ស្គាល់ហើយសៀមរាបមែនទេ? ប៉ុន្តែបើថាស្គាល់អស់ដូចជាមិនសូវជាហ៊ានធានាទេ។ ដូចនេះ #DERtination ពី #Kampucheers សហការណ៍ជាមួយ Gold Smith Residence សូមណែនាំទិសដៅទេសចរខាងក្រោមនេះដែលមានភាពអស្ចារ្យហើយអ្នកអាចនឹងមិនធ្លាប់បានទៅដល់៖
ព្រះបាលីលេយ្យ៖
ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិចប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។
ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6
ព្រះលានស្តេចគម្លង់៖
ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ ប្រសិនបើទេសចរមើលពីខាងក្រៅគឺឃើញមានសភាពតូចតែបើចូលទៅខាងក្នុងកាច់កុងទៅតាមរចនាបថ ព្រមជាមួយនឹងចម្លាក់ដែលធ្លាក់ជាមួយនឹងទេវរាប់ពាន់អ្នកលើជញ្ជាំងដែលធ្វើឲ្យអ្នកឈរមើលផ្ជង់អារម្មណ៍នោះ យ៉ាងតិចក៏ត្រូវចំណាយពេល15-20នាទីដែលទើបចេញមកវិញ។ លក្ខណៈពិសេសមួយទៀតនៃចម្លាក់ក្នុងប្រាសាទនេះនៅដើមច្រកចូលអ្នកអោនមើលខាងក្រោម នឹងបានឃើញចម្លាក់ទេវជិះលើសត្វជាច្រើនដូចជា ក្តាម ត្រី ក្រពើ មករជាដើម។
ផែនទី៖ https://goo.gl/maps/wautGXtoFiJ5FgQL9
ព្រះវិហារប្រាំពីរល្វែង៖
ឈ្មោះជាវត្តប៉ុន្តែរូបរាងខុសពីវត្តបច្ចុប្បន្នដោយសារ ព្រះវិហារប្រាំពីរល្វែង ជាងអារាមសាសនាតាំងពីបុរាណកាលមក ដែលសង់លើខឿនប្រាសាទដែលមានឈ្មោះដូចគ្នាគឺ ប្រាសាទព្រះវិហារប្រាំពីរល្វែង។ ទេសចរអាចនឹងរំលងបុរាណស្ថានមួយនេះ តែធាតុពិតមិនឆ្ងាយទេ ហើយក៏មិនគួររំលងដែល គឺនៅក្រោយប្រាសាទសួរព័្រត្រ (ប្រាសាទនាងដប់ពីរ)។ ភាពលេចធ្លោរនៃអារាមមួយនេះគឺសង់ព័ទ្ធដោយខឿនបីជាន់ ដែលមានចម្លាក់សត្វតោ និងដំរីនៅគ្រប់ជ្រុង ហើយបច្ចប្បន្នគេបានសង់ជាបរិមារព្រះពុទ្ធទុកសម្រាប់ពុទ្ធបរិស័ទ្ធអុជធូប សុំសេចក្តីសុខចម្រើន។
ផែនទី៖ https://goo.gl/maps/kDsSarrAZYXeopce9
ក្ខោងទ្វារមរណៈ ឬក្ខោងទ្វារខ្មោច៖
ឈ្មោះនេះប្រហែលជាអាចធ្វើឲ្យទេសចរ ខ្លាចរអារមិនចង់ទៅទស្សនា ប៉ុន្តែការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះគឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នកមានឋានៈខ្ពង់ខ្ពស់នាសម័យបុរាណ។ ក្លោងទ្វារនេះជាក្លោងទ្វារមួយក្នុងចំណោមក្លោងទ្វារទាំង5 សម្រាប់ចេញចូលក្រុងអង្គរធំ ដែលទេសចរអាចចូលទៅដល់តាមផ្លូវរដាក់រដុបមួយនៅពីមុខច្រកចូលខាងកើតនៃប្រាសាទបាយ័ន។ ដោយសារក្លោងទ្វារមួយនេះមានសភាពស្ងប់ស្ងាត់ វាពិតជាពិសេសសម្រាប់អ្នកដែលចង់ថតរូបភាពស្អាតៗ ហើយអ្នកក៏អាចឡើងទៅលើកំពែងអង្គរធំតាមរយៈក្លោងទ្វារនេះ ដើម្បីមើលព្រះភ័ក្រ្តព្រះព្រហ្មមុខបួនបានយ៉ាងច្បាស់។
ផែនទី៖ https://goo.gl/maps/srBrS35BT4GFcQE66
អញ្ចឹងប្រសិនបើបានទៅខេត្តសៀមរាបលើកក្រោយ កុំភ្លេចទៅគោលដៅទាំង4ខាងលើនេះ ហើយចែករំលែកពីតំបន់ទេសចរណ៍ក្នុងស្រុកយើងលើបណ្តាញសង្គមផងណ៎ា!