Loading...

Category: ដើរលើសពីលេង

Auto Added by WPeMatico

ទីក្រុង​គោម​ដែល​អូន​ប្រាថ្នា

សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍​ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។ DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ​ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏ ហាងដែលសង់បែបសម័យទំនើបៗទេ គឺភាគច្រើនគឺសំណង់អគារបុរាណ ពណ៌លឿង និងព្រះវិហារបែបចិន។ មធ្យោបាយធ្វើដំណើរដែលសាកសមបំផុតសម្រាប់ទេសចរដែលចូលចិត្តការលំហែបែបសាមញ្ញ គឺការជួលម៉ូតូជិះពីក្រុងដាណាង (ពីហូជីមិញទៅក្រុងដាណាងអ្នកអាចជិះរថយន្ត រថភ្លើង​ ឬលឿនបំផុតដោយការជិះយន្តហោះ) ដែលរវាងក្រុងទាំងពីរនេះចំណាយពេលប្រមាណតែ៣០នាទីប៉ុណ្ណោះ ហើយការធ្វើដំណើរគឺការជិះតាមមាត់សមុទ្រជាមួយខ្យល់អាកាសល្អ និងត្រជាក់រហឹម។ តែប្រសិនបើមិនចេះជិះម៉ូតូក៏មិនជាបញ្ហាដែរ ឡានក្រុងទៅមករវាងដាណាង និងហួយអាន មានទៅមកសឹងគ្រប់ម៉ោង។ មកដល់ក្រុងបុរាណនេះក្រៅពីប្លែកភ្នែកជាមួយនឹងគោមចម្រុះពណ៌ អគារបុរាណបែបចិន និងជប៉ុន តាមផ្លូវអ្នកនឹងសប្បាយនឹងការទទួលទានដោយព្រោះថាទីនោះសំបូរទៅដោយម្ហូបចំណីតាមផ្លូវដែលប្រជាជនក្នុងស្រុកនោះលក់មុខផ្ទះ​ ឬដាក់លក់តាមកង់ ម៉ូតូ ក្រៅពីនោះតាមផ្ទះភាគច្រើនគឺជាហាងកាត់ដេរ និងលក់សំលៀកបំពាក់ ព្រមជាមួយនឹងវត្ថុអនុស្សាវរីយ៍ដ៏គួរឲ្យទាក់ទាញ។ អ្វីដែលទេសចរដ៏ច្រើនសន្ធឹក មិនដែលខកខានគឺការដើរទស្សនាតាមប្លុកផ្ទះបុរាណ ជាមួយនឹងគោមទាំងអស់បំភ្លឺនាពេលរាត្រី ជាមួយនឹងអារម្មណ៍អន្លង់អន្លោច រូម៉េនទិច ពេលទទួលទានអាហារនៅភោជនីយដ្ឋានតាមមាត់ច្រាំងទន្លេ។

