តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា? តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទ នៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។
អម្បូរទី១ «វន្តាសប្រេត»
វន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះ ចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឱ្យអ្នកមានសីលខ្ពស់។
អម្បូរទី ២ «កុណបាសប្រេត»
កុណបាសប្រេត (ឬកុណបា) ប្រេតដែលស៊ីសាកសព ។ ប្រេតនេះមានពោះធ្លាក់ត្រយោក មុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្ពោក ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប។ ធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង។
អម្បូរទី៣ «គូថខាទកប្រេត»
គូថខាទកប្រេត (ឬគូថៈ) ប្រេតដែលស៊ីឧច្ចារៈ(លាមក)។ ប្រេតនេះមានភ្នែករិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង។ ក្បាលធំក្រមាង សក់ដុះខាងៗ កណ្តាលរលីង ស្លឹកត្រចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយខ្មោះៗ សាច់ស្រែងកក្រោះ ដៃជើងធំៗ ខំដើរស្កាត់រកគំនរលាមកធ្វើចំណី។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ។
អម្បូរទី៤ «អគ្គិជាលមុខប្រេត»
អគ្គិជាលមុខប្រេត ប្រេតដែលមានភ្លើងនៅក្នុងមាត់ ។ ប្រេតនេះហៅថា អគ្គិជាល មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅ ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចស៊ីចំណីបាន។
អម្បូរទី៥ «សូចិមុខប្រេត»
សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល។ ប្រេតឈ្មោះ សុចិ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យមានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ។
អម្បូរទី៦ «តណ្ហដ្តិតប្រេត»
តណ្ហដ្តិតប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន ។ ប្រេតមានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូចយក្សសាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះយាធ្លាក់សំយែះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ។
អម្បូរទី៧ «សុនិជ្ឈាមកប្រេត»
សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ ។ ប្រេតនេះគឺមានកម្មក្រាសណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ឆាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញសាមណៈ ឬ ស្មូមយាចក ប្រើពាក្យអាក្រក់ជេរស្តីឲ្យលោក និយាយពាក្យចាក់ដោតឡកឡឺយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស។
អម្បូរទី៨ «សត្ថង្គប្រេត»
សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត ។ ប្រេតប្រភេទនេះ មានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែ ពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវាមានកម្មក្រាស់ណាស់។ នៅក្នុងព្រៃជៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យមានចិត្តកាច។ ប្រេតនេះច្រើនរស់នៅ ឫស្យា ហាមប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូនជីតា ឬ ញាតិសន្តាន បំភ្លេចគុណគេបែរជាឲ្យទោសគេទៅវិញ។
អម្បូរទី៩ «បព្វតង្គប្រេត»
បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ ។ ប្រេតប្រភេទនេះ មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើននិងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀតលុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅនាហេមពាន្ត ភ្នំគិជ្ឈកូដ។ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែកនិងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង។
អម្បូរទី១០ « អជគរង្គប្រេត»
អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ ។ ប្រេតប្រភេទនេះ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លា ជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ ធំវៀនលើដី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬ បុព្វតា ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែ ឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ។ ចំពោះព្រះសង្ឃ ក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯង មានភ្លើងគ្រប់ពេលវេលាបែបនេះ។
អម្បូរទី១១ «វិមានកប្រេត»
វិមានកប្រេត ប្រេតមានវិមាននៅ ។ ប្រេតប្រភេទនេះ មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្ទើគ្មាន ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅថា យមរាជ ទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៍ ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តិលីលាបានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបផលកម្ម សងទាំងពីបែបនេះ។
អម្បូរទី១២ « មហិទ្ធិកប្រេត»
មហិទ្ធិកប្រេត ប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយ មើលខុសត្រូវប្រេតទាំងឡាយ) ។ ប្រេតប្រភេទនេះ រូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិល្អឥតមានពីរស្មើរូបទេព្តាមានគ្រឿងស្លៀកពាក់ ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះ ចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែក ក្រហមច្រាលឆ្អៅឆេះឆាបក្នុងមាត់ស្រេកឃ្លានណាស់ ព្រោះមានកម្មច្រើន ក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ ។ ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុះសាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភមិនប្រតិបត្តិតាមវិន័យ៕
The post តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា? តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទនៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។ first appeared on KAMPUCHEERS.
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…