Ad
Ad
ធម្មជាតិប្លែកភ្នែក ឯនាយជាយដែនកម្ពុជា-ឡាវ ល្មមសម្រាប់ថ្ងៃឈប់សម្រាកខាងមុខ

ធម្មជាតិប្លែកភ្នែក ឯនាយជាយដែនកម្ពុជា-ឡាវ ល្មមសម្រាប់ថ្ងៃឈប់សម្រាកខាងមុខ

ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។

By

ស្ទឹងត្រែង គឺជាខេត្តមួយដែលស្ថិតនៅឯភាគប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។ បើទោះបីចម្ងាយពីភ្នំពេញ ទៅខេត្តស្ទឹងត្រែងហាក់បីដូចជាឆ្ងាយបន្តិចក៏ពិតមែន តែនៅពេលដែលអ្នកបានមកដល់ខេត្តដ៏ស្រស់ស្អាតមួយនេះ អ្នកនឹងភ្លេចអស់ជាមិនខានរឿងនឿយហត់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះតែអ្វីដែលអ្នកបានឃើញ និងកម្សាន្ត គឺស័ក្តិសមនឹងការចំណាយរបស់អ្នក។

ដងទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែង  គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដោយទេសចរអាចរកទូកជួលបែបឯកជន (តម្លៃអាចទៅតាមចំនួនមនុស្ស រយៈពេល ចំណាយ និងរដូវកាល) សម្រាប់ជិះមើលព្រៃលិចទឹក ដែលមានឬស និងដើមកោងទេទៅតាមកម្លាំងទឹកហូរ ទស្សនាជម្រកសត្វស្លាបនៅតំបន់រាមសារ ដែលជាតំបន់កំពុងអភិរក្ស និងគយគន់សត្វផ្សោតនៅអន្លង់ផ្សោតក្នុងតំបន់ល្បាក់ខោលឯព្រះរំកិល។ បន្ថែមទៅលើនេះទៀត ស្ទឹងត្រែងជាខេត្តមួយសំបូរទៅដោយកោះធម្មជាតិ មានដូចជាកោះហាន កោះលន កោះល្ងរ ជាដើម ដោយកោះនីមួយមានលក្ខណៈពិសេស និងទាក់ទាញផ្សេងៗគ្នា។

សម្រាប់កោះហាន (អ្នកស្រុកនេះបង្កើតជាសហគមន៍ទេសចរណ៍មួយថ្មី ហៅឈ្មោះថា កោះខេ) ប្រសិនបើអ្នកគ្មានយាន្តជំនិះទេ អ្នកអាចជួលម៉ូតូសម្រាប់ជិះ (ប្រមាណជា ១០ដុល្លារក្នុងមួយថ្ងៃ មានសាំងស្រាប់) ឆ្លងពីស្ពានសេកុងប្រមាណពី ១៥ ទៅ ២០នាទី នៅខាងឆ្វេងដៃអ្នកនឹងឃើញស្លាកបដា សហគមន៍ទេសចរណ៍ធម្មជាតិ កោះខេ គ្រាន់បត់ចូលតាមនោះបន្តិចនឹងដល់កំពង់ចម្លងដែលអ្នកអាចឆ្លងទៅដល់កោះនោះហើយ ដោយតម្លៃឆ្លងទៅមកគឺចំនួន ២០០០រៀលខ្មែរតែប៉ុណ្ណោះ។

អ្វីដែលជានិមិត្តរូបប្រចាំខេត្តមួយនេះ គឺទឹកធ្លាក់ព្រះសុភ័ក្រមិត្ត (ចំណែកអ្នកស្រុកព្រះវិហារហៅថា ទឹកធ្លាក់ព្រះនិម្មិត) ដែលស្ថិតនៅតំបន់ត្រីកោណណៃព្រំដែនកម្ពុជា (ខេត្តព្រះវិហារ​ និងខេត្តស្ទឹងត្រែង) និង ប្រទេសឡាវត្រង់់តំបន់កោះ៤០០០ (​Si Phan Don)។ តំបន់នេះជាគោលដៅសំខាន់ដែលអ្នកមកទស្សនាខេត្តស្ទឹងត្រែងពុំគួររំលងនោះឡើយ ព្រោះថាសម្រស់ទឹកធ្លាក់ដែលមានសភាពគួរឲ្យស្រៀវស្រាញ នឹងសម្លេងទឹកជ្រោះហូរបោកជាមួយថ្មលាន់រំពង ព្រមជាមួយទឹកដ៏ត្រជាក់រហឹមគួរឲ្យចង់ហែលលេងកម្សាន្ត។ ជាពិសេសគឹទេសចរនឹងមិនខ្លាចថាខ្វះរបស់ញុំានោះឡើយ ព្រោះនៅទឹកធ្លាក់សុភ័ក្រមិត្ត ពោរពេញទៅដោយខ្ជុះលក់ចំណីអាហារឆ្ងាញ់ៗយ៉ាងសំបូរបែប។

ក្រៅពីរមណីយដ្ឋានបែបធម្មជាតិ ខេត្តស្ទឹងត្រែងក៏មានបង្កប់ខ្លួនទៅដោយរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនដូចជា វត្តស្រះកែវមុនីវណ្ណ ប្រាសាទភ្នំព្រះធាតុ ប្រាសាទព្រះគោ ដែលខ្លះមានសភាពរាងទ្រុឌទ្រោម ខ្លះក៏បានបាក់បែកជាច្រើនអន្លើរទៅហើយ តែក៏នៅមាន​ភាពទាក់ទាញសម្រាប់ទេសចរមកទស្សនាកម្សាន្តនិងស្វែងយល់។ គិតយ៉ាងម៉េចដែរ? ថ្ងៃឈប់សម្រាកខាងមុខនេះមានគម្រោងហើយឬនៅ?

ធម្មជាតិប្លែកភ្នែក ឯនាយជាយដែនកម្ពុជា-ឡាវ ល្មមសម្រាប់ថ្ងៃឈប់សម្រាកខាងមុខ
Ad
Ad

Leave a Reply

អត្ថបទដទៃទៀត