View Details

“ល្អាងភ្នំឈ្ងោក” ស្លាកស្នាម​អរិយធម៌​នគរភ្នំ

សម្រាប់ខេត្តកំពតមនុស្សម្នារទូទៅតែងស្គាល់ខេត្តនេះតាមរយៈតំបន់ទេសចរណ៍នានា ដូចជាភ្នំបូកគោ មាត់ព្រែក ទឹកឈូ ជាពិសេសគឺក្រុងកំពតផ្ទាល់ដែរមានអគារសម័យអណានិគមនិយមបារាំងបន្សល់ទុកជាច្រើន។ តែប្រសិនមើលស៊ីជម្រៅខេត្តកំពតក្រៅពីទេសចរណ៍ទាំងនេះ ខេត្តនេះក៏ជាតំបន់ប្រវត្តិសាស្ត្រមនុស្សជាតិដែលមិនគួររំលងក្នុងការសិក្សាស្វែងយល់ ទាំង វប្បធម៌អរិយធម៌ សាសនា និងជំនឿ។ ប្រហែលជាអ្នកធ្លាប់ឮអំពីភ្នំកំពង់ត្រាចដែលមាន ល្អាងភ្នំ អាងទឹកក្នុងរូងភ្នំ ប៉ុន្តែអ្នកអាចនឹងមិនទាន់បានស្គាល់ពី អរិយធម៌ និងប្រវត្តិសាស្ត្រនៅតំបន់នោះ។ យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍ ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិ ដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា ៥០០០ឆ្នាំ មុនគ.ស។ ជាក់ស្តែងនៅភ្នំក្បាលរមាសគេបានធ្វើកំណាយឃើញប្រដាប់ប្រដាប្រើប្រាស់ដែលធ្វើពីថ្ម ប្រហែល ៣៤២០ឆ្នាំ មុនគ.ស។ ប្រវត្តិសាស្ត្រខេត្តកំពតក៏បានផុសចេញ តំណាលគ្នានឹង សម័យហ្វូណន (នគរភ្នំ) ដែលតាមរឿងទេវកថាប្រមាណក្នុងឆ្នាំ ៥០នៃគ.ស កប៉ាល់ឬសំពៅរបស់ព្រាហ្មឥណ្ឌាព្រះនាម កៅហ្ឌិន (ឬព្រះថោង ឬហ៊ុន ទៀន) ធ្វើដំណើរកាត់ឈូងសមុទ្រសៀម បានមកចតទំនងជានៅខេត្តកំពតនេះឯង​ ដែលកៅហ្ឌិន បានរៀបអភិសេកជាមួយបុត្រីស្តេចនាគ ព្រះនាម លីវ យី (ឬសោមា) បង្កើតជារាជវង្សមួយដូចដែលបានចារក្នុងប្រវត្តិសាស្ត្រខ្មែរ។ និយាយពីល្អាង​ភ្នំ​ឈ្ងោកវិញដែល​ទីឋាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដ៏​វ័យ​ចំណាស់មួយដែលស្ថិតនៅក្នុងអរិយធម៌នគរភ្នំ ដែល​មានចម្ងាយ​ប្រមាណ ១៨ គីឡូម៉ែត្រ​​ពី​​ទី​រួមខេត្ដ​កំពត គឺជាភ្នំមួយដែលមានល្អាងភ្នំ ប្រាសាទបុរាណ ក៏ដូចជាស្លាកស្នាមមួយចំនួនដែលគួរឲ្យកត់សម្គាល់។ ឡើងតាមជណ្តើរប្រមាណ ២០០កាំ និងចុះចំណោតខ្លីមួយ អ្នកនឹងទៅដល់មាត់ល្អាងភ្នំដែលស្វាគមន៍ ដោយស្លាកស្នាមជារូបរាងសត្វចម្រុះ មានដំរី កូនដំរី ក្បាលគោ ក្រពើ ឥន្ទ្រី តែប្រហែលជាមិនទាន់ចាប់អារម្មណ៍សត្វទាំងនោះភ្លាមទេ ព្រោះអ្នកនឹងភ្លឹកអារម្មណ៍ជាមួយនឹងប្រាសាទតូចមួយនៅចំពីមុខ។ ប្រាសាទសម័យនគរភ្នំមួយនេះសង់នៅក្នុងសតវត្សទី៥ ដែលគេសន្និដ្ឋានថាជាទីឋានសក្ការៈសម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ ដោយគេឃើញមានសិវលិង្ហតម្គល់នៅខាងក្នុងប្រាសាទ ដែលនៅពីលើសិវៈលិង្គនោះមានសិលាបុរាណមានរាងដូចដំណក់ទឹកកកហូរ(ធ្លាក់ជាដំណក់ទឹកលើសិវៈលិង្គនោះ)។ ទោះមានជណ្តើរឡើងពិតមែន តែប្រសិនបើចុះទៅវិញតាមជណ្តើរអ្នកនឹងខកខានក្នុងការស្វែងយល់ថាមានអ្វីខ្លះក្នុងរូងភ្នំនេះ ព្រោះថាល្អាងភ្នំនេះមានរូងភ្នំចំនួនពីរដែលអ្នកអាចឡើងចុះ ទៅកាន់តួប្រាសាទ ដែលខាងក្នុងរូងភ្នំគឺមានសភាព ងងឹត​ និងរដាក់រដុបបន្តិច តែទោះយ៉ាងណាអ្នកប្រាកដជាអាចទៅមុខបាន ដោយអ្នកប្រហែលជាត្រូវការអ្នកស្រុកក្នុងតំបន់ដើម្បីជួយនាំផ្លូវ ជាមួយនឹងពិលដើម្បីបំភ្លឺផ្លូវ។ អ្វីដែលអ្នកនឹងឃើញគឺថ្មដែលមានរូបរាងចម្លែកៗ ក៏ដូចជាសត្វប្រជៀវទាំងហ្វូង ដែលរូងទាំងនោះគឺជាជម្រករបស់វា។ អ្នកនឹងប្លែកភ្នែកជាមួយនឹងថ្មមួយកន្លែងដែលមានពន្លឺភ្លឺផ្លេកៗដូចជាគ្រាប់ពេជ្រ ពេលត្រូវពន្លឺពិលចាំង គួរឲ្យចង់គយគន់។ មកដល់ផ្លូវចេញអ្នកនឹងឃើញផ្ទាំងថ្មដែលមានពណ៌ពីរខណ្ឌចែកពីគ្នាត្រង់ដូចបន្ទាត់ គឺដោយសារពេលដែលមានភ្លៀងធ្លាក់ខ្លាំង ល្អាងនេះដក់ទឹកបង្កើតបានជាអាងទឹក ពេលដែលទឹកនោះរីង ទស្សនីយ៍ភាពថ្មពីរពណ៌នេះនឹងលេចចេញជារូបរាង។ នៅខេត្តកំពត ប្រាសាទក្នុងល្អាងភ្នំមិនមែនមានតែនៅភ្នំឈ្ងោកនេះទេ ជាក់ស្តែងក៏មាននៅក្នុងល្អាងភ្នំទទុង និង ល្អាងភ្នំខ្ចង ផងដែរ។ ដូចនេះសម្រាប់ក្រោយៗប្រសិនបើអ្នកបានទៅស្វែងយល់ពីខេត្តកំពតកុំភ្លេច ឈៀងចូលតំបន់ប្រវត្តិសាស្ត្រដែលបានរៀបរាប់ខាងលើ ក៏ដូចជាសារមន្ទីរខេត្តកំពតដែលដាក់តាំងនូវតឹកតាង និងឯកសារប្រវត្តិសាស្ត្រជាច្រើនដែលអ្នកមិនធ្លាប់ដឹងអំពីខេត្តកំពត។ ផែនទី​ទៅកាន់ភ្នំឈ្ងោក៖ https://goo.gl/maps/9HMi6iVjBHnaqn8W7 ឯកសារយោង៖ ប្រវត្តិសាស្ត្រនៃខេត្តកំពត – សារមន្ទីរខេត្តកំពត

