••• កាលពីថ្ងៃទី ១៣ មីនា ២០២០ តារាសម្តែង-ពិធីករ-តារាចម្រៀង Matthew Deane បានចេញមកប្រកាសក្នុង Instagram របស់ខ្លួនថា ខ្លួនកំពុងឆ្លងនូវមេរោគខូវីដ១៩ (Covid-19/Coronavirus) ដែលបានសាងភាពពុះកញ្ជ្រោលយ៉ាងខ្លាំងដល់បណ្តាមហាជន និងសង្គមសិល្បៈថៃ ជាពិសេសគ្រប់គ្នាមានការបារម្ភជាខ្លាំងដល់អ្នកសិល្បៈផ្សេងៗដែលបានជួប និងនៅក្បែរតារារូបនេះ ក្នុងអំឡុង៣ ៤ថ្ងៃក្រោយមកនេះ។ អ្នកដែលគួរឲ្យបារម្ភជាងគេគឺ Lydia ដែលជាភរិយា រួមទាំងកូនៗទាំង២របស់ Matthew តែម្តង។
ក្រោយពីរង់ចាំលទ្ធផលត្រួតពិនិត្យ២ ៣ថ្ងៃមកនេះ មុននេះ៣ម៉ោង តារាចម្រៀងនិងសម្តែង Lydia បានចេញមកផុសលើ Instagram & Facebook របស់ខ្លួនថា លទ្ធផលចេញមកគឺ វិជ្ជមាន។ យ៉ាងណាមិញ សម្រាប់កូនៗទាំង២ នៅមានអាការៈកម្លាំងកំហែងប្រក្រតី ពោលគឺគ្មានសញ្ញាអ្វីទាក់ទងនឹងការផ្តាសាយឡើយ ដែលអាចសន្មត់ថាមិនឆ្លងពីប៉ាម៉ាក់របស់ខ្លួន។
សម្រាប់សារដែល Lydia សរសេរផុសគឺមានដូចតទៅ៖
“អ្វីដែលសំខាន់គឺត្រូវតាំងស្មារតីឲ្យល្អបំផុតក្នុងពេលវេលានៃវិបត្តិបែបនេះ ត្រូវតទល់និងស៊ូបន្តទៀត អ្វីដែលពិបាកបំផុតគឺត្រូវបែកចេញពីគ្រួសារនិងកូនៗ ត្រូវឲ្យកូនទាំង២នៅដោយគ្មានទាំងប៉ាទាំងម៉ាក់មិនដឹងយូរប៉ុណ្ណា តែយ៉ាងហោចក៏នៅមានលោកយាយលោកតាដែលនៅជាមួយពួកគេ […] ហាមយំ ព្រោះទឹកភ្នែកអាចនឹងមានវីរុស”
សម្រាប់ករណីតារាប្តីប្រពន្ធទាំង២នាក់ គឺមិនទាន់ដឹងច្បាស់ថា Matt ឆ្លងពីណាឡើយ ព្រោះ៣ ៤ថ្ងៃមុននេះ គាត់ទៅច្រើនកន្លែង និងជួបមនុស្សច្រើននាក់ ហើយទើបមកចម្លងដល់ប្រពន្ធតាមក្រោយ។ អ្វីដែលប្រសើរនោះគឺ ពួកគាត់ដឹងខ្លួនបានឆាប់រហ័ស ទើបប្រញ៉ាប់ទៅពិនិត្យ និងឃាំងខ្លួននឹងកន្លែងមិនចេញទៅណា ១៤ថ្ងៃ។
យ៉ាងណាមិញ តារាទាំង២បានផ្តាំផ្ញើរថា ការឆ្លងជម្ងឺនេះ មិនគួរឲ្យខ្លាចខ្លាំងឡើយ ដរាបណាយើងតាំងស្មារតីឲ្យបានល្អ និងធ្វើតាមគោលការណ៍វេជ្ជសាស្ត្រឲ្យបានត្រឹមត្រូវ មិនត្រូវភ្ញាក់ផ្អើលរត់គេចមិនទទួលការព្យាបាលនោះឡើយ។ សម្រាប់រោគសញ្ញារបស់ Lydia គឺ ក្អកស្ងួតគ្មានស្លេស កម្តៅ 30អង្សា (តែក៏មិនពិបាកក្នុងខ្លួន) ត្រឹមមានអារម្មណ៍ដូចចាប់ផ្តើមគ្រុននិងផ្តាសាយ […]
ដោយសារមេរោគនៅថ្មីខ្លាំង ពេលនេះមិនទាន់មានវ៉ាក់សាំងឬថ្នាំព្យាបាលជាផ្លូវការណ៍នៅឡើយទេ អ្វីដែលអាចធ្វើបាន បើសិនដឹងខ្លួនថាឆ្លង ត្រូវមើលថា បើអាការៈមិនធ្ងន់ធ្ងរ ត្រូវព្យាយាមហូបរបស់ល្អៗសម្រាប់សុខភាព និងទុកឲ្យប្រព័ន្ធភាពសាំរាងកាយជាអ្នកបណ្តេញមេរោគចេញដោយខ្លួនឯង តែបើកើតមានបញ្ហាដូចជា ហើមសួត ឬផ្សេងៗទៀត ត្រូវត្រឡប់ទៅរកពេទ្យភ្លាមៗ អ្វីដែលសំខាន់ ត្រូវឃាំងខ្លួនឯងនឹងកន្លែង កុំប្រាស្រ័យទាក់ទងអ្នកផ្សេងក្នុងរយៈពេល ១៤ថ្ងៃ។
សម្រាប់តារាប្តីប្រពន្ធទាំង២ ពេលនេះកំពុងឃាំងខ្លួនឯងមួយកន្លែង ដើម្បីទទួលការព្យាបាល នឹងជាទំនួលខុសត្រូវដល់សង្គម។ បើមានអ្វីអាប់ឌេតបន្ថែម យើងនឹងជូនជាដំណឹងបន្តទៀត។
កុំភ្លេចពាក់ម៉ាស និងលាងដៃឲ្យបានញឹកញាប់រាល់ពេលចេញទៅទីសាធារណៈ????????