Ad
Ad
"ទទឹងថ្ងៃ" ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សី

“ទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានី ហរិហរាល័យ ហុំព័ទ្ធដោយព្រៃឬស្សី

ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…
ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។

By

ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…
ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។

ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងសៀមរាប តែផ្លូវធ្វើដំណើរក៏ពុំមានអ្វីជាឧបសគ្គធំដុំដែរ។ មកដល់ប្រាសាទនេះអ្នកនឹងប្លែកអារម្មណ៍ ច្បាស់ណាស់ដែលប្រាសាទបុរាណសតវត្សរ៍ទី១០ មួយនេះត្រូវបានបាក់បែកស្ទើរទាំងស្រុង ប៉ុន្តែស្លាកស្នាមដែលនៅសេសសល់បានបង្កើតចេញជាទិដ្ឋភាពមួយដែលធ្វើឲ្យទេសចរចង់ទស្សនា និងផ្តិតយករូបភាព ជាមួយនឹងស៊ុមទ្វារជាច្រើនដែលនៅបញ្ឍរពាសពេញផ្ទៃប្រាសាទ បើទោះបីជាតួប្រាសាទត្រូវបានរលំរប៉ាត់រប៉ាយក្តី។

អ្វីដែលពិសេសជាងនេះទៀត ប្រសិនបើបានជាទៅដល់នាពេលរសៀលវិញ ពន្លឺព្រះសូរិយាដែលជះចូលបរិវេណប្រាសាទ កាត់ព្រៃឬស្សីដែលដុះស្តុកនៅជុំវិញប្រាសាទ បង្កើតបានជាទេសភាពមួយគួរជាទីគយគន់ អន្លង់អន្លោច ស្រណោះស្រណោក អមជាមួយនឹងសំឡេងបក្សីយំអើងកងពេញព្រៃ ពិតជាប្លែកខុសពីអារម្មណ៍ដែលនៅប្រាង្គប្រាសាទក្នុងតំបន់អង្គរ។

គួរបញ្ជាក់ថា ប្រាសាទទទឹងថ្ងៃ នេះជាប្រាង្គប្រាសាទបុរាណខ្មែរសម័យដើមអង្គរ សាងសង់នាសតវត្សរ៍ទី១០ (គេពុំបានដឹងថាស្ថិតនៅក្នុងរជ្ជកាលមហាក្សត្រអង្គណាទេ) ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ ទីឋាននៃប្រាសាទនេះមានស្រះមួយនៅពីមុខ កសិណទឹកព័ទ្ធជុំវិញ ជាមួយនឹងព្រៃឬស្សី ហើយជាប្រាសាទដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដោយនៅក្នុងបរិវេណប្រាសាទ គេឃើញមានសេសសល់ជើងទម្រ២ ដែលទម្រមួយមានក្បាច់ជាត្របកឈូក រូបរាងជាយោនីនាងឧមា ឯមួយទៀតមិនមានរូបរាង ឬព័ត៌មានច្បាស់លាស់អំពីការប្រើប្រាស់ទេ។

ប្រសិនជាបានទៅលេងក្រុមប្រាសាទបាគង កុំភ្លេចឆ្លៀតចូលប្រាសាទទទឺងថ្ងៃផង ព្រោះទិដ្ឋភាពនៃប្រាសាទមួយនេះជាទិដ្ឋភាពមួយដែលកម្របានឃើញ និងគួរឲ្យចងចាំ!!!

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត