តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។
ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំ អច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២០នេះ។
ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់បំផុតដើម្បីឲ្យរាល់ដំណើរការទាំងអស់នៃប្រតិបត្តិការប្រព្រឹត្តិទៅដោយគុណភាព និងជោគជ័យ។
វីតាល់ជាក្រុមហ៊ុនតែងយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព សេវាកម្ម និងចូលរួមចំណែកក្នុងកិច្ចការសង្គម ដែលបានធ្វើឲ្យក្រុមហ៊ុនទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ដោយបានក្លាយខ្លួនទៅជាទឹកពិសាឈានមុខគេនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនទឹកពិសាវីតាល់ បានបង្កើតឡើងក្នុងឆ្នាំ២០១០ដោយអ្នកវិនិយោគទុនជនជាតិខ្មែរ ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិ ផលិតផលក្នុងស្រុក និងទីផ្សារការងារក្នុងប្រទេស។ នាពេលបច្ចុប្បន្ន ទឹកពិសាវីតាល់ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីបងប្អូនប្រជាពលរដ្ឋខ្មែរសឹងតែគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជា។