admin

ប្រោនកាហ្វេ#២១ សាខាដំបូងនៅលើកោះបានបើកជាផ្លូវការហើយ

បើកលើកពាក្យកោះមកនិយាយ អ្នកប្រហែលជាស្រម៉ៃថាថាប្រោនបានបើកដល់ដែនដីកោះរុង ឬកោះរុងសន្លឹមនាខេត្តព្រះសីហនុហើយ តែសម្រាប់សាខាទី២១របស់ហាងកាហ្វេក្នុងស្រុកមួយឈានមុខគេមួយនេះ បានបើកទា្វរសម្ពោធជាផ្លូវការនៅក្នុងអគារ DTT (Diamond Twin Tower) ជាន់ផ្ទាល់ដី ក្នុងបរិវេណកោះពេជ្រ ជាប់នឹងស្ពានហង្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។ បើកទ្វារភ្លាមចាប់ពីម៉ោង ៦:៣០នាទី ដល់ម៉ោង ៩:០០ព្រឹកជាមួយនឹងការផ្តល់ជូនពិសេសនាឱកាសថ្ងៃបើកសម្ពោធនេះ មានអតិថិជនជាច្រើនបាន មកសាកល្បងរសជាតិ និងភេសជ្ជៈ ព្រមជាមួយនឹងអាហារតាំងតែពីព្រឹកព្រលឹម ដែលធ្វើឲ្យសភាពនៃការបើកហាងជាផ្លូវការថ្ងៃទីមួយនេះមានភាពអូរអរ។ ប្រោនកាហ្វេសាខាមួយនេះក៏មិនខុសពីសាខាដទៃទៀតដែរ មានបម្រើជូនជាភេសជ្ជៈ និងអាហារមួយចំនួនតែមិនទាំងស្រុងពីបញ្ជីមុខម្ហូបដូចហាងប្រោនក្លាសិកដទៃទេ ដោយផ្នែកលើសណ្ឋាននៃទីតាំងហាងដែលផ្តោតលើការខ្ជប់ និងភាពរហ័ស សម្រាប់បម្រើជូន ភាគច្រើនគឺបុគ្គលិកការិយាល័យធ្វើការក្នុងអគារនោះ។ បើនិយាយពីការរចនាម៉ូដហាង ប្រោនមិនដែលធ្វើឲ្យអតិថិជនស្រងាកចិត្តទេ គឺតែងតែរំលេចចេញជាម៉ូដប្លែកៗខុសពីគ្នាតែនៅតែរក្សាអត្តសញ្ញាណរបស់ហាងកាហ្វេខ្លួន។ លើកនេះប្រោនបានរំលេចម៉ូដជញ្ជាំងឈើដែលមានច្រើនស្រទាប់ ហើយក៏មានធ្នើសម្រាប់ដាក់ដឹងដបទឹក (Reusable) ម៉ាស៊ីនកិនកាហ្វេ និងគ្រាប់កាហ្វេកញ្ចប់ ភ្ជាប់ជាមួយ។ លើសពីនេះអ្វីដែលពិសេសសម្រាប់ហាងមួយនេះ ប្រសិនបើអ្នកមើលទៅខាងលើអ្នកនឹងឃើញបំពង់ដែក រាងដូចជាបំពង់ៗ សម្រុងចុះមកដូចជាវាំងនន តែធាតុពិតប្រសិនបើអ្នកមើល ឬថតពីក្រោមបាញ់ទៅលើអ្នកនឹងឃើញរូបរាងជាស្លឹកនៃដើមកាហ្វេពីរសន្លឹក មួយបែរទៅឆ្វេង មួយទៀតបែរទៅស្តាំយ៉ាងប្រណិត។ សម្រាប់សាខានេះក៏មានកន្លែងសម្រាប់អ្នកដែលចង់អង្គុយខាងក្រៅយកខ្យល់អាកាសផងដែរ។ ប្រោនសាខាទី២១ (Brown DTT) នេះបើកទ្វារបម្រើសេវាកម្មជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៦:៣០នាទីព្រឹក រហូតដល់ម៉ោង ៩:០០យប់។ សម្រាប់ទីតាំងសូមចូលទៅកាន់តំណនេះ៖ https://goo.gl/maps/VRXLRZTn7pzo8xti9

7 years ago

ចង់ស្គាល់ឯកជនភាពពេលមកទស្សនាខេត្តសៀមរាបទេ?

ធ្លាប់ស្គាល់ហើយមែនទេសម្រាប់ការធ្វើដំណើរកំសាន្តមកកាន់ដែនដីទេសចរណ៍អង្គរ នាខេត្តសៀមរាប? ប៉ុន្តែពេលទំនងហាក់ដូចជាមិនសូវដូចអ្វីដែលអ្នកចង់បានទេ ព្រោះតំបន់ដែលអ្នកបានទៅដល់ទាំងនោះហាក់ដូចជាពោរពេញ ហូរហៀរទៅដោយទេសចរកកកុញមិនថាក្នុងស្រុក ឬក្រៅស្រុក ដែលជាឧបសគ្គសម្រាប់ផែនការរបស់អ្នកដែលចង់ទៅទស្សនាតំបន់ទេសចរណ៍ទាំងនោះដោយអារម្មណ៍ស្ងប់ស្ងាត់ និងមានឯកជនភាពខ្លះ ដើម្បីបន្ថយអារម្មណ៍ស្ត្រេស នើយហត់ពីការងារដែលអ្នកប្រឈមមុខរៀងរាល់ថ្ងៃ។ មិនមែនថាអ្នកមិនអាចចៀសផុតពីគំហុកនៃទេសចរកកកុញនៅតំបន់ទេសចរណ៍ខេត្តសៀមរាបនោះទេ តែតម្រូវឲ្យអ្នកស្គាល់តំបន់មួយចំនួនដែលលាក់ខ្លួនពីទេសចរទាំងនោះ ក៏ដូចជាជ្រើសរើសកន្លែងស្នាក់នៅដែលឆ្ងាយពីតំបន់ដែលសភាពអូរអរដូចជា ផាប់ស្ទ្រីត (Pub Street) ជាដើម។ លើកនេះ Kampucheers សូមណែនាំកន្លែងស្នាក់នៅមួយដែលមានសភាពស្ងប់ស្ងាត់​ ដែលផ្តល់នូវឯកជនភាពសម្រាប់អ្នក ហើយស្ថិតនៅមិនឆ្ងាយទេពីទីប្រជុំជន ប្រមាណតែ១០នាទី អ្នកនឹងទៅដល់ ​Gold Smith Residence។ ទីតាំង Gold Smith Residence មានសភាពតូចច្រឡឹង តែមានគ្រប់យ៉ាងសម្រាប់អ្នក រាប់ពីភោជនីយដ្ឋាន អាងហែលទឹក សេវាកម្មម៉ាស្សា និងស្ប៉ា ក៏ដូចជាសេវាកម្មដឹកជញ្ជូនដែលប្រចាំការគ្រប់ពេលវេលា ដែលល្អបំផុតសម្រាប់ការកំសាន្តបែបស្ងប់ស្ងាត់របស់អ្នក។ និយាយពីទីតាំងដែលធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកភ្នែក ព្រមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងឆ្ងាយពីទេសចរកុះករទាំងនោះ Kampucheers សូមណែនាំប្រាសាទចំនួន៤ដែលស្ថិតនៅក្នុងតំបន់អង្គរធំដែលអ្នកអាចចូឡទៅទស្សនា ដោយគ្មានភាពរំខាន៖ ព្រះបាលីលេយ្យ៖ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិច​ប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម​ ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6 ព្រះលានស្តេចគម្លង់៖ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះ​ប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ…

7 years ago

“ល្អាងភ្នំឈ្ងោក” ស្លាកស្នាម​អរិយធម៌​នគរភ្នំ

សម្រាប់ខេត្តកំពតមនុស្សម្នារទូទៅតែងស្គាល់ខេត្តនេះតាមរយៈតំបន់ទេសចរណ៍នានា ដូចជាភ្នំបូកគោ មាត់ព្រែក ទឹកឈូ ជាពិសេសគឺក្រុងកំពតផ្ទាល់ដែរមានអគារសម័យអណានិគមនិយមបារាំងបន្សល់ទុកជាច្រើន។ តែប្រសិនមើលស៊ីជម្រៅខេត្តកំពតក្រៅពីទេសចរណ៍ទាំងនេះ ខេត្តនេះក៏ជាតំបន់ប្រវត្តិសាស្ត្រមនុស្សជាតិដែលមិនគួររំលងក្នុងការសិក្សាស្វែងយល់ ទាំង វប្បធម៌អរិយធម៌ សាសនា និងជំនឿ។ ប្រហែលជាអ្នកធ្លាប់ឮអំពីភ្នំកំពង់ត្រាចដែលមាន ល្អាងភ្នំ អាងទឹកក្នុងរូងភ្នំ ប៉ុន្តែអ្នកអាចនឹងមិនទាន់បានស្គាល់ពី អរិយធម៌ និងប្រវត្តិសាស្ត្រនៅតំបន់នោះ។ យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍ ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិ ដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា ៥០០០ឆ្នាំ មុនគ.ស។ ជាក់ស្តែងនៅភ្នំក្បាលរមាសគេបានធ្វើកំណាយឃើញប្រដាប់ប្រដាប្រើប្រាស់ដែលធ្វើពីថ្ម ប្រហែល ៣៤២០ឆ្នាំ មុនគ.ស។ ប្រវត្តិសាស្ត្រខេត្តកំពតក៏បានផុសចេញ តំណាលគ្នានឹង សម័យហ្វូណន (នគរភ្នំ) ដែលតាមរឿងទេវកថាប្រមាណក្នុងឆ្នាំ ៥០នៃគ.ស កប៉ាល់ឬសំពៅរបស់ព្រាហ្មឥណ្ឌាព្រះនាម កៅហ្ឌិន (ឬព្រះថោង ឬហ៊ុន ទៀន) ធ្វើដំណើរកាត់ឈូងសមុទ្រសៀម បានមកចតទំនងជានៅខេត្តកំពតនេះឯង​ ដែលកៅហ្ឌិន បានរៀបអភិសេកជាមួយបុត្រីស្តេចនាគ ព្រះនាម លីវ យី (ឬសោមា) បង្កើតជារាជវង្សមួយដូចដែលបានចារក្នុងប្រវត្តិសាស្ត្រខ្មែរ។ និយាយពីល្អាង​ភ្នំ​ឈ្ងោកវិញដែល​ទីឋាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដ៏​វ័យ​ចំណាស់មួយដែលស្ថិតនៅក្នុងអរិយធម៌នគរភ្នំ ដែល​មានចម្ងាយ​ប្រមាណ ១៨ គីឡូម៉ែត្រ​​ពី​​ទី​រួមខេត្ដ​កំពត គឺជាភ្នំមួយដែលមានល្អាងភ្នំ ប្រាសាទបុរាណ ក៏ដូចជាស្លាកស្នាមមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ឡើងតាមជណ្តើរប្រមាណ ២០០កាំ និងចុះចំណោតខ្លីមួយ អ្នកនឹងទៅដល់មាត់ល្អាងភ្នំដែលស្វាគមន៍ ដោយស្លាកស្នាមជារូបរាងសត្វចម្រុះ មានដំរី កូនដំរី ក្បាលគោ ក្រពើ ឥន្ទ្រី តែប្រហែលជាមិនទាន់ចាប់អារម្មណ៍សត្វទាំងនោះភ្លាមទេ ព្រោះអ្នកនឹងភ្លឹកអារម្មណ៍ជាមួយនឹងប្រាសាទតូចមួយនៅចំពីមុខ។ ប្រាសាទសម័យនគរភ្នំមួយនេះសង់នៅក្នុងសតវត្សទី៥ ដែលគេសន្និដ្ឋានថាជាទីឋានសក្ការៈសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដោយគេឃើញមានសិវលិង្ហតម្គល់នៅខាងក្នុងប្រាសាទ ដែលនៅពីលើសិវៈលិង្គនោះមានសិលាបុរាណមានរាងដូចដំណក់ទឹកកកហូរ(ធ្លាក់ជាដំណក់ទឹកលើសិវៈលិង្គនោះ)។ ទោះមានជណ្តើរឡើងពិតមែន តែប្រសិនបើចុះទៅវិញតាមជណ្តើរអ្នកនឹងខកខានក្នុងការស្វែងយល់ថាមានអ្វីខ្លះក្នុងរូងភ្នំនេះ ព្រោះថាល្អាងភ្នំនេះមានរូងភ្នំចំនួនពីរដែលអ្នកអាចឡើងចុះ ទៅកាន់តួប្រាសាទ ដែលខាងក្នុងរូងភ្នំគឺមានសភាព ងងឹត​ និងរដាក់រដុបបន្តិច តែទោះយ៉ាងណាអ្នកប្រាកដជាអាចទៅមុខបាន ដោយអ្នកប្រហែលជាត្រូវការអ្នកស្រុកក្នុងតំបន់ដើម្បីជួយនាំផ្លូវ ជាមួយនឹងពិលដើម្បីបំភ្លឺផ្លូវ។ អ្វីដែលអ្នកនឹងឃើញគឺថ្មដែលមានរូបរាងចម្លែកៗ ក៏ដូចជាសត្វប្រជៀវទាំងហ្វូង ដែលរូងទាំងនោះគឺជាជម្រករបស់វា។ អ្នកនឹងប្លែកភ្នែកជាមួយនឹងថ្មមួយកន្លែងដែលមានពន្លឺភ្លឺផ្លេកៗដូចជាគ្រាប់ពេជ្រ ពេលត្រូវពន្លឺពិលចាំង គួរឲ្យចង់គយគន់។ មកដល់ផ្លូវចេញអ្នកនឹងឃើញផ្ទាំងថ្មដែលមានពណ៌ពីរខណ្ឌចែកពីគ្នាត្រង់ដូចបន្ទាត់ គឺដោយសារពេលដែលមានភ្លៀងធ្លាក់ខ្លាំង ល្អាងនេះដក់ទឹកបង្កើតបានជាអាងទឹក ពេលដែលទឹកនោះរីង ទស្សនីយ៍ភាពថ្មពីរពណ៌នេះនឹងលេចចេញជារូបរាង។ នៅខេត្តកំពត ប្រាសាទក្នុងល្អាងភ្នំមិនមែនមានតែនៅភ្នំឈ្ងោកនេះទេ ជាក់ស្តែងក៏មាននៅក្នុងល្អាងភ្នំទទុង និង ល្អាងភ្នំខ្ចង ផងដែរ។ ដូចនេះសម្រាប់ក្រោយៗប្រសិនបើអ្នកបានទៅស្វែងយល់ពីខេត្តកំពតកុំភ្លេច ឈៀងចូលតំបន់ប្រវត្តិសាស្ត្រដែលបានរៀបរាប់ខាងលើ ក៏ដូចជាសារមន្ទីរខេត្តកំពតដែលដាក់តាំងនូវតឹកតាង និងឯកសារប្រវត្តិសាស្ត្រជាច្រើនដែលអ្នកមិនធ្លាប់ដឹងអំពីខេត្តកំពត។ ផែនទី​ទៅកាន់ភ្នំឈ្ងោក៖ https://goo.gl/maps/9HMi6iVjBHnaqn8W7 ឯកសារយោង៖ ប្រវត្តិសាស្ត្រនៃខេត្តកំពត – សារមន្ទីរខេត្តកំពត

7 years ago

BBQ/ប៊ឺហ្គឺ/Waffle Fries ឆ្ងាញ់លាក់ខ្លួននៅម្តុំទួលទំពូង

ដឹងទេថាទួលទំពូង ឥឡូវកំពុងបំលែងខ្លួនទៅជាតំបន់មួយដែលសំបូរទៅដោយ ហាងទំនិញ ហាងកាហ្វេ អាហារដ្ឋានផ្សេងៗ ដែលអ្នកអាចងាយស្រួលក្នុងការរកស្ទើរគ្រប់កំណាត់ផ្លូវ។ តែប្រសិនបើរកកន្លែងដែលមានអាហារបែប BBQ ប៊ីហ្គឺ និង Waffle Fries (ដំឡូងបារាំងបំពងបែបនំពុម្ព) ប្រហែលជាពិបាករកបន្តិចហើយ ព្រោះថាប្រហែលជាមានតែមួយកន្លែងទេ ដែល Eatery នឹងណែនាំពេលនេះ។ Carolina BBQ ស្ថិតនៅលើកំណាត់ផ្លូវលេខ 460 នៅឯទួលទំពូង គឺជាអាហារដ្ឋានមួយដែលបម្រើនូវមុខម្ហូបដែលមានរសជាតិប្លែកពីហាងទូទៅ ចម្រុះមុខ រាប់បញ្ចូលតាំងពីឆ្អឹងជំនីជ្រូកអាំងផ្សំគ្រឿងពិសេស ភ្លៅមាន់អាំងបែបBBQ ប៊ឺហ្គឺសាច់គោដែលនាំចូលពីអូស្រ្តាលីចម្អិនតាមបែបអាមេរិក នឹងអ្វីដែលពិសេសគឺប្រភេទដំឡូងបំពងបែបនំពុម្ពដែលប្លែកទាំងរូបរាង ទាំងរសជាតិ ព្រមជាមួយបរិយាកាសក្នុងហាងដ៏ល្អ ត្រជាក់ស្រួល ហើយសេវាកម្មទៀតក៏រហ័សទាន់ចិត្ត ពិតជាធ្វើឲ្យអ្នកជាប់ចិត្ត​ ជាប់មាត់តែម្តង។ ក្រៅពីនេះហាង Carolina BBQ ក៏មានបម្រើជូននៅភេសជ្ជៈផ្សេងៗ ក៏ដូចជាស្រាបៀរផងដែរ ដែលសក្តិសមសម្រាប់ការទទួលទានជាមួយអាហាររសជាតិបែប BBQ ជាមួយក្រុមគ្រួសារ និងការជួបជុំមិត្តភក្តិក្រោយម៉ោងការងារ ក៏ដូចជាក្នុងឱកាសពិសេសនានា។ ហាង Carolina BBQ បើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 11ព្រឹក រហូតដល់ម៉ោង 10យប់។ អញ្ចឹងបើនឹកឃើញឃ្លាន ​BBQ កុំភ្លេចទៅសាកនៅ Carolina BBQ ទាំងអស់គ្នា!…

7 years ago

នំបញ្ចុក ឈ្មោះដើមថា “នំប៉ែនចុក”?

នំបញ្ចុកជាអាហារមួយប្រភេទរបស់ខ្មែរ ដែលគេនិយមទទួលទានជាទូទៅ ជាពិសេសគឺនៅក្នុងពិធីបុណ្យទានផ្សេងៗ លក្ខណៈពិសេសគឺនំត្រូវទទួលទានជាមួយសម្លរប្រហើរ និងល្បើយដែលជាបន្លែចម្រុះដែលធ្វើឲ្យនំបញ្ចុកក្លាយជាអាហារដែលប្លែកខុសពីគេ ហើយអាហារប្រភេទនេះគឺមិនពិបាករកទេ ហើយតម្លៃក៏មិនជាថ្លៃដែរ។ សម្រាប់អ្នកដែលនិយមចូលចិត្តនំបញ្ចុក ចង់ដឹងថានំនេះមានប្រវត្តិបែបណា?នំបញ្ចុកមានឈ្មោះ ដើមថានំប៉ែនចុក គឺជានំដែលគេយកម៉្សៅសម្រស់ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែនទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។  បន្ទាប់មកគេហៅកាត់ៗថា “នំបញ្ចុក” មិនខុសអំពីពាក្យខ្មែរជាច្រើនដោយបានហៅកាត់ៗ ដូចជា៖នំប៉ែនចុក ក្លាយ “នំបញ្ចុក”ជើងក្រាន ក្លាយ “ចង្ក្រាន” ជាន់ដើរ ក្លាយ”ជណ្ដើរ” កាន់ជ្រែង ក្លាយ”កញ្ច្រែង”…

7 years ago

ក្បួនដង្ហែរតុក្តតាយក្ស ពីមហោស្រពសិល្បៈទីក្រុង ស្អាត បានលេចមុខចេញជាលើកទីមួយនៅទឹកដីក្រុងបាត់ដំបង

កាលពីចុងខែឧសភា និងដើមខែមិថុនាថ្មីៗនេះ មហោស្រពសិល្បៈទីក្រុង ស្អាត ជាមហោស្រពមួយដែលបានប្រារព្ធធ្វើឡើងនៅឯក្រុងបាត់ដំបង។ បើតាមលោក Christophe Saltzmann ពីមហោស្រពមួយនេះ បានឲ្យដឹងថា វាជាការផ្តួចផ្តើមរវាង ហ្វារ ពន្លឺសិល្បៈ និងវិចិត្រសាល សង្កែ ការដូចជាការចូលរួមពី Romcheik 5, ASSAJAN ឬក៏ TAT (អង្គការពីប្រទេសថៃ) ព្រមជាមួយអង្គការនៅក្នុងស្រុកមួយចំនួនទៀតផងដែរ។ គោលគំនិតនៃមហោស្រពមួយនេះគឺដើម្បីចែករំលែកវប្បធម៌ប៉ុបប្រជាប្រិយនៅអាស៊ាន ដោយបង្ហាញពីទម្រង់សិល្បៈក្នុងតំបន់ ក៏ដូចជាវប្បធម៌របស់ខេត្តបាត់ដំបងដែលរួមចំណែក និងចូលរួមដោយប្រជាជនដែលរស់នៅក្នុងខេត្តនេះផ្ទាល់។ ការបង្ហាញជូនដែលធំជាងគេសម្រាប់មហោស្រពសិល្បៈទីក្រុង ស្អាត មួយនេះគឺការជាក្បួនដង្ហែរតុក្តតាយក្ស និងការបង្ហាញសិល្បៈតាមផ្លូវក្នុងបែបផែនជាតន្រ្តី ក្បាច់រាំ និងសិល្បៈសៀក ដែលទាក់ទាញមនុស្សម្នារឈរមើលទស្សនារាប់ពាន់នាក់តាមដងផ្លូវ។ លោកបន្តទៀតថា វាជាលើកដំបូងដែលមហោស្រពបែបនេះកើតឡើងនៅក្នុងទីក្រុងបេតិកភណ្ឌមួយនេះ ដែលកើតចេញពីក្រុមការងារដ៏តូចមួយដែលមានគ្នាតែ៣នាក់ប៉ុណ្ណោះ ប៉ុន្តែវាបានផ្សព្វផ្សាយបន្តធំទៅៗដែលទាក់ទាញឲ្យមានមនុស្សម្នា ក៏ដូចជាសិល្បករជាច្រើនចូលរួមចំណែកដើម្បីឲ្យកម្មវិធីនេះលេចរូបរាងឡើងក្នុងទ្រង់ទ្រាយធំបែបនេះ។ សិល្បករដែលមកចូលរួមទាំងអស់គឺដោយការស្ម័គ្រចិត្ត និងមិនមានគិតកម្រៃទេ ពួកគាត់មកជួយដោយការស្រឡាញ់ និងចង់លើកដម្កើងវប្បធម៌របស់បាត់ដំបង តែពីមហាស្រពក៏បានសម្រួលពួកគាត់វិញទៅលើសំភារៈសិល្បៈដូចជាទឹកថ្នាំលាប អាហារ ភេសជ្ជៈ ការស្នាក់នៅ ក៏ដូចជាការធ្វើដំណើរ។ បន្ទាប់ពីការសាកសួរលោក Christophe Saltzmann អំពីមហោស្រពនេះនាពេលអនាគត លោកបានបញ្ជាក់ថា មហាស្រពមួយនេះគឺបង្កើតឡើងក្នុងទម្រង់បែបផែន និងរូបភាពសម្រាប់បាត់ដំបង តែប្រសិនមានការសហការណ៍ និងគាំត្រ ប្រហែលជាអាចនឹងត្រូវបានយកទៅធ្វើនៅទីក្រុងផ្សេងទៀតដេរ ហើយបើផែនការមហោស្រពមួយនេះនឹងប្រារព្ធធ្វើឡើងរៀងរាល់២ឆ្នាំម្តង។

7 years ago