“វ្យាធរបុរៈ” ឈ្មោះនេះប្រហែលៗទេ? អារ្យធម៌ស្រុកនេះខ្ពង់ខ្ពស់តាំងតែពីបុរេអង្គររៀងមក ដែលយើងប្រហែលជាពុំបានឮពីមុនសោះ។
“អង្គរបុរី” ត្រូវបានអ្នកបុរាណវិទូជាច្រើនអះអាងថាឈ្មោះ វ្យាធបុរៈ ឬក៏ វ្យាធបុរី ដែលជាអតីតរាជធានីមួយដ៏ចំណាស់មួយរបស់ខ្មែរតាំងពីមុនសម័យមុនអង្គរ ដែលគេបានស្គាល់កាន់តែច្បាស់ក្នុងសម័យកាល អាណាចក្រហ្វូណន ដែលមានអារ្យធម៌ដ៏ចំណាស់លាតសន្ធឹងទៅទិសខាងកើត និងខាងត្បូងក្នុងទឹកដីវៀតណាមសព្វថ្ងៃ ខាងលិចក្នុងទឹកដីថៃរហូតទល់នឹងឧបទ្វីបម៉ាឡេស៊ីសព្វថ្ងៃ ដែលគេស្រាវជ្រាវឃើញតឹងតាងជាច្រើននៅតាមស្ថានីយ៍សំខាន់ៗបី នៃអាណាចក្រនេះ ស្ថានីយ៍អូរកែវ (បច្ចុប្បន្នក្នុងទឹកដីវៀតណាមភាគខាងត្បូង) ស្ថានីយ៍បាភ្នំក្នុងខេត្តព្រៃវែង និងស្ថានីយ៍អង្គរបុរីក្នុងខេត្តតាកែវ។
ទីក្រុងបុរាណមួយនេះ ត្រូវបានអ្នកស្រាវជ្រាវ រុករកឃើញ ស្លាកស្នាម ជាគូទឹក និងកំពែងទីក្រុងធ្វើពីឥដ្ឋមានកម្ពស់ពី៦ទៅ៨ម៉ែត្រ ទទឹងប្រវែង១ម៉ែត្រ ដែលមានប្រវែងជិត៦គីឡូម៉ែត្រ។ ហើយពេលថ្មីៗនេះនៅស្រុកអង្គរបុរី គេក៏បានប្រទះឃើញវត្ថុបុរាណដូចជា អង្កាំ ធ្វើពីកែវ និងកុលាលភាជន៍ ព្រមទាំងសំណល់គ្រោងឆ្អឹងសព្វមនុស្សបុរាណដែលបានផ្ដល់ជាភស្តុតាងថា អង្គរបុរីនេះ មានអាយុកាលតាំងពីមុនគ.សមកម៉្លេះ។ តាមរយៈការស្រាវជ្រាវទាំងអស់នេះគេក៏បានដឹងផងដែរថា អង្គរបុរីមានសំណង់ប្រាសាទបុរាណយ៉ាងតិចណាស់ក៏ចំនួន១០ដែរ ដែលមានកាលបរិច្ឆេទចាប់ពីស.វទី១នៃគ.សទៅ ប៉ុន្តែសព្វថ្ងៃនេះគេឃើញនៅសល់រូបរាងជាប្រាសាទបុរាណនៅទីនោះតែ២គត់គឺ ប្រាសាទអាស្រមមហាប្ញស្សី ឬ អាស្រមមហាឥសី និងប្រាសាទភ្នំដា។
“ប្រាសាទអាស្រមមហាប្ញស្សី ឬអាស្រមមហាឥសី” ជាប្រាសាទចំណាស់ជាងគេរបស់ខ្មែរប្រហែលជាសាងសង់នៅចុងសតវត្សទី៦ មានទំហំ 5.5 ម៉ែត្រ គុណនិង 5.5 ម៉ែត្រ និងមានកម្ពស់ 8 ម៉ែត្រ។ ប្រាសាទតូចមួយនេះមានមានជញ្ជាំង ២ ជាន់។
