បោះពួយពីភ្នំពេញ ឆ្ពោះទៅទឹកដីកំពង់ឆ្នាំងប្រមាណជាង ៤០គីឡូម៉ែត អ្នកនឹងឆ្លងកាត់ទីតាំងប្រវត្តិសាស្ត្រខ្មែរសំខាន់ៗដូចជា ឧដុង្គ និងលង្វែក។ ហួសលង្វែកតែបន្តិច នឹងមកដល់ស្រុកកំពង់ត្រឡាចដែលល្បីល្បាញថាមានទីអារាមបុរាណមួយ ដែលមានប្រវត្តិយូរលង់មកហើយ ជាមួយនឹងសិល្បៈគំនូរលើជញ្ជាំងព្រះវិហារដ៏ល្អឯក។
វត្តកំពង់ត្រឡាចលើ (វត្តពោធិរុក្ខារាម) ជាវត្តដែលមានអាយុកាលចំណាស់ជាងគេក្នុងដែនដីខេត្តកំពង់ឆ្នាំង ប្រមាណជាង ៣០០ឆ្នាំមកហើយដែលដូនតាខ្មែរបានចាប់ផ្តើមកសាងនា គ.ស ១៦៧២ ហើយដែលព្រះវិហារដែលនៅសេសសល់ដល់បច្ចុប្បន្នត្រូវបានកសាងតាំងតែពី គ.ស ១៨៤៧ ដំណាលគ្នានិង សាលធម្មសភា នៅខាងក្រោយព្រះវិហារ។
ព្រះវិហារបុរាណនេះមានទំហំ ១២ម៉ែត្រ x ២០ម៉ែត្រ ជាមួយហ្នឹងសសរចំនួន ៦២ដើម ហើយត្រូវបានសាងសង់នៅលើខឿនថ្មបាយក្រៀម ប្រៀបបានទៅហ្នឹងទីខឿនប្រាសាទបុរាណដែលជាទីស្ថានសក្ការៈខ្ពង់ខ្ពស់នៃជំនឿជនជាតិខ្មែរ។ ព្រះវិហារមានគូទឹកព័ទ្ធជុំវិញ ហើយនៅក្រោយព្រះវិហារមានស្រះទឹកតាំងពីបុរាណកាលធំៗចំនួន២។ រីឯសាលាធម្មសភាចាស់មានទំហំ ១៤ម៉ែត្រx ១៦ម៉ែត្រ ដោយជញ្ជាំងសាលាធម្មសភានេះធ្វើអំពីស៊ីម៉ង់មាន ឆ្អឹងជារនាបប្ញស្សី ដែលបច្ចុប្បន្នស្ថិតក្នុងស្ថានភាពទ្រុឌទ្រោមជាខ្លាំង។
អ្វីដែលជាភាពវិចិត្រនៃវត្តកំពង់ត្រឡាចលើនេះគឺ សិល្បៈគំនូរបុរាណលើជញ្ជាំង ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ដែលយោងតាម ព្រះចៅអធិការព្រះនាម តុដ្ឋធម្មោ ម៉ែន តុដ្ឋ បានមានសង្ឃដីកាថា នា គ.ស ១៨៥០ មានជាងគំនូរ២នាក់ ម្នាក់ឈ្មោះប៉ាល់ និង ម្នាក់ទៀតឈ្មោះ ជា បានគូររូបគំនូរនៅលើជញ្ជាំងព្រះវិហារ ហើយបានបន្សល់នូវស្នាដៃផាត់ពណ៌ដ៏ល្អវិចិត្រនេះរហូតមកដល់សព្វថ្ងៃ។ គំនូរបុរាណនៅលើជញ្ជាំងព្រះវិហារផ្នែកខាងត្បូង មានសភាពខូចខាតខ្លាំងជាងគេ រលុបស្ទើរមើលលែងឃើញទៅហើយ ចំណែកខាងជើង ខាងមុខ និងខាងក្រោយអាចមើលបានខ្លះ ។ ការខូចខាតនេះដោយសារតែដំបូលព្រះវិហារលិចទឹកហូរស្រក់លើផ្ទាំងគំនូរ កត្តាមួយផ្សេងទៀត គឺដោយសារសម័យ ប៉ុល ពត គេបានយកព្រះវិហារបុរាណនេះ ធ្វើជាកន្លែងគុកឃុំឃាំងមនុស្ស ជាឃ្លាំងស្តុកអំបិល និងជាកន្លែងបិតស្រាទៀតផង ដែលអាចធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទាំងគំនូរលើជញ្ជាំងព្រះវិហារ។
គំនូរបុរាណលើជញ្ជាំងព្រះវិហារវត្តកំពង់ត្រឡាចលើ មាន៤ប្រភេទ៖
– ទី១៖ រឿងរាមកេរ្តិ៍
– ទី២៖ ពុទ្ធជាតក
– ទី៣៖ ពុទ្ធប្រវត្តិ
– ទី៤៖ ជីវភាពរស់នៅ និងវប្បធម៌ប្រពៃណីជនជាតិខ្មែរសម័យឧដុង្គ។
តាមការស្រាវជ្រាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអោយដឹងថា រូបគំនូរទាំងនេះដូចគ្នា នឹងគំនូរក្នុងប្រាសាទព្រះកែវមរកតនៅក្នុងព្រះបរមរាជវាំងនិងមានអាយុកាលស្មើគ្នា៕
Great content! Super high-quality! Keep it up! 🙂
Thank you! we will keep this spirit 🙂