ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។
ជាមួយនឹងសំណង់អគារចំណាស់ៗដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម និងសម័យអាណានិគមនិយមបារាំង នៅពាសពេញប្លុកកណ្តាលក្រុងកំពង់ចាម ជាពិសេសម្តុំផ្សារធំ គឺពិតជាធ្វើឲ្យអារម្មណ៍ស្រម៉ៃទៅកាន់ជំនាន់នោះថាតើកាលពីសំណង់អគារទាំងនេះនៅថ្មីស្រឡាង តើវាប្លែកភ្នែក និងមានសោភ័ណភាពយ៉ាងណាទៅ?
បើនិយាយពីអ្នកកំពង់ចាមវិញពេលសួរនាំគាត់អំពីអគារសំណង់ចាស់ៗទាំងនោះគឺពួកគាត់ហាក់ដូចជាពោរពេញទៅដោយចិត្តស្រឡាញ់និងចង់អភិរក្សរក្សារទុក ដោយមានមីងអ្នកលក់បង្អែមម្នាក់នៅមុខផ្សារធំ គាត់និយាយថា “ផ្ទះមីងក៏សល់តាំងពីសង្គម ហើយរស់នៅស្រណុកសុខស្រួលណាស់”ប្រសិនបើអ្នកឆ្លងស្ពានគីហ្សូណា ទៅត្រើយម្ខាងនៅខាងឆ្វេងដៃអ្នកនឹងឃើញច្បាស់ជាប៉មមួយពណ៌ក្រហមក្រម៉ៅដូចជាអគារចំណាស់ល្បីៗនៅក្រុងភ្នំពេញអញ្ចឹង ដែលសេសសល់តាំងពីជំនាន់អាណានិគមនិយមបារាំង ហើយអ្នកដែលបានទៅដល់អាចឡើងបាន តែហាក់ដូចជាខ្ពស់និងចោតបន្តិច ដែលពេលទៅដល់ខាងលើអាចឲ្យអ្នកឃើញទិដ្ឋភាពដ៏ស្រឡះភ្នែកនៃក្រុងកំពង់ចាម ភ្ជាប់ដោយស្ពានគីហ្សូណា។
ប្រសិនបើអ្នកមានពេល ឬចង់លំហែរអារម្មណ៍ជាមួយនឹងកន្លែងថ្មីៗ អ្នកគួរតែសម្លឹងមើលខេត្តកំពង់ចាមទៅព្រោះថាក្រៅពីសំណង់អគារទាំងនេះ ខេត្តនេះក៏មានតំបន់ទេសចរណ៍ដទៃទៀតដូចជា ព្រះវិហារបុរាណ ប្រាសាទបុរាណ កោះធម្មជាតិ និងតំបន់ទេសចរណ៍បែបសហគមន៍ផងដែរ។
#ដើរលើសពីលេង ពី DERtination