“វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” បានថ្លាថ្លែងជាក់ច្បាស់អំពីតម្លៃនិងសារៈសំខាន់នៃវប្បធម៌ អរិយធម៌របស់ជាតិ ។ តួយ៉ាងដូចជាសិល្បៈ មិនថាការច្រៀង រាំ របាំ គំនូរ ចម្លាក់ ឆ្លាក់ចារផ្សេងៗសុទ្ធសឹងតែសំខាន់ និងមានតម្លៃកាត់ថ្លៃពុំបាន ដែលជាតំណាងអត្តសញ្ញាណជាតិសាសន៍ដែលមិនអាចឲ្យបរទេសណាបន្លំក្លែងបានឡើយ ។
យុវជន ពិសេសសិល្បៈករ សិល្បៈការិនីសម័យថ្មីនេះកំពុងមានចក្ខុវិស័យមួយស្រដៀងគ្នា ក្នុងការអភិរក្សថែរក្សាវប្បធម៌ដែលមានពីបុរាណមក ហើយអភិវឌ្ឍន៍ឲ្យមានអ្វីមួយថ្មីដែលសមស្របសម្រាប់ពេលបច្ចុប្បន្ននិងថ្ងៃអនាគត ។ ចំណុចរួមនេះហើយដែលបានដឹកដៃ Local4Local និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសល ឲ្យមានការរួមសហការគ្នាក្នុងការរៀបចំនូវកម្មវិធីប្រកួតសិល្បៈគំនូរដ៏អស្ចារ្យក្នុងពេលថ្មីៗនេះ ។
«ស៊ីក្លូនាពេលអនាគត» ជាកម្មវិធីប្រកួតសិល្បៈគំនូរបែបឌីជីថលដែលទទួលបានអ្នកចូលរួមរហូតដល់ ៦០ នាក់ ហើយឆ្លងតាមរយៈការវិនិច្ឆ័យយ៉ាងម៉ត់ចត់ពីសំណាក់គណកម្មាការកិត្តិយសទាំង ៥រូប ដែលមានដូចជា កញ្ញា Adana Mam Legros លោក Miguel Jeronimo លោក Peap Tarr លោក Fonki និងលោក អ៊ឹម សម្បត្តិ កម្មវិធីបានជ្រើសរើសរូបគំនូរចំនួន ៣៣ ផ្ទាំងឱ្យចូលមកវគ្គផ្ដាច់ព្រ័ត ហើយបានរៀបចំការតាំងពិព័រណ៍ក៏ដូចជាប្រកាសម្ចាស់ជ័យលាភីចំនួន ៣ រូប និងម្ចាស់ជ័យលាភីកិត្តិយសចំនួន ៣រូប នៅ FT Gallery ក្នុង Factory Phnom Penh ក្រោមការចូលរួមជាកិត្តិយសពីលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជាផងដែរ ។ កម្មវិធីប្រកួតសិល្បៈគំនូរក្រោមប្រធានបទ «ស៊ីក្លូនាពេលអនាគត»នេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយស៊ីក្លូកម្ពុជា ដោយសង្ឃឹមថាស៊ីក្លូនឹងមានគាំទ្រ និងមានការយកចិត្តទុក្ខដាក់ពីប្រជាជនកម្ពុជាឡើងវិញ ដើម្បីថែរក្សាការការពារយានជំនិះដែលមានប្រវត្តិយូរអង្វែងនេះកុំឲ្យបាត់បង់ តាមរយៈការចូលរួមពីសិល្បៈករយើងក្នុងការស្រមៃមើលពីការវិវត្តនៃរូបរាងរបស់ស៊ីក្លូដែលសមស្របតាមសម័យកាលនិងតម្រូវការរបស់អ្នកដំណើរក្នុងពេលបច្ចុប្បន្ននិងអនាគត ។
ក្រៅពីនេះ ទស្សនវិស័យចំពោះការប្រកួតនេះ គឺសង្ឃឹមថាគំរូស៊ីក្លូដែលសិល្បៈករយើងបានគូរនាពេលនេះអាចនឹងក្លាយជាការពិតក្នុងពេលអនាគត ។ កម្មវិធីក៏នឹងមានការដង្ហែរក្បួនស៊ីក្លូក្នុងរាជធានីភ្នំពេញ អមជាមួយដោយម្ចាស់ជ័យលាភីស្នាដៃគំនូរឌីជីថល យុរជន និងកុមារមកពីអង្គការមូលនិធិកុមារកម្ពុជា និងបុគ្គលិករបស់ក្រុមហ៊ុនព្រូដិនសលផងដែរ នាថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។