Loading...

Category: ដើរលើសពីលេង

Auto Added by WPeMatico

គួរឲ្យចាប់អារម្មណ៍ជាមួយសំណង់ស្ថាបត្យកម្មចំណាស់ៗ នៅសេសសល់កណ្តាលក្រុងកំពង់ចាម

ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។ ជាមួយនឹងសំណង់អគារចំណាស់ៗដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម និងសម័យអាណានិគមនិយមបារាំង នៅពាសពេញប្លុកកណ្តាលក្រុងកំពង់ចាម ជាពិសេសម្តុំផ្សារធំ គឺពិតជាធ្វើឲ្យអារម្មណ៍ស្រម៉ៃទៅកាន់ជំនាន់នោះថាតើកាលពីសំណង់អគារទាំងនេះនៅថ្មីស្រឡាង តើវាប្លែកភ្នែក និងមានសោភ័ណភាពយ៉ាងណាទៅ? បើនិយាយពីអ្នកកំពង់ចាមវិញពេលសួរនាំគាត់អំពីអគារសំណង់ចាស់ៗទាំងនោះគឺពួកគាត់ហាក់ដូចជាពោរពេញទៅដោយចិត្តស្រឡាញ់និងចង់អភិរក្សរក្សារទុក ដោយមានមីងអ្នកលក់បង្អែមម្នាក់នៅមុខផ្សារធំ គាត់និយាយថា “ផ្ទះមីងក៏សល់តាំងពីសង្គម ហើយរស់នៅស្រណុកសុខស្រួលណាស់”ប្រសិនបើអ្នកឆ្លងស្ពានគីហ្សូណា ទៅត្រើយម្ខាងនៅខាងឆ្វេងដៃអ្នកនឹងឃើញច្បាស់ជាប៉មមួយពណ៌ក្រហមក្រម៉ៅដូចជាអគារចំណាស់ល្បីៗនៅក្រុងភ្នំពេញអញ្ចឹង ដែលសេសសល់តាំងពីជំនាន់អាណានិគមនិយមបារាំង ហើយអ្នកដែលបានទៅដល់អាចឡើងបាន តែហាក់ដូចជាខ្ពស់និងចោតបន្តិច ដែលពេលទៅដល់ខាងលើអាចឲ្យអ្នកឃើញទិដ្ឋភាពដ៏ស្រឡះភ្នែកនៃក្រុងកំពង់ចាម ភ្ជាប់ដោយស្ពានគីហ្សូណា។ ប្រសិនបើអ្នកមានពេល​ ឬចង់លំហែរអារម្មណ៍ជាមួយនឹងកន្លែងថ្មីៗ អ្នកគួរតែសម្លឹងមើលខេត្តកំពង់ចាមទៅព្រោះថាក្រៅពីសំណង់អគារទាំងនេះ ខេត្តនេះក៏មានតំបន់ទេសចរណ៍ដទៃទៀតដូចជា ព្រះវិហារបុរាណ ប្រាសាទបុរាណ កោះធម្មជាតិ និងតំបន់ទេសចរណ៍បែបសហគមន៍ផងដែរ។ #ដើរលើសពីលេង ពី DERtination

View Details

ដំណែល និងដំណាល “រាជបូណ៌” អារាមហ្លួង សៀមរាប រជ្ជកាល ព្រះបាទនរោត្តម

ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។ តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ មានដូចជាអាទិ៍ វត្តទេពប្រណម្យ វត្តដំណាក់ វត្តព្រះព្រហ្មរតរ៍ វត្តរាជបូណ៌ជាដើម ហើយក៏មានវត្តខ្លះក៏មានវត្តមាននៅក្នុងបរិវេណប្រាសាទបុរាណផងដែរ។ គ្រានេះសូម Kampucheers និង DERtination សូមបន្តមាតិកា អារាមហ្លួងខ្មែរ អំពី អារាម រាជបូណ៌ ស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប ពោលគឺស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ វត្តរាជបូណ៌ ឬវត្តបូណ៌ (ប្រជាជនហៅកាត់) ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ […]

View Details

“ទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សី

ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។ ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងសៀមរាប តែផ្លូវធ្វើដំណើរក៏ពុំមានអ្វីជាឧបសគ្គធំដុំដែរ។ មកដល់ប្រាសាទនេះអ្នកនឹងប្លែកអារម្មណ៍ ច្បាស់ណាស់ដែលប្រាសាទបុរាណសតវត្សរ៍ទី១០ មួយនេះត្រូវបានបាក់បែកស្ទើរទាំងស្រុង ប៉ុន្តែស្លាកស្នាមដែលនៅសេសសល់បានបង្កើតចេញជាទិដ្ឋភាពមួយដែលធ្វើឲ្យទេសចរចង់ទស្សនា និងផ្តិតយករូបភាព ជាមួយនឹងស៊ុមទ្វារជាច្រើនដែលនៅបញ្ឍរពាសពេញផ្ទៃប្រាសាទ បើទោះបីជាតួប្រាសាទត្រូវបានរលំរប៉ាត់រប៉ាយក្តី។ អ្វីដែលពិសេសជាងនេះទៀត ប្រសិនបើបានជាទៅដល់នាពេលរសៀលវិញ ពន្លឺព្រះសូរិយាដែលជះចូលបរិវេណប្រាសាទ កាត់ព្រៃឬស្សីដែលដុះស្តុកនៅជុំវិញប្រាសាទ បង្កើតបានជាទេសភាពមួយគួរជាទីគយគន់ អន្លង់អន្លោច ស្រណោះស្រណោក អមជាមួយនឹងសំឡេងបក្សីយំអើងកងពេញព្រៃ ពិតជាប្លែកខុសពីអារម្មណ៍ដែលនៅប្រាង្គប្រាសាទក្នុងតំបន់អង្គរ។ គួរបញ្ជាក់ថា ប្រាសាទទទឹងថ្ងៃ នេះជាប្រាង្គប្រាសាទបុរាណខ្មែរសម័យដើមអង្គរ សាងសង់នាសតវត្សរ៍ទី១០ (គេពុំបានដឹងថាស្ថិតនៅក្នុងរជ្ជកាលមហាក្សត្រអង្គណាទេ) ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ ទីឋាននៃប្រាសាទនេះមានស្រះមួយនៅពីមុខ កសិណទឹកព័ទ្ធជុំវិញ ជាមួយនឹងព្រៃឬស្សី ហើយជាប្រាសាទដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដោយនៅក្នុងបរិវេណប្រាសាទ គេឃើញមានសេសសល់ជើងទម្រ២ ដែលទម្រមួយមានក្បាច់ជាត្របកឈូក រូបរាងជាយោនីនាងឧមា […]

View Details

ស្លាកស្នាម រាជធានីទួលបាសាន នៅឯវត្តស៊ីធរ

កាលបើបានធ្វើដំណើរឆ្លងស្ពានកាត់ព្រែកតាមាក់លើគន្លង ផ្លូវជាតិលេខ៨ ប្រមាណជាជាងមួយម៉ោងចេញពីរាជធានីភ្នំពេញ ចោលភ្នែកមើលខាងស្តាំដៃអ្នកនឹងឃើញស្លាកមួយដាក់ថា ឃុំស៊ីធរ នោះជាសញ្ញាប្រាប់ថាអ្នកបានមកដល់ទីឋានដ៏ខ្ពង់ខ្ពស់មួយនាបុរាណកាលរបស់ព្រះនគរកម្ពុជាគឺ ទួលបាសាន ដែលទី ព្រះបាទពញាយ៉ាត បម្លាស់រាជធានីពីក្រុងអង្គរមក។ #វត្តស៊ីធរ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (កាលដើមឡើយវត្តនេះស្ថិតនៅក្នុងខេត្តកំពង់ចាម) “ព្រះរាជពង្សាវតារខ្មែរ” ផ្អែកតាមសៀវភៅ “ឯកសារមហាបុរសខ្មែរ” បានឲ្យដឹងថា នៅ គ. ស. ១៣៨៧ ៖ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិរាជ (#ព្រះបាទពញាយ៉ាត) ព្រះអង្គបានសម្រេចព្រះទ័យចាកចោល ព្រះមហានគរស្រីយសោធរ ទៅតាំងទីឯកោះបាសាន ហើយឲ្យខ្ញុំព្រះរាជការតាំងកសាងព្រះរាជនិវេសន៍ (ព្រះរាជដំណាក់) ព្រះរាជរោង ព្រះរាជមន្ទីរ រោងព្រះរាជរថ ។ល។ ព្រះបរមរាជវាំងថ្មីនេះបែរមុខទៅខាងកើត យកទន្លេធំជាមុខព្រះបរមរាជវាំង ទុកជាកំពង់មួយ ហើយទ្រង់បានតាំងព្រះនាមហៅថា “ព្រះបរមរាជវាំងថ្ម” ឯព្រះនាមរបស់ព្រះនគរ (សព្ទបុរាណ លោកសំដៅចម្បងដល់ព្រះរាជធានី) ទ្រង់បានរក្សាដដែលថា “ព្រះនគរស្រីយសោធរ” ដែលក្លាយក្រោយមកក៏ក្លាយសល់ត្រឹមតែ “ស៊ីធរ” រហូតមកទល់នឹងសព្វថ្ងៃ។ ដោយហេតុថា គ្រាដែលទ្រង់គង់នៅឯព្រះរាជវាំងនេះ ទឹកជំនន់លិចជ្រៅក្រៃលែង នឹងសាងជាព្រះនគរពុំបាន ក៏ព្រះបរមបពិត្រ ព្រះអង្គនាំរាជសេវកាមាត្យមកសាងព្រះបរមវាំងមួយទៀត […]

View Details

ព្រះមណ្ឌប និងព្រះវិហារបុរាណ នៃអារាមព្រះធាតុបាស្រី

កាលពីគ្រាមុនបានលើកយកប្រធានបទ អារាមហ្លួង មកបង្ហាញឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ត DERtination និង Kampucheers ស្របជាមួយឱកាសភ្ជុំបិណ្ឌដែលកាន់តែជិតមកដល់អញ្ចឹង ក៏សូមលើកយក អារាមហ្ហួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) មួយផ្សេងទៀតមកបង្ហាញ។ ស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនឆ្ងាយប៉ុន្មានពីកោះសូទិន (ខេត្តកំពង់ចាម) ប្របជាមួយបារាយណ៍ទឹកមួយ នោះគឺ “វត្តព្រះធាតុបាស្រី” ។ សាងសង់ឡើងដោយយកលំនាំតាមប្រាសាទបុរាណខ្មែរ ដែលមានវិហារនៅពីមុខ ជាប់ជាមួយនឹងព្រះមណ្ឌបនៅពីក្រោយ ដែលទីកន្លែងទាំងពីរនេះសុទ្ធតែមានតម្កល់ព្រះពុទ្ធរូប។ វិហារត្រូវបានកសាងជាទម្រង់ព្រះវិហារបុរាណខ្មែរក្នុងកំឡុង ឆ្នាំ១៩៣០ ចំណែកឯព្រះមណ្ឌបត្រូវបានកសាងតាមលំនាំព្រះប្រាង្គរបស់ប្រាសាទបុរាណខ្មែរនា ឆ្នាំ១៩៥៣ បើយោងតាមសិលាចារឹកនៅខាងក្នុងព្រះមណ្ឌបនោះ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺមាន ចម្លាក់ព្រះភ័ក្រ្តទេវរូប នៅលើលម្អកំពូល ដែលបង្ហាញពីវិចិត្រភាព និងក្បាច់ក្បូររចនានៃសំណង់ដ៏ពិសិដ្ឋនេះ។ ក្រៅពីសម្លាក់ព្រះភ័ក្រ្ត គេក៏បានដឹងផងដែរថាអារាមនេះជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ដោយហេតុថាមានចម្លាក់ត្រាព្រះចៅផែនដី ឬព្រះចៅក្រុងកម្ពុជា នៅលើហោជាងនៃព្រះវិហារ និងក្លោងទ្វារចូល ដែលមានលម្អរផងដែរនូវចម្លាក់សត្វពស់មួយគូ ដែលអ្នកស្រុកតំណាលតៗគ្នាអំពីជំនឿដែលគេជឿថាមានវត្ថុបុរាណ ដែលត្រូវបានគេយកទៅកប់នៅខាងក្រោមព្រះមណ្ឌប ដោយមានបារមីចាំមើលថែរក្សា។ នៅក្នុងបវិវេណវត្តក៏ឃើញថាមានកុដិបុរាណជាមួយនឹងស្ថាបត្យកម្មប្លែក រូបរាងដូចជាសំណង់ផ្ទះពីរភ្ជាប់បញ្ចូលគ្នាដែលមានជណ្តើរឡើងរួមគ្នាមួយ ដែលខាងក្នុងឃើញមានលម្អរដោយរូបហង្សបែរមុខរកគ្នានៅតាមសសរធ្នឹម ដែលហាក់ដូចជាមិនធ្លាប់ប្រទះឃើញនៅកន្លែងណាផ្សេងឡើយ។ គួរឲ្យចាប់អារម្មណ៍ផងដែរ ដែលព្រះមណ្ឌបដ៏ប្រណីតមួយនេះ ត្រូវបានគេសង់នៅលើទីតាំងប្រាសាទបុរាណមួយ ដែលត្រូវបានបាត់បង់ទៅហើយ ដែលសេសសល់នូវស្លាកស្នាមមួយចំនួនដែលគេរក្សារទុកក្នុងវត្ត។ ចំណែកនៅខាងក្រៅបរិវេណវត្ត ក៏មានគ្រឹះប្រាសាទបុរាណចំនួនពីរផ្សេងទៀត ដែលស្ថិតនៅចំពីមុខវត្តតែម្តង ដែលខាងស្តាំជា ប្រាសាទវិហារគុក និងខាងឆ្វេងជា ប្រាសាទវិហារព្រះនិពាន្វ។ គួរឲ្យស្តាយដែលប្រាសាទទាំងនោះបានខូតខាតស្ទើរបាត់បង់រូបរាងទាំងស្រុងទៅហើយ។ […]

View Details

“មហាលាភ” អារាមហ្លួង នៃស្រុកកោះសូទិន

រាល់វេលាដែល ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កាន់តែកៀកចូលមកដល់ ប្រជាជនខ្មែរដែលជាពុទ្ធបរិស័ទ្ធតែងតែម្នីម្នារ រៀបចំគម្រោងការជាមួយក្រុមគ្រួសារ ញាតិសណ្តាន និងមិត្តភក្តិ ពិភាក្សាអំពីវត្តអារាម សម្រាប់ធ្វើបុណ្យសាងបុណ្យកុសល ឧទ្ទិសជូនដូនតា ញាត្តិកា ទាំង៧សណ្តាន ដែលបានចែកឋានទៅហើយ។ និយាយដល់វត្តអារាមអញ្ចឹង សូមលើកយកអារាមមួយ ជាអារាមហ្លួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) ស្ថិតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលស្ថិតនៅប្របមាត់ច្រាំងខាងកើតទន្លេតូច នោះគឺ “វត្តមហាលាភ”។ សាងសង់ឡើងក្នុងចុងសតវត្សរ៍ទី១៩ (ឯកសារខ្លះថា កសាងក្នុងកំឡុងឆ្នាំ ១៨៨០ ចំណែកឯកសារខ្លះថាក្នុងឆ្នាំ ១៨៩៣) ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងរជ្ជកាល ព្រះ​សុវណ្ណ​កោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម (១៨៦០-១៩០៤)។ ព្រះវិហារវត្តមហាលាភ កសាងអំពីឈើប្រក់ក្បឿង បច្ចុប្បន្នលាបពណ៌លឿងទុំ​ ចាំងដូចមាស ស្ថិតនៅលើឃឿនខ្ពស់ ដែលអាចចៀសផុតពីការជន់លិចនៃទឹកជំនន់ទន្លេ។ មកដល់ផ្ទៃខាងក្នុងនៃព្រះវិហារ ឃើញថាប្រណីតភាពនៃព្រះវិហារនេះពិតជាបង្ហាញថាទីនេះគឺជាសំណង់សក្ការៈ ប្រកបដោយភាពខ្ពង់ខ្ពស់ ពោលគឺសសរ ផ្ទោង ធ្នឹម ហប់ ពិដានជាដើម ត្រូវបានលម្អរដោយគំនូរបុរាណយ៉ាងវិចិត្រ ជាពិសេសនៅពេលថ្ងៃរៀបលិច អ្វីដែលទាក់ទាញបំផុតគឺសសរដែលមានគំនូរទឹបមាស ដែលចាំងរំលេចដោយពន្លៃព្រះអាទិត្យគួរឲ្យគយគន់មិនដាក់ភ្នែក។ ក្រៅពីព្រះវិហារដ៏ប្រណិត ក៏សង្កេតឃើញថាក្នុងបរិវេណវត្តមានសំណង់អគារបែបពុទ្ធសាសនាចាស់ថ្មីពាសពេញ ហើយអ្វីដែលពិសេសគឺ សាលាឆាន់បុរាណ ក្ខោងទ្វារដែលមានចម្លាក់លៀនបង្ហាញពីសំលៀកបំពាក់ស្បៃកភ្លោះ និងកុដិបុរាណ សេសសល់តាំងពីរជ្ជកាលព្រះសុវណ្ណកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម ដែលជាកុដិ សម្តេចព្រះសង្ឃរាជ និល ទៀង ជាសម្ដេចព្រះសង្ឃរាជអង្គទី១ ដែលទ្រង់​កាន់​តំណែង​ពី ​ព.ស.​២៤០១ ដល់ ព.ស.​២៤៥៧ ក្នុង​រជ្ជ​សម័យ​​ព្រះ​មហាក្សត្រ ​៣​ព្រះ​អង្គគឺ ព្រះ​បរម​កោដ្ឋ (ព្រះបាទអង្គឌួង) ព្រះ​សុវណ្ណ​កោដ្ឋ (ព្រះបាទសម្តេចព្រះនរោត្តម) និង ព្រះបរមរាជានុកោដ្ឋ (ព្រះបាទស៉ីសុវត្ថិ)។ វត្តនេះក៏ជាទីអារាមដែលមានប្រវត្តិតំណាលទាក់ទងនឹងក្រពើនាងឱរ៉ៃ ក្នុងរឿងព្រេងភ្នំសុពណ៌កាឡី ដែលជានិទានកថារបស់ខ្មែរផងដែរ។ ដោយយោងតាមអាយុកាលជាង១០០ឆ្នាំ និង​តម្លៃផ្នែកស្ថាបត្យកម្ម វត្តមហាលាភ ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់បញ្ចូលជាបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាម កាលពីខែឧសភា ឆ្នាំ២០១៦៕

View Details