View Details

កន្លែងលាក់ខ្លួនក្នុងបរិវេណអង្គរដែលទេសចរច្រើនរំលង

ស្គាល់ហើយសៀមរាបមែនទេ? ប៉ុន្តែបើថាស្គាល់អស់ដូចជាមិនសូវជាហ៊ានធានាទេ។ ដូចនេះ #DERtination ពី #Kampucheers សហការណ៍ជាមួយ Gold Smith Residence សូមណែនាំទិសដៅទេសចរខាងក្រោមនេះដែលមានភាពអស្ចារ្យហើយអ្នកអាចនឹងមិនធ្លាប់បានទៅដល់៖ ព្រះបាលីលេយ្យ៖ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិច​ប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម​ ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6 ព្រះលានស្តេចគម្លង់៖ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះ​ប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ ប្រសិនបើទេសចរមើលពីខាងក្រៅគឺឃើញមានសភាពតូចតែបើចូលទៅខាងក្នុងកាច់កុងទៅតាមរចនាបថ ព្រមជាមួយនឹងចម្លាក់ដែលធ្លាក់ជាមួយនឹងទេវរាប់ពាន់អ្នកលើជញ្ជាំងដែលធ្វើឲ្យអ្នកឈរមើលផ្ជង់អារម្មណ៍នោះ យ៉ាងតិចក៏ត្រូវចំណាយពេល15-20នាទីដែលទើបចេញមកវិញ។ លក្ខណៈពិសេសមួយទៀតនៃចម្លាក់ក្នុងប្រាសាទនេះនៅដើមច្រកចូលអ្នកអោនមើលខាងក្រោម នឹងបានឃើញចម្លាក់ទេវជិះលើសត្វជាច្រើនដូចជា ក្តាម ត្រី ក្រពើ មករជាដើម។ផែនទី៖ https://goo.gl/maps/wautGXtoFiJ5FgQL9 ព្រះវិហារប្រាំពីរល្វែង៖ឈ្មោះជាវត្តប៉ុន្តែរូបរាងខុសពីវត្តបច្ចុប្បន្នដោយសារ ព្រះវិហារប្រាំពីរល្វែង ជាងអារាមសាសនាតាំងពីបុរាណកាលមក ដែលសង់លើខឿនប្រាសាទដែលមានឈ្មោះដូចគ្នាគឺ ប្រាសាទព្រះវិហារប្រាំពីរល្វែង។ ទេសចរអាចនឹងរំលងបុរាណស្ថានមួយនេះ តែធាតុពិតមិនឆ្ងាយទេ ហើយក៏មិនគួររំលងដែល គឺនៅក្រោយប្រាសាទសួរព័្រត្រ (ប្រាសាទនាងដប់ពីរ)។ ភាពលេចធ្លោរនៃអារាមមួយនេះគឺសង់ព័ទ្ធដោយខឿនបីជាន់ ដែលមានចម្លាក់សត្វតោ និងដំរីនៅគ្រប់ជ្រុង ហើយបច្ចប្បន្នគេបានសង់ជាបរិមារព្រះពុទ្ធទុកសម្រាប់ពុទ្ធបរិស័ទ្ធអុជធូប សុំសេចក្តីសុខចម្រើន។ផែនទី៖ https://goo.gl/maps/kDsSarrAZYXeopce9 ក្ខោងទ្វារមរណៈ ឬក្ខោងទ្វារខ្មោច៖ឈ្មោះនេះប្រហែលជាអាចធ្វើឲ្យទេសចរ ខ្លាចរអារមិនចង់ទៅទស្សនា ប៉ុន្តែការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះគឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នកមានឋានៈខ្ពង់ខ្ពស់នាសម័យបុរាណ។ ក្លោងទ្វារនេះជាក្លោងទ្វារមួយក្នុងចំណោមក្លោងទ្វារទាំង5 សម្រាប់ចេញចូលក្រុងអង្គរធំ ដែលទេសចរអាចចូលទៅដល់តាមផ្លូវរដាក់រដុបមួយនៅពីមុខច្រកចូលខាងកើតនៃប្រាសាទបាយ័ន។ ដោយសារក្លោងទ្វារមួយនេះមានសភាពស្ងប់ស្ងាត់ វាពិតជាពិសេសសម្រាប់អ្នកដែលចង់ថតរូបភាពស្អាតៗ ហើយអ្នកក៏អាចឡើងទៅលើកំពែងអង្គរធំតាមរយៈក្លោងទ្វារនេះ ដើម្បីមើលព្រះភ័ក្រ្តព្រះព្រហ្មមុខបួនបានយ៉ាងច្បាស់។ផែនទី៖ https://goo.gl/maps/srBrS35BT4GFcQE66 អញ្ចឹងប្រសិនបើបានទៅខេត្តសៀមរាបលើកក្រោយ កុំភ្លេចទៅគោលដៅទាំង4ខាងលើនេះ […]

View Details

ទីកែប គោលដៅទេសចរណ៍ប្លែកមួយជាមួយអារម្មណ៍ខ្ជិលៗ

កែបជាខេត្តដែលតូចជាងគេ និងជាខេត្តមួយក្នុងចំណោមបួនដែលនៅជាប់សមុទ្ររបស់កម្ពុជា។ ចំណាយមិនឆ្ងាយប៉ុន្មាន ប្រមាណតែ ១៥៨គម​ឬ៣ម៉ោងកន្លះពីភ្នំពេញ ធ្វើឲ្យក្លាយជាគោលដៅទេសចរណ៍មួយដែលស័ក្តិសមបំផុតសម្រាប់ការលំហែចុងសប្តាហ៍ជាមួយនឹងឆ្នេរខ្សាច់ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងកោះទន្សាយដែលជានិមិត្តរូបសម្រាប់ខេត្តមួយនេះ។ ពីភ្នំពេញទៅកែបយើងអាចកក់សំបុត្រឡានក្រុងតាមរយៈ Bookmebus.com មានទាំងកាលវិភាគ ក្រុមហ៊ុនឡានសម្រាប់ជ្រើសរើស និងតម្លៃប្រមាណជា៧ ទៅ៨ ដុល្លារប៉ុណ្ណោះ តែយកល្អឲ្យជ្រើសជើងចេញដំណើរពីព្រលឹមដើម្បីមានពេលវេលាច្រើនសម្រាប់លំហែនៅទីនោះ។ ពេលទៅដល់ខេត្តកែបភ្លាមគោលដៅដំបូងគឺផ្សារក្តាម ខេត្តកែបនោះឯង ដើម្បីញ៉ាំអាហារទ្រាប់ពោះខ្លះៗ និងទិញគ្រឿងសមុទ្រស្រស់ៗមានក្តាម បង្គា មឹក នឹងត្រីសមុទ្រចម្រុះ វេចខ្ចប់ទុកញ៉ាំ ព្រោះថានៅលើកោះគឺមិនសូវមានអាហារសំបូរបែបប៉ុន្មាននោះទេ។ ចំពោះតម្លៃញ៉ាំនៅផ្សារក្តាមសមរម្យដែលអាចទទួលយកបាន តែប្រសិនបើអ្នកមានជំនាញតថ្លៃនោះកាន់តែប្រសើរ។ ក្រោយពីរៀបចំម្ហូបអាហាររួចរាល់សព្វគ្រប់យើងធ្វើដំណើរឆ្ពោះទៅកំពង់ចម្លងដើម្បីចេញដំណើរទៅលេង កោះទន្សាយ។ ចំពោះតម្លៃទូកមួយជើងគឺប្រមាណជា១២ដុល្លារប៉ុណ្ណោះ ដោយអាចជិះបានរហូតដល់ទៅ៨នាក់។ ចំណាយពេលប្រមាណ៣០នាទី យើងនឹងទៅដល់គោលដៅរបស់យើងគឺ កោះទន្សាយ ចុះពីលើទូកភ្លាមរឿងដំបូងដែលត្រូវធ្វើគឺស្វែងរកកន្លែងគេង ព្រោះថាធ្វើដំណើរអស់ច្រើនម៉ោងដែរហើយ គួររកកន្លែងដើម្បីទុកដាក់ឥវ៉ាន់ និងសម្រាកញ៉ាំបាយអោយឆ្អែតក្រពះសិន ចាំធ្វើដំណើរបន្តទៀត។ តែក៏សូមណែនាំបឹងហ្គាឡូមួយដែលមានឈ្មោះថា Simone’s ដោយបន្ទប់គ្រែ២ គេងបានគ្នា៤នាក់ តម្លៃប្រមាណ១៥ដុល្លារប៉ុណ្ណោះ។ ក្រោយពីចរចាររៀបចំឥវ៉ាន់ទុកដាក់រួចរាល់ហើយ អ្នកអាចសម្រាកញ៉ាំអាហារដែលយើងបានខ្ចប់ពីផ្សារក្តាមមក និងអាចបន្ថែមជាមួយអាហារតាមបែបអ្នកកោះតាមចំណង់ចំណូលចិត្ត។ ញ៉ាំឆ្អែតសម្រាកលំហែបន្តិច ដល់ពេលយើងដើរគយគន់ទេសភាពដ៏ស្រស់ស្អាត និងថតរូបស្អាតៗ  ជាមួយដើមដូងជាជួរមានទឹកដូងបេះភ្លាមកាប់ឲ្យញ៉ាំភ្លាមៗ ឆ្នេរខ្សាច់វែងអន្លាយ ព្រមជាមួយទឹកសមុទ្រថ្លាខៀវស្រង៉ាត់គួរឲ្យងូតទឹកកម្សាន្ត គ្រាន់ថាមិនសូវមានរលកទេ។ យើងក៏អាចជួលទូកជិះទៅលេងតាមកោះនានា​ មើលផ្កាថ្ម និងជ្រមុជទឹកផងដែរ។ ល្ងាចឡើងយើងអាចគយគន់សម្រស់ព្រះសុរិយាលិចកប់បាត់ក្នុងផ្ទៃទឹក ជាមួយសម្លេងទឹករលកបោកបក់គ្រាំៗរំសាយអារម្មណ៍ រួចក៏ស្វែងរកអាហារញ៉ាំនៅឯផ្ទះស្នាក់របស់យើង ជាមួយអាហារឆ្ងាញ់ៗ និងភេសជ្ជៈផ្សេងៗ ជុំគ្នាញ៉ាំស្រាក្រឡុក ជជែកកម្សាន្តក៏បានដែរ។ ថ្ងៃបន្ទាប់យើងត្រឡប់មកពីកោះវិញ អាចបន្តដំណើរកម្សាន្តនៅឯខេត្តកែបបានមួយអស់ចិត្តទៀតមុនពេលឡើងឡានត្រលប់មកវិញ (សម្រាប់អ្នករើសជើងត្រឡប់មកវិញពេលរសៀល) ដោយយើងអាចទិញគ្រឿងសមុទ្រពីផ្សារក្តាមខ្ចប់ទុកញ៉ាំសម្រាប់អាហារពេលថ្ងៃត្រង់ […]

