Ad
Ad
កេងចំណេញជាមួយផលវិជ្ជមាន 7យ៉ាង កំឡុងពេលវីរ៉ុសកំណាចវាយលុកពិភពលោក

កេងចំណេញជាមួយផលវិជ្ជមាន 7យ៉ាង កំឡុងពេលវីរ៉ុសកំណាចវាយលុកពិភពលោក

តើអាចទេដែលយើងគិតពីចំណុចវិជ្ជមានខ្លះ ដែលជាផលបានមកពីការកេងចំណេញ ក្នុងកាលៈទេសៈដែលគួរឲ្យស្អប់មួយនេះ? ចម្លើយគឺ ប្រាកដជាអាច ដែលចំណុចខាងក្រោមនេះអាចជាឧទាហរណ៍ងាយៗដែលអ្នកអាចធ្វើបាននៅផ្ទះ ដែលជះឥទ្ធិពលល្អសម្រាប់ជីវិតអ្នក

By

ពិតណាស់វីរ៉ុសមួយនេះពិតជាធ្វើឲ្យមនុស្សទូទាំងពិភពលោកខ្លាចរអារ ដោយសារការឆ្លងដ៏ងាយនិងឆាប់រហ័ស ដែលគិតត្រឹមថ្ងៃនេះ មានរហូតដល់ទៅ 157174 ករណី ដែលបានឆ្លងទៅកាន់ 153 ប្រទេសរួចមកហើយ។ អាចថានេះជាការព្រមាន ឬទណ្ឌកម្ម ពីព្រះជាម្ចាស់ ឬទេវតា ឬពីធម្មជាតិ ក៏អាចថាបាន ព្រោះយើងដឹងហើយថាមនុស្សបានបំពានធម្មជាតិ និងក្រឹត្យក្រមរស់នៅ យូរយារណាស់មកហើយ ដែលក្នុងករណីវីរ៉ុសកូរ៉ូណានេះជាក់ស្តែងគឺ ប្រភពឆ្លងមកពី ការបរិភោគសាច់សត្វព្រៃ។

វាពិតជាគួរឲ្យខ្លាច និងប្រុងប្រយ័ត្នជាទីបំផុត ដែលបានប៉ះពាល់ដល់មនុស្ស ជារួមមាន​ដូចជា៖ ការងារ ការប្រាស្រ័យទាក់ទង ហិរញ្ញវត្ថុ ការធ្វើដំណើរ សុខភាព ។ល។ ទោះបីជាចង់ ឬមិនចង់ ក៏មនុស្សភាគច្រើន ត្រូវបង្ខំចិត្តកាត់បន្ថយការចេញដើរនៅខាងក្រៅ ហើយនៅក្នុងផ្ទះវិញ ដើម្បីប្តូរនិងសុវត្ថិភាពផ្ទាល់ខ្លួន។

អញ្ចឹងប្រសិនបើនៅផ្ទះមែន ផលប៉ះពាល់ដែលបានរ៉ាយរ៉ាប់ខាងលើ អាចថាចៀសមិនរួចទៅហើយ តែយើងគួរសួរខ្លួនឯងថា តើអាចទេដែលយើងគិតពីចំណុចវិជ្ជមានខ្លះ ដែលជាផលបានមកពីការកេងចំណេញ ក្នុងកាលៈទេសៈដែលគួរឲ្យស្អប់មួយនេះ? ចម្លើយគឺ ប្រាកដជាអាច ដែលចំណុចខាងក្រោមនេះអាចជាឧទាហរណ៍ងាយៗដែលអ្នកអាចធ្វើបាននៅផ្ទះ ដែលជះឥទ្ធិពលល្អសម្រាប់ជីវិតអ្នក៖

1. ពេលវេលាអានសៀវភៅ៖ អ្នកអាចចំណាយពេលវេលារបស់អ្នកដែលអផ្សុកពេលនៅផ្ទះ ដោយទាញយកសៀវភៅ ឬ E-book ដែលមានប្រយោជន៍ ឬក៏សៀវភៅបែបកម្សាន្ត ដែលអាចផ្តល់នូវចំណេះដឹងបន្ថែម ឬក៏ អាចឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ បំបាត់នូវភាពអផ្សុកបានមួយកម្រិត។

2. ចំណាយពេលរៀបចំបន្ទប់៖ អាចថាពេលវេលារវល់នៅក្រៅផ្ទះ អាចធ្វើឲ្យអ្នក ឬក៏ម្តាយរបស់អ្នកតែម្តង ធ្លោយមាត់ថា “យី បន្ទប់វាដូចសំបុកកណ្តុរ!!!” អញ្ចឹងពេលនេះជាឱកាសសម្រាប់អ្នកសារភាពថា ដូចសំបុកកណ្តុរមែន ហើយបោសសម្អាត រៀបចំ ឡើងវិញ ព្រោះថាបរិយាកាសរស់នៅជុំវិញក៏ឆ្លុះបញ្ចាំងពីបែបបទរស់នៅ និងសុខភាពផ្ទាល់ខ្លួន ទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។

