ចលនានៃការរស់ឡើងវិញនៃវប្បធម៌ខ្មែរបានផ្ដល់កំណើតដល់បណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយមានឈ្មោះថា «KampumEra» កាលពីខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ អត្តសញ្ញាណនិងវប្បធម៌ល្អឥតខ្ចោះរបស់កម្ពុជា ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីសារសំខាន់នៃការអភិរក្សបរិស្ថានធម្មជាតិផងដែរ។
KampumEra ត្រូវបានផ្តួចផ្តើមឡើង ដើម្បីបង្ហាញថា យុវជនកម្ពុជាជំនាន់ថ្មី មានសេចក្តីស្រឡាញ់ដិតដាមចំពោះដើមកំណើត ប្រពៃណី និងទឹកដីរបស់ខ្លួន។ បណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយនេះជម្នះនឹងគំនិតដែលលើកឡើងថា យុវជនជំនាន់ក្រោយមិនមានការខ្វាយខ្វល់ អភិរក្សកេរ្តិ៍ដំណែលរបស់ខ្លួន។ ផ្ទុយទៅវិញ យុវជនជំនាន់ថ្មីមានការជំរុញទឹកចិត្តយ៉ាងខ្លាំងក្នុងការអភិរក្សនិងបន្តមរតករបស់កម្ពុជាតាមបែបផែនរបស់ពួកគេ។
ក្នុងបណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយនេះ KampumEra បានណែនាំសិល្បករវ័យក្មេង អ្នកដឹកនាំប្រកបដោយគំនិតច្នៃប្រឌិតដើម្បីឱ្យសាធារណជនចាប់ផ្ដើមស្គាល់ពីស្នាដៃសិល្បៈរបស់ពួកគេ។ ហើយក្នុងពេលថ្មីៗនេះ KampumEraបានចាប់ដៃគូជាមួយសិល្បករគូរគំនូរលើជញ្ជាំង៤រូប សម្រាប់យុទ្ធនាការ «ភាពជោគជ័យកើតចេញពីខ្លួនយើង» ដែលនឹងប្រព្រឹត្តឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុក រយៈពេលពេញមួយខែសីហា។
ជាមួយនឹងជំនឿថា៖ «អតីតកាលរបស់យើង មិនអាចកំណត់អនាគតរបស់យើងនោះទេ។ យើងជាអ្នកកំណត់ជោគវាសនា ក្នុងជីវិតរបស់យើង។» យុទ្ធនាការនេះ នឹងផ្ដល់ឱកាសឱ្យសាធារណជន ចូលរួមបានតាមរយៈការចែករំលែកក្តីស្រមៃ គោលដៅ និងការផ្លាស់ប្ដូរដែលពួកគេមាននិងចង់ឃើញសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។
មតិឆ្លើយតបរបស់សាធារណជននឹងក្លាយជាគ្រឿងបណ្ដាលចិត្តសម្រាប់សិល្បករទាំង៤ រូប ដោយប្រែក្លាយក្តីស្រមៃ និងគោលដៅរបស់ប្រជាជនកម្ពុជាទៅបង្កើតគំនូរលើជញ្ជាំងហៅថា៖ «ជញ្ជាំងនៃក្តីសង្ឃឹម»។
