Ad
Ad
បុរាណស្ថាន និង «ស្រះដំរី» ដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន ដែលកម្រមានទេសចរទៅដល់

បុរាណស្ថាន និង «ស្រះដំរី» ដ៏ពិសិដ្ឋលើខ្នងភ្នំគូលែន ដែលកម្រមានទេសចរទៅដល់

កាលវេលាដែលយើងចង់ដើរហើរកម្សាន្តទៅណាមិនរួច គឺជាពេលវេលាមួយដែលយើងនឹងទៅក្រឡេកមើលអនុស្សាផ្សេងៗ ពីដំណើរទស្សនាចរណ៍កន្លងមក។ ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។

By

ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ។

កាលបើបានទៅដល់ត្រឹមពើងប្រជៀវទេ ក៏បានចូលទៅក្នុងល្អាងភ្នំក៏ឃើញសុទ្ធតែសត្វប្រជៀ​វ រាប់ពាន់ក្បាល ដូចឈ្មោះមែន។ បន្តពីនេះទៀតត្រូវដើរតាមសណ្ឋានឡើងភ្នំជាង ៨០០ ម៉ែត្រ យើងនឹងមកដល់បុរាណស្ថានដ៏ពិសិដ្ឋនោះគឺ ស្រះដំរី នេះឯង។ ទីនេះស្រស់ស្អាតហួសពីការស្មាន មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។

ទាក់ទងនឹងរូបស្ដេចកង្កែបនេះ ធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក មានពណ៌ខៀវស្រងាត់ ។ ទើបព្រះមហាក្សត្រចាត់ឲ្យគេមកលបមើលឲ្យយល់ហេតុ ក៏ឃើញថាមានសត្វកង្កែបដ៏ធំមួយលើសអស់សត្វទាំងពួងកំពុងក្រាបនៅទីនោះ ។ ព្រះអង្គ និង ក្រុមរាជសេវកា​មាត្យ​បានរៀបផែនការ នឹងចាប់សត្វកង្កែបយក្សនោះឲ្យខានតែបាន ដើម្បីនាំទឹកភ្លៀង និង ភាពត្រជាក់ត្រជុំសម្រាប់ព្រះនគរ ។ (គេហទំព័រ ខេមរវិទ្យា)

យោងតាមសិលាចារឹកស្ដុកកក់ធំ ចារឹកក្នុងឆ្នាំ ១០៥១ ដោយគ្រួសារមន្រ្តីជាន់ខ្ពស់មួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបាទជ័យវរ្ម័នទី ២ និង ព្រះរាជវង្សានុវង្សក្រោយៗមកទៀតបានឲ្យដឹងថា៖
កាលអំពី ឆ្នាំ៨០២ ធូលីព្រះបាទ ព្រះកម្រតេងអញស្រីជ័យវម៌្មទេវ ព្រះបរមេស្វរៈ (ព្រះបាទជ័យវរ្ម័ន ទី២) ព្រះអង្គបានធ្វើពិធីបូជាវត្ថុសក្ដិសិទ្ធិប្រចាំព្រះនគរ “ព្រះគម្តែងជគត ត រាជ” (ព្រះសិវលិង្គ?) តាមបែបព្រហ្មញ្ញសាសនា ដើម្បីរំដោះព្រះរាជាណាចក្រទ្រង់ឲ្យរួចពីអំណាចជ្វា ហើយអំណះ ត ទៅ ព្រះអង្គនឹងក្លាយជាព្រះរាជាធិរាជនៃចក្រភពកម្ពុជទេស ដែលមានរាជធានីនៅមហេន្រ្ទបព៌ត ។

រាជធានីបុរាណលើខ្នងភ្នំគូលែននេះអាចថាធំប៉ុនរាជធានីភ្នំពេញយើងសព្វថ្ងៃ។ បើយោងតាមសៀវភៅឯកសាររបស់ក្រសួងបរិស្ថានបានឲ្យដឹងថា នៅលើភ្នំគូលែន មាន ៧១ប្រាសាទ ៥៦ពើង និងបុរាណស្ថាននានាចំនួន២៨ ផ្សេងទៀត សរុបទាំងអស់ចំនួន ១៥៥កន្លែង ៕

អត្ថបទដោយ៖ សី លីហៀង (សម្រួលដោយ ថៃ ឈៀងម៉េង)

ផែនទីទៅកាន់ស្រះដំរី៖

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត