញ្ចុកដំណាលថា៖នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។ ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា នឹងណាមួយទៀត នៅតំបន់ដែលពួកគាត់រស់នៅ សំបូរត្រីផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។ ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែលអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។ […]
View Details