នំប៉ែនចុក ក្រោយមកត្រូវបានកម្លាយហៅថាជា នំបញ្ចុក ត្រូវបានស្គាល់ថាជានំមួយប្រភេទដែលពេញនិយមរបស់ជនជាតិខ្មែរ។ ដោយនំមួយនេះ ត្រូវបានទទួលទានជាមួយទឹកសម្លរ ទើបនៅតាមភូមិស្រុកខ្លះបានច្នៃទឹកសម្លរ ទៅតាមរសជាតិដែលខ្លួនចង់ និងចូលចិត្ត។ ទឹកសម្លរទាំងនោះ ខ្លះមានជាសម្លរប្រហើរ ខ្លះក៏ជាការី ឯខ្លះក៏ជាទឹកស៊ុប តែមកដល់សៀមរាបវិញ មកដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង ដែលទេសចរភាគច្រើនធ្វើដំណើរឆ្លងកាត់ តែងតែឈាងចូលមក។ នោះជាតូប #នំបញ្ចុកទឹកអំបិលប្រហុក ដែលប្លែកពីគេ នំបញ្ចុកនោះ គេទទួលទានជ្រលក់ជាមួយទឹកអំបិលប្រហុក ហើយអន្លក់វិញគឺជាបន្លែស្រុះឆ្អិន តែ៣មុខប៉ុណ្ណោះមានស្ពៃក្ដោប ត្រកួន និងសណ្ដែកកួរ។
អានអត្ថបទប្រវត្តិនំប៉ែនចុក (នំបញ្ចុក) ចុចត្រង់នេះ
អ្នកទិញតម្រង់ជួរគ្នាចាំទិញយ៉ាងត្រៀបត្រា ព្រោះមិនងាយទេដែលបានទទួល នំបញ្ចុក ដែលមានរសជាតិប្លែកពីគេ ហើយនំទៀតសោតគឺ ធ្វើភ្លាមៗនៅនឹងមុខ ក្ដៅៗ ស្រង់ចេញពីឆ្នាំង ចាប់ដាក់កញ្ច្រែងតូចៗ ទ្រាប់នឹងស្លឹកឈូក ដែលអ្នកលក់និយាយប្រាប់ថា ក្នុងមួយថ្ងៃគាត់លក់អស់នំបញ្ចុកប្រហែលជា ២០០គីឡូ ឯណោះ។
ចំណែកឯទឹកជ្រលក់វិញ មានជម្រើសសម្រាប់អ្នកទទួលទានទៀត គឺមាន រសជាតិហិរ និងរសជាតិធម្មតា តែសម្រាប់អ្នកចូលចិត្តហិរវិញដឹងតែត្រូវមាត់ហើយ គឺថាទទួលទានបណ្តើរបែកញើសបណ្តើរ។ សម្រាប់រូបមន្តវិញ គាត់បានប្រាប់ថា មិនមានបន្សល់ពីណាមកទេ គឺគាត់ច្នៃប្រតិដ្ឋដោយខ្លួនឯង និងទទួលបានពីការសាកល្បងភ្លក្សរបស់ភ្ញៀវដែលមកចូលមកទទួលទាន។
បើនិយាយពីតម្លៃវិញ គឺសមរម្យបំផុត ក្នុងមួយចានមានតម្លៃតែ ៣០០០៛ ប៉ុណ្ណោះ។
នំបញ្ចុកទឹកអម្ពិលប្រហុកនេះមានទីតាំងនៅមុខប្រាសាទអង្គរ ជ្រុងកសិណខាងជើង ដូច្នេះពេលមកដល់សៀមរាប ពេលទៅលេងប្រាសាទ កុំភ្លេចឈាងចូលសាកល្បង និងគាំទ្រម្ហូបចំណីក្នុងស្រុកយើងផងណា៎!