3. ចំណាយពេលវេលាជាមួយក្រុមគ្រួសារ៖ គ្រួសារពិតជាសំខាន់ ព្រោះថាមិត្តភក្តិជិតស្និទ្ធិប៉ុណ្ណាក័៏ដោយ ក៏មិនស្និទ្ធិដល់ក្រុមគ្រួសារទេ។ ប្រសិនបើអ្នកមានភរិយា ឬស្វាមី ឬមានកូនតូចៗ ឬក៏មានប៉ាម៉ាក់ដែលមានវ័យចំណាស់ទៀត គឺរឹតតែសំខាន់ ដូចនេះគួរប្រើពេលវេលា ដែលបានកាត់បន្ថយពីការចេញទៅក្រៅ មកបង្កើតអនុស្សាវរីយ៍ ដ៏កក់ក្តៅសម្រាប់ក្រុមគ្រួសារ ងាយៗបំផុតត្រឹម ធ្វើចម្អិនអាហារ ញ៊ាំជុំគ្នា គឺពិតជាល្អបំផុត។

4. ចាប់ផ្តើមគិតពីសុខភាពផ្ទាល់ខ្លួន៖ គឺអ្នកប្រាកដជាចាប់ផ្តើម មានអារម្មណ៍ថាខ្វល់ខ្វាយ ពីសុខភាពខ្លួនឯង ជាងមុន ខ្លាចឆ្លងវីរ៉ុស ខ្លាចចម្លងទៅអ្នកផ្ទះ។ ដូចនេះបើនៅផ្ទះ អ្នកនឹងមានពេលវេលា សួរខ្លួនឯង ផ្តល់ឲ្យខ្លួនឯងនូវជម្រើសដើម្បីទទួលបានសុខភាពល្អ ដូចជា ការពាក់ម៉ាស់ លាងដៃនិងទឹកអាកុល ឬសាប៊ូញឹកញាប់។

5. ដើរលេងមិនសំខាន់ សំខាន់សល់លុយ៖ ចំណុចនេះប្រាកដជាជះឥទ្ធិពលដល់មនុស្សជាច្រើន ដែលមានគម្រោងការដើរលេង ជាពិសេសគឺដំណើរកម្សាន្តទៅបរទេស​ តែនៅពេលដែលវីរ៉ុសបិសាចនេះរាលដាលពេញពិភពលោក អ្នកទាំងនោះភាគច្រើនត្រូវសម្រេចចិត្តលុបចោលដំណើរកំសាន្តទាំងទឹកភ្នែក។ តែគិតវិជ្ជមានវិញ ទោះបីជាឥឡូវនេះសំបុត្រយន្តហោះ ឬក៏កញ្ចប់ Tour ចុះថោកដល់ណា ក៏ប្រហែលជាមិនអាចទាក់ទាញ អ្នកបានដែរ ព្រោះថាអ្នកនៅខ្លាចរអារ នឹងការឆ្លងវីរ៉ុសមួយនេះ។ ទន្ទឹមនឹងនោះ លុយដែលសន្សំទុកដើរលេងក៏បានសល់ ហើយអ្នកនឹងគិតថា ពេលដែលវីរ៉ុសកំណាចនេះរសាត់បាត់​ អ្នកប្រហែលជាសល់លុយជាកញ្ចប់ធំ ដើរបានឆ្ងាយជាផែនការមុន។

6. លំហាត់ប្រាណបញ្ចេញជាតិពុលនៅផ្ទះ៖ ទៅហាត់ប្រាណនៅ Gym ប្រហែលជាមិនសូវគិតគូរទេ ព្រោះថាកន្លែងណាមនុស្សច្រើន គឺប្រាកដជាមិនចង់ទៅ។ តែនៅផ្ទះក៏ធ្វើលំហាត់ប្រាណបានដែរតើ ដែលអ្នកអាចកាច់ដៃ​ កាច់ជើង លោតអន្ទាក់ លើកដុំដែក ឬក៏ Yoga ក៏បាន។ កន្លែងណាក៏មិនសំខាន់ មានតែសុខភាពអ្នកទេដែលសំខាន់។ អញ្ចឹងកុំយកលេសថា មិនបានហាត់ប្រាណ ព្រោះមិនហ៊ានទៅ Gym។

7. មើលវីដេអូដែលមានប្រយោជន៍៖ ត្រូវអរគុណដល់បច្ចេកវិទ្យាទំនើប ដែលអ្វីៗគ្រប់យ៉ាងអាចរកបានតាមប្រព័ន្ធអីនធើណិត។ តែមិនមែនមានន័យថាគ្រប់យ៉ាងសុទ្ធតែមានប្រយោជន៍ទេ។ ដូច្នេះប្រសិនបើអ្នកនៅផ្ទះ មិនបានទៅណា គួរតែទាញទូរស័ព្ទក៏បាន កុំព្យូរទ័រក៏បាន ហើយមើលកម្រងវីដេអូមានប្រយោជន៍ជាច្រើនដែលមានលើអីនធើណិត ដូចជា TEDx, Tutorial, Business Talk Show ឬក៏វីដេអូដទៃទៀតដែលផ្តល់មកវិញនូវ ចំណេះ ជំនាញ និងគំនិត ដែលធ្វើឲ្យពេលវេលានៅផ្ទះរបស់អ្នកមានប្រយោជន៍ ជាងការដេកយល់សប្តិដកដង្ហើមចោល។

ខាងលើនេះត្រឹមតែជាគំនិតយោបល់ខ្លះៗ សម្រាប់អ្នកដែលគិតថាខ្លួនចង់ធ្វើអ្វីដែលមានប្រយោជន៍ពេលនៅផ្ទះ កំឡុងពេលវីរ៉ុសកូរ៉ូណា វាយលុក។ គួរ ឬមិនគួរ សម្រេចខ្លួនឯងចុះ!

Photo: Unsplash

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត