Ad
Ad
ត្រឹមកំពតម្នាក់ឯង #ALONEBUTNOTALONE

ត្រឹមកំពតម្នាក់ឯង #ALONEBUTNOTALONE

By

វា​ចាប់​ផ្តើម​ពេល​ដែល​អា​រម្មណ៍​ធុញ​ថប់​និង​ពេល​វេលា​ប្រចាំ​ថ្ងៃ​ដែល​ជួប​ប្រទះ​នូវ​រឿង​ដដែលៗ​ ដែល​ជំរុញ​ឲ្យ​គំនិត​ដែល​ចង់​ទៅ​កន្លែង​មួយ​ម្នាក់​ឯង​ដែល​មិន​ជួប​មនុស្ស​ម្នា​ដែល​ស្គាល់​គ្នា​ ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញ​ក៏​ចុះ​ទៅ​សួរ​នាំ​អំពី​សំ​បុត្រ​ ចៃ​ដន្យ​សំបុត្រ​នៅ​សល់​តម្លៃ​ក៏​សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ​ដោយ​គិត​ថា​លើក​នេះ​នឹង​ធ្វើ​ដំ​ណើរ​កំ​សាន្ត​នឹង​មិន​ចាំ​បាច់​មាន​ផែន​ការ​ច្បាស់​លាស់​ទេ ​នឹក​ឃើញ​ចង់​ទៅ​ណា​ក៏​ទៅ​ភ្លាម​ហ្មង​ទៅ

ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។

មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ Free Beer ណ្ហើយគេ Free ហើយក៏យកទៅតែទិញភីហ្សាមួយដែរទុកញ៉ាំ ហើយក៏បានជួបមិត្តភក្តិថ្មីម្នាក់ទៀត Josh គាត់មកម្នាក់ឯងដែរ។ ជឿទៅថាមនុស្សមិនឯការដើរលេងម្នាក់ឯងយ៉ាងណាក៏នៅជួបមិត្តភក្តិថ្មីដែលចុងក្រោយដើរលេងជាមួយគ្នាទាល់តែបាន។

ស្អែកឡើងបបួលគ្នាជួលម៉ូតូជិះដើរលេង Josh ថាគាត់ចង់ទៅលេងឆ្នេរកែប ហើយក៏នាំគ្នាជិះម៉ូតូទៅ ពីរនាក់មិនបានសម្រេចមានមិត្តភក្តិគាត់ដែលបានជួបលើឡានក្រុងម្នាក់ទៀតឈ្មោះ Andrew (Andy) ដើរលេងម្នាក់ឯងដែរ និយាយទៅនិស្ស័យរបស់អ្នកដើរលេងម្នាក់ឯង ចេះរកគ្នាឃើញ។ ទៅដល់កែបចូលផ្សារក្តាមទិញគ្រឿងសមុទ្រ ផ្លែឈើហើយក៏ជិះឡើងទៅដល់ឆ្នេរកែប ក៏អង្គុយញ៉ាំអីនៅឯនោះទៅ។

និយាយពីតាមផ្លូវត្រឡប់មកវិញ ទាញ Google Map មើលភ្នំកំពង់ត្រាចតែ ៣០នាទីពីកែប ទាញម៉ូតូប្រ៊ុយ។ តែមិនមែនថា Google Map នាំទៅដល់ភ្លាមទេ គឺវង្វេងអស់ពីរដងទើបទៅដល់។ ដល់ភ្លាមសប្បាយចិត្តភ្លាមព្រោះធ្លាប់តែឃើញល្អាងដែលទឹកពណ៌ខៀវស្រងាត់តាមអ៊ីនធើណិត ឥឡូវបានមកឃើញផ្ទាល់។ ថតៗៗៗ ក្រឡេកមើលពីរនាក់នោះ លោតទឹកប្រូងៗអស់ គេឡើងសប្បាយព្រោះទឹកឡើងត្រជាក់ អារម្មណ៍ស្រស់ស្រាយហ្មង។

បន្តឡើងដល់ល្អាងខាងលើភ្នំ ក៏បានជួបអ៊ុំស្រីម្នាក់ដែលគាត់ជាអ្នកមើលថែរក្សាអបីជំនឿនៅភ្នំកំពង់ត្រាចនោះនិទានរឿងរាងដែលទាក់ទងនឹងភ្នំនោះទាំងរឿងរ៉ាវជាក់ស្តែង និងបែបអរូបិយ (មើលវីដេអូនាទីទី៨៖២០) គាត់ដំណាលពីល្អាងព្រះអាទិត្យ និងល្អាងព្រះចន្ទ និងភ្នំដែលនៅក្នុងតំបន់កំពង់ត្រាច។

គិតថាដល់ពេលត្រឡប់មកវិញក៏ចេញដំណើរបកទៅកំពតវិញតែកាត់តាមកែបដដែល តាមផ្លូវក៏ជួបរឿងស៊យមួយគឺដួលម៉ូតូ ដែលរលាត់សាច់ទាំងខ្ញុំទាំង Josh ប៉ុន្តែមិនសូវជាធំដុំទេ តែឈឺខ្លួនដែរនឹង។

សុំផ្អាកនិទានរឿងរ៉ាវនៃដំណើរទេសចរណ៍ម្នាក់ឯងតែមិនឯការត្រឹមនេះចុះ គ្រាន់តែចង់បង្ហាញថាពេលខ្លះដើរទៅណាមកណាម្នាក់ឯងៗ អាចឲ្យយើងមានពេលវេលាច្រើនជាងមុនសម្រាប់ខ្លួនឯង​ ហើយក៏អាចជួបមិត្តភក្តិថ្មី និង បទពិសោធន៍ប្លែកៗ។ អញ្ចឹងគួរសាកល្បងម្តងទៅ ថាទៅរួចទេពេលដើរលេងម្នាក់ឯងនោះ!

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត