កាលពីគ្រាមុនបានលើកយកប្រធានបទ អារាមហ្លួង មកបង្ហាញឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ត DERtination និង Kampucheers ស្របជាមួយឱកាសភ្ជុំបិណ្ឌដែលកាន់តែជិតមកដល់អញ្ចឹង ក៏សូមលើកយក អារាមហ្ហួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) មួយផ្សេងទៀតមកបង្ហាញ។
ស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនឆ្ងាយប៉ុន្មានពីកោះសូទិន (ខេត្តកំពង់ចាម) ប្របជាមួយបារាយណ៍ទឹកមួយ នោះគឺ “វត្តព្រះធាតុបាស្រី” ។ សាងសង់ឡើងដោយយកលំនាំតាមប្រាសាទបុរាណខ្មែរ ដែលមានវិហារនៅពីមុខ ជាប់ជាមួយនឹងព្រះមណ្ឌបនៅពីក្រោយ ដែលទីកន្លែងទាំងពីរនេះសុទ្ធតែមានតម្កល់ព្រះពុទ្ធរូប។ វិហារត្រូវបានកសាងជាទម្រង់ព្រះវិហារបុរាណខ្មែរក្នុងកំឡុង ឆ្នាំ១៩៣០ ចំណែកឯព្រះមណ្ឌបត្រូវបានកសាងតាមលំនាំព្រះប្រាង្គរបស់ប្រាសាទបុរាណខ្មែរនា ឆ្នាំ១៩៥៣ បើយោងតាមសិលាចារឹកនៅខាងក្នុងព្រះមណ្ឌបនោះ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺមាន ចម្លាក់ព្រះភ័ក្រ្តទេវរូប នៅលើលម្អកំពូល ដែលបង្ហាញពីវិចិត្រភាព និងក្បាច់ក្បូររចនានៃសំណង់ដ៏ពិសិដ្ឋនេះ។ ក្រៅពីសម្លាក់ព្រះភ័ក្រ្ត គេក៏បានដឹងផងដែរថាអារាមនេះជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ដោយហេតុថាមានចម្លាក់ត្រាព្រះចៅផែនដី ឬព្រះចៅក្រុងកម្ពុជា នៅលើហោជាងនៃព្រះវិហារ និងក្លោងទ្វារចូល ដែលមានលម្អរផងដែរនូវចម្លាក់សត្វពស់មួយគូ ដែលអ្នកស្រុកតំណាលតៗគ្នាអំពីជំនឿដែលគេជឿថាមានវត្ថុបុរាណ ដែលត្រូវបានគេយកទៅកប់នៅខាងក្រោមព្រះមណ្ឌប ដោយមានបារមីចាំមើលថែរក្សា។ នៅក្នុងបវិវេណវត្តក៏ឃើញថាមានកុដិបុរាណជាមួយនឹងស្ថាបត្យកម្មប្លែក រូបរាងដូចជាសំណង់ផ្ទះពីរភ្ជាប់បញ្ចូលគ្នាដែលមានជណ្តើរឡើងរួមគ្នាមួយ ដែលខាងក្នុងឃើញមានលម្អរដោយរូបហង្សបែរមុខរកគ្នានៅតាមសសរធ្នឹម ដែលហាក់ដូចជាមិនធ្លាប់ប្រទះឃើញនៅកន្លែងណាផ្សេងឡើយ។
គួរឲ្យចាប់អារម្មណ៍ផងដែរ ដែលព្រះមណ្ឌបដ៏ប្រណីតមួយនេះ ត្រូវបានគេសង់នៅលើទីតាំងប្រាសាទបុរាណមួយ ដែលត្រូវបានបាត់បង់ទៅហើយ ដែលសេសសល់នូវស្លាកស្នាមមួយចំនួនដែលគេរក្សារទុកក្នុងវត្ត។ ចំណែកនៅខាងក្រៅបរិវេណវត្ត ក៏មានគ្រឹះប្រាសាទបុរាណចំនួនពីរផ្សេងទៀត ដែលស្ថិតនៅចំពីមុខវត្តតែម្តង ដែលខាងស្តាំជា ប្រាសាទវិហារគុក និងខាងឆ្វេងជា ប្រាសាទវិហារព្រះនិពាន្វ។ គួរឲ្យស្តាយដែលប្រាសាទទាំងនោះបានខូតខាតស្ទើរបាត់បង់រូបរាងទាំងស្រុងទៅហើយ។
តើយើងមានអារាមផ្សេងៗណាទៀត ដែលវិសេសវិសាលបែបនេះ?
ប្រភពព័ត៌មានពី ទាយាទអង្គរ
#Kampucheers #DERtination #Wat #PchumBen