“ប្រាសាទភ្នំដា” កសាងឡើងពីថ្មបាយក្រៀមនៅកំឡុង សតវត្សរ៍ ទី១១ នៅលើគ្រឹះចាស់នៃប្រាសាទធ្វើពីឥដ្ឋដែលត្រូវបានគេកំណត់អាយុកាលកសាងតាំងពី សតវត្សរ៍ ទី៥ ឬទី៦ ដែលមានទំហំ 12 ម៉ែត្រ គុណនិង 12 ម៉ែត្រ កម្ពស់ 18 ម៉ែត្រ ហើយនៅលើភ្នំដាជិតប្រាសាទនេះក៏មានរូងសិប្បនិម្មិតចំនួន 5 នៅតាមចង្កេះភ្នំដា ដែលគេស្គាល់ថាជាអារ្យធម៌របស់ហ្វូណនដែលគេលុងភ្នំធ្វើជាទីសក្ការៈ។
ក្រៅពីប្រាសាទ ទីរួមស្រុកអង្គបុរី ក៏មានសារមន្ទីរថ្នាក់មួយគឺ “សារមន្ទីរស្រុក អង្គរបុរី” ដែលត្រូវបានគេផ្តួចផ្តើមកាលពីឆ្នាំ២០០៦ ដោយសារចំនួននៃវត្ថុមានច្រើនលើសលប់ ទោះបីជាខេត្តតាកែវមានសារមន្ទីរថ្នាក់ខេត្តក៏ដោយ ក៏ហាក់ដូចជាពុំមានទំហំគ្រប់គ្រាន់ សម្រាប់ទុកដាក់វត្ថុបុរាណទាំងនោះ ហើយប្រសិនបើបញ្ជូនមកសារមន្ទីរជាតិភ្នំពេញក៏ដូចជាចំណាយពេលវេលានិងថវិកាច្រើន ដូចនេះគេក៏បានបង្កើតសារមន្ទីរថ្នាក់ស្រុកនេះឡើងសម្រាប់តម្កល់នូវវត្ថុបុរាណផ្សេងៗដែលគេមានសេសសល់នៅក្នុងតំបន់ ក៏ដូចជាតឹងតាងផ្សេងៗដែលគេបានធ្វើកំណាយឃើញ ហើយក៏ជាកន្លែងមួយសម្រាប់ភ្ញៀវទេសចរ និងសិស្សនិស្សិត អាចស្វែងយល់ និងទទួលបានព័ត៌មានអំពីប្រវត្តិសាស្ត្រសម័័យនគរភ្នំផងដែរ។
វត្ថុបុរាណដែលរក្សាទុកនៅក្នុង សារមន្ទីរស្រុក អង្គរបុរី ត្រូវបានបែងចែកជា៤ប្រភេទគឺ៖ ប្រភេទថ្ម ប្រភេទដីដុត ប្រភេទឆ្អឹង និងប្រភេទស្ពាន់។ វត្ថុបុរាណភាគច្រើនប្រមូលពីបណ្តាឃុំនានា នៅក្នុងស្រុកអង្គរបុរី ជាពិសេសភាគច្រើននៅក្នុងឃុំព្រែកផ្ទោល និងឃុំអង្គរបុរី។ រឿងរ៉ាវទាំងនេះពិតជាអ្វីមួយដែល ឆ្លុះបញ្ចាំងពីអារ្យធម៌នៃជនជនខ្មែរយើងតាំងពីយូរលង់មកហើយ ដូចនេះប្រសិនបានមានពេលឆ្លៀតបាន យើងគួរតែមានពេលវេលាខ្លះទៅសិក្សា ស្វែងយល់ ដឹងឮអំពីវាឲ្យបានកាន់តែច្រើន កាន់តែល្អ៕