ដោយត្រូវបានស្គាល់ក្នុងរង្វង់សិល្បៈក្រោមឈ្មោះថា FONKI សិល្បករគូរគំនូរលើជញ្ជាំងជាជនជាតិខ្មែរកាត់បារាំង វ័យ៣១ឆ្នាំរូបនេះ ធ្លាប់បានតាំងពិព័រណ៍ស្នាដៃសិល្បៈដែលមានឈ្មោះថា«ការរស់ឡើងវិញនៃមរតកវប្បធម៌ខ្មែរ» កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ គោលបំណងនៃការតាំងពិព័រណ៍នោះគឺ គឺដើម្បីក្រឡេកមើលប្រជាជនកម្ពុជា តាមជំនាន់ផ្សេងៗ សាវតាផ្សេងៗគ្នា និងឋានៈសង្គមផ្សេងៗគ្នា។
ជាកន្លែងចាស់ជួបនឹងថ្មី «ការរស់ឡើងវិញនៃមរតកវប្បធម៌ខ្មែរ» នាំក្រសែភ្នែកអ្នកទស្សនាឱ្យក្រឡេកមើលវប្បធម៌ខ្មែរបុរាណក៏ដូចជាបេតិកភណ្ឌរបស់ខ្មែរទន្ទឹមនឹងទំនើបកម្មយ៉ាងឆាប់រហ័សដែលកម្ពុជាជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ខណៈដែលអគារខ្ពស់ៗត្រូវបានសាងសង់ជាបន្តបន្ទាប់ទិដ្ឋភាពនៃជីវិតរស់នៅប្រចាំថ្ងៃកំពុងលេចរូបរាងជាថ្មីជាមួយនឹងវត្តមានរបស់បច្ចេកវិទ្យា។
ធំដឹងក្តីនៅទីក្រុងម៉ុងត្រេអាល់ ក្នុងប្រទេសកាណាដា លោក FONKIi បានដឹងថាខ្លួនស្រឡាញ់គំនូរតាមផ្លូវ និងចាប់ផ្តើមស្គាល់ពីវប្បធម៌នៃការគូរលើជញ្ជាំង(graffiti) នៅពេលដែលខ្លួនមានអាយុ១៥ឆ្នាំ។
ប៉ុន្តែស្របពេលជាមួយគ្នានោះ ដែរយុវវ័យភាពរបស់លោក ក៏ត្រូវបានហ៊ុមព័ទ្ធទៅដោយសិល្បៈខ្មែរជាច្រើនទំរង់។ ជានិច្ចកាល លោកឃើញការសម្ដែង របាំប្រពៃណីខ្មែរ នៅក្នុងសហគមន៍ដែលលោកធំដឹងក្តី។ ក្រៅពីនោះ លោកតែងតែឃើញ រូបចម្លាក់ គំនូរ និងចម្រៀងខ្មែរ ក្នុងផ្ទះរបស់លោកផ្ទាល់ផងដែរ។
លោក FONKI បាននិយាយថា៖ «ក្តីស្រឡាញ់របស់ខ្ញុំ ចំពោះសិល្បៈខ្មែរគឺជាធំធេងណាស់។ ហើយវាប្រៀបដូចជា ដំណើរមួយសម្រាប់ពេញមួយជីវិត។» «សិល្បៈនិងសោភ័ណភាពបែបខ្មែរតែងតែនៅជុំវិញខ្លួនខ្ញុំដោយមិនដឹងខ្លួន ពេលដែលខ្ញុំធំធាត់មក។ ព្រោះថា ឪពុកម្តាយខ្ញុំធ្វើការទាក់ទងនឹងវប្បធម៌។ ដូចនេះ ជារៀងរាល់ថ្ងៃអាទិត្យ ខ្ញុំតែងតែបានឃើញរបាំប្រពៃណីខ្មែរ ដោយមិនដឹងខ្លួន។»
ដើម្បីផ្តល់កិត្តិយសដល់ដើមកំណើតរបស់ខ្លួន FONKI តែងតែបញ្ចូលក្បាច់ខ្មែរ ទៅក្នុងស្នាដៃសិល្បៈរបស់ខ្លួន។ លោកបានប្រាប់ឱ្យដឹងថា៖«ខ្ញុំចង់បង្កើតអ្វីថ្មី ដែលមានលក្ខណៈជាប្រពៃណីខ្មែរ។ ប៉ុន្តែច្នៃវាឱ្យទៅជាប្រពៃណីថ្មីមួយទៀត។» «អ្វីដែលយើងធ្វើក្នុងពេលបច្ចុប្បន្ននេះ អាចជារបស់ថ្មីសម្រាប់ពេលនេះ។ ប៉ុន្តែវាអាចក្លាយទៅជាប្រពៃណីនៅថ្ងៃស្អែក ក៏ថាបាន។»
លោក FONKI បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត ហើយបានធ្វើដំណើរទៅមក រវាងប្រទេសកម្ពុជានិងកាណាដា ជាច្រើនដងក្នុងអំឡុងឆ្នាំ ២០១២ ទៅ ២០១៥ ដើម្បីឱកាសហាត់ការ ការផលិតភាពយន្តឯកសារ និង ការងារសិល្បៈដទៃទៀត។ ហើយចុងក្រោយ លោកសម្រេចផ្លាស់មករស់នៅ ក្នុងប្រទេសកម្ពុជាជាអចិន្ត្រៃយ៍ នៅក្នុងឆ្នាំ២០១៧។
ការត្រឡប់មកវិញជារឿយៗនេះហើយ ដែលធ្វើឱ្យគាត់យល់ឃើញថា កម្ពុជាមានរឿង សម្រាប់តំណាលថ្មី ក្រៅពីខ្មែរក្រហម និងប្រាសាទអង្គរវត្ត។ នៅកម្ពុជា ចាប់ផ្តើមមានអ្វីថ្មីៗ និងប្លែកភ្នែក បានកើតមានឡើង។ ប៉ុន្តែលោកក៏មិនបំភ្លេច ឫសគល់របស់ខ្លួន និង មូលដ្ឋានសិល្បៈខ្មែរ។ ហើយលោកបានមើលឃើញ ស្នាដៃដែលបង្កើតឡើងផលិតកម្ម KlapYaHandz និង សិល្បករ Lisa Mam គឺជាប្រភពនៃកម្លាំងចិត្ត។
លោកក៏បានឧទានឡើងក្នុងចិត្តនាពេលនោះថា៖ «ខ្មែរយើងកំពុងមាន ការរស់ឡើងវិញនៃមរតកវប្បធម៌ខ្មែរ»
«បច្ចុប្បន្ននេះក៏ដូចគ្នា។ ឥឡូវយើងឃើញមាន សិល្បករជាច្រើនចេញមក ដើម្បី បង្កើត ស្នាដៃរបស់ខ្លួន។ ដូចនេះ ខ្ញុំមានភាពវិជ្ជមានខ្លាំងមែនទែន សម្រាប់ថ្ងៃអនាគត។»
ដោយមានកិត្តិសព្ទ ចំពោះទេពកោសល្យក្នុងការគូរគំនូរ ដោយប្រើប្រាស់ដៃទាំងសងខាង ក្នុងពេលតែមួយ លោកយី កក្កដា វ័យ២៦ឆ្នាំ ជាសិល្បករខ្មែរ ដែលរៀនគូរដោយខ្លួនឯងម្នាក់ ហើយមានបំណងចង់ផ្សព្វផ្សាយវប្បធម៌របស់ខ្មែរតាមរយៈគំនូរតាមផ្លូវ។
លោកបានប្រាប់ថា៖ «ជាជាងការគូរលើផ្ទាំងក្រណាត់ ខ្ញុំចូលចិត្តគូរតាមផ្លូវ។ ដោយហេតុថា ខ្ញុំអាចបង្ហាញស្នាដៃ និង សាររបស់ខ្ញុំទៅកាន់មនុស្ស បានច្រើននាក់ជាង។ គ្រប់អាយុ គ្រប់ឋានៈទាំងអស់។ សូម្បីតែ ជនបរទេសផងដែរ។ ប្រហែលតាមរយៈគំនូរនេះ ពួកគាត់អាចនឹងឆ្ងល់ពីសិល្បៈខ្មែរបុរាណ ហើយចង់ស្វែងយល់បន្ថែម។»
ធំដឹងក្តីនៅក្នុងខេត្តបាត់ដំបង លោកកក្កដាបានស្គាល់ពីគំនូរតាមជញ្ជាំង នៅតាមវត្តអារាមនានា ដែលមានពណ៌ចម្រុះហើយបង្ហាញពីសាច់រឿងផ្សេងៗ តាំងពីពេលដែលខ្លួននៅជាកុមារាម្នាក់។ ពេលនៅក្មេងនោះដែរ លោកតែងតែទទួលបាន ការកោតសរសើរ មិនដាច់ពីមាត់ ពីសំណាក់មិត្តភក្តិ ចំពោះសមត្ថភាពនៃការគូររូបរបស់ខ្លួន។ មានអ្នកខ្លះ បានសុំទិញគំនូររបស់គាត់ ថែមទៀតផង។
ដោយសារតែមានការលំបាកផ្នែកហិរញ្ញវត្ថុ ក្រោយពេលបាត់បង់ឪពុកម្តាយ លោកកក្កដាបានបោះបង់ចោលការសិក្សា ហើយបានធ្វើដំណើរទៅខេត្តផ្សេងៗ ដើម្បីធ្វើការជាមួយបងប្អូនបង្កើតរបស់ខ្លួនមុន ពេលមករស់នៅទីក្រុងភ្នំពេញ។ ដោយសារតែសមត្ថភាពនៃការគូរគំនូរ និងភាពច្នៃប្រឌិតរបស់ខ្លួន លោកកក្កដាត្រូវបានគេណែនាំ ឱ្យចូលរួមប្រកួតកម្មវិធីសិល្បៈ រៀបចំឡើងដោយអង្គការយូណេស្កូ។ ហើយលោកជាប់ ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែក «គំនូរអាស៊ី»។
ដោយប្រកាន់ភ្ជាប់នឹងគោលដៅក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ គំនូររបស់លោកកក្កដា ភាគច្រើន តែងតែរួមបញ្ចូលរបាំខ្មែរ រូបចម្លាក់បុរាណ និងអ្នកចម្រៀងកម្ពុជាដ៏ល្បីល្បាញជាដើម។
លោកបាននិយាយថា ការប្រកបអាជីពជាសិល្បករពេញម៉ោង មិនមែនជារឿង ងាយស្រួលនោះទេ។ ក៏ប៉ុន្តែលោកនឹងនៅតែបន្តធ្វើវា ដើម្បីបង្ហាញថា សិល្បករក្នុងស្រុក ក៏អាចធ្វើបានដូចគ្នាដែរ។
«មិនមែនមានតែបរទេសទេដែលមានសមត្ថភាពគូរគំនូរលើជញ្ជាំង។ ខ្មែរយើងក៏មានធនធានមនុស្សគ្រប់គ្រាន់និងគំនិតច្នៃប្រឌិតដែរ។ យើងគ្រាន់តែខ្វះការគាំទ្រពីសាធារណជន។»
ដោយដាក់ការស្រឡាញ់ និង ចិត្តចង់ផ្សព្វផ្សាយវប្បធម៌នៅចំពោះមុខ មុននឹងការរកប្រាក់កម្រៃ លោកបានបន្ថែមថា៖ «ខ្ញុំនឹងនៅតែបន្តធ្វើការងារនេះ។»
លោកណែនាំក្មេងជំនាន់ក្រោយ ឱ្យដាក់ការស្រឡាញ់ចូលចិត្តសិល្បៈ មុនការចង់មានចង់បាន។ លោកនិយាយថា ៖«ប្រសិនបើចង់ធ្វើការទាក់ទងនឹងសិល្បៈ ចេញមកធ្វើវាទៅ។ ដូចនេះ ទើបយើងនឹងមានធនធានមនុស្ស ដែលមានគំនិតច្នៃប្រឌិតក្នុងវិស័យនេះច្រើនជាងមុន។»
នៅពេលជិះតាមដងផ្លូវនានាក្នុងទីក្រុងភ្នំពេញ ប្រសិនបើអ្នកប្រទះឃើញ គំនូរលើជញ្ជាំង ដែលមានរូបសត្វ ជាមួយនឹងពណ៌ខៀវ ឬទឹកក្រូច មានឱកាសច្រើនដែលថា គំនូរនោះជា ស្នាដៃរបស់សិល្បករវ័យ២៣ឆ្នាំ គឺលោក Davido។
ជាមួយនឹងទឹកចិត្តស្រឡាញ់សិល្បៈតាំងពីអាយុ៧ឆ្នាំ ការចាប់ផ្តើមគូររូបផ្លូវការរបស់ Davido គឺនៅពេលដែលខ្លួនមានអាយុ១៥ឆ្នាំ។ ពេលនោះមិត្តភក្តិរបស់លោក បានហៅលោក ទៅគូររូបលើជញ្ជាំង។ បន្ទាប់ពីបទពិសោធន៍នោះមក លោកបានចាប់ផ្តើមសិក