View Details

ធម្មជាតិប្លែកភ្នែក ឯនាយជាយដែនកម្ពុជា-ឡាវ ល្មមសម្រាប់ថ្ងៃឈប់សម្រាកខាងមុខ

ស្ទឹងត្រែង គឺជាខេត្តមួយដែលស្ថិតនៅឯភាគប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។ បើទោះបីចម្ងាយពីភ្នំពេញ ទៅខេត្តស្ទឹងត្រែងហាក់បីដូចជាឆ្ងាយបន្តិចក៏ពិតមែន តែនៅពេលដែលអ្នកបានមកដល់ខេត្តដ៏ស្រស់ស្អាតមួយនេះ អ្នកនឹងភ្លេចអស់ជាមិនខានរឿងនឿយហត់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះតែអ្វីដែលអ្នកបានឃើញ និងកម្សាន្ត គឺស័ក្តិសមនឹងការចំណាយរបស់អ្នក។ ដងទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែង  គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដោយទេសចរអាចរកទូកជួលបែបឯកជន (តម្លៃអាចទៅតាមចំនួនមនុស្ស រយៈពេល ចំណាយ និងរដូវកាល) សម្រាប់ជិះមើលព្រៃលិចទឹក ដែលមានឬស និងដើមកោងទេទៅតាមកម្លាំងទឹកហូរ ទស្សនាជម្រកសត្វស្លាបនៅតំបន់រាមសារ ដែលជាតំបន់កំពុងអភិរក្ស និងគយគន់សត្វផ្សោតនៅអន្លង់ផ្សោតក្នុងតំបន់ល្បាក់ខោលឯព្រះរំកិល។ បន្ថែមទៅលើនេះទៀត ស្ទឹងត្រែងជាខេត្តមួយសំបូរទៅដោយកោះធម្មជាតិ មានដូចជាកោះហាន កោះលន កោះល្ងរ ជាដើម ដោយកោះនីមួយមានលក្ខណៈពិសេស និងទាក់ទាញផ្សេងៗគ្នា។ សម្រាប់កោះហាន (អ្នកស្រុកនេះបង្កើតជាសហគមន៍ទេសចរណ៍មួយថ្មី ហៅឈ្មោះថា កោះខេ) ប្រសិនបើអ្នកគ្មានយាន្តជំនិះទេ អ្នកអាចជួលម៉ូតូសម្រាប់ជិះ (ប្រមាណជា ១០ដុល្លារក្នុងមួយថ្ងៃ មានសាំងស្រាប់) ឆ្លងពីស្ពានសេកុងប្រមាណពី ១៥ ទៅ ២០នាទី នៅខាងឆ្វេងដៃអ្នកនឹងឃើញស្លាកបដា សហគមន៍ទេសចរណ៍ធម្មជាតិ កោះខេ គ្រាន់បត់ចូលតាមនោះបន្តិចនឹងដល់កំពង់ចម្លងដែលអ្នកអាចឆ្លងទៅដល់កោះនោះហើយ ដោយតម្លៃឆ្លងទៅមកគឺចំនួន ២០០០រៀលខ្មែរតែប៉ុណ្ណោះ។ […]

View Details

PRE-ANGKORIAN TREASURES

តំបន់​ប្រវត្តិសាស្ត្រ ប្រាសាទ​សំបូរព្រៃគុក គឺជាក្រុមប្រាសាទដែលស្ថិតនៅ​ជាអតីត​រាជធានី​របស់​ខ្មែរ <<ឦសានបុរៈ>> នាសម័យ​ចេនឡាសតវត្សទី៧ ដែល​បន្សល់​ទុក​សំណង់​ជា​ច្រើន​លាក់​ខ្លួន​ក្នុង​ព្រៃ ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ​ ស្រុក​ប្រាសាទ​សំបូរ ​ខេត្ត​កំពង់​ធំ។ អតីតរាជធានី​ចំណាស់​នេះ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រមាណ ២៥​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បាត់​ដាន​ខ្លះ សល់​តែ​ប្រាសាទ​ចំណាស់​មួយ​ចំនួន ដែល​បង្ហាញ​ពី​ស្ថាបត្យកម្ម​មុន​សម័យ​អង្គរ។ ប្រាសាទនេះកសាងឡើង នៅរាជ្ជកាល ព្រះបាទឦសានវរ្មន័ទី១នៅក្នុង សតវត្សទី៧ (គ.ស. ៦១៦-៦៣៥) ហើយចែកជា៤ក្រុម៖១ <<ក្រុមប្រាសាទខាងជើង>> ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។២ <<ប្រាសាទកណ្តាល>> ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសចាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។៣ <<ក្រុមប្រាសាទខាងត្បូង>> ហៅថា ប្រាសាទយាយពន្ធ័ ដែលស្ថិតនៅចំកណ្តាលហ៊ុំពន្ធ័ដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន តោបុរៈ ចូលទាំងបួនទិស។ក្រុមប្រាសាទទាំងនេះជា អតិតរាជធានី។៤ <<ក្រុមប្រាសាទក្រោលមាស>> មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។ ក្រុមប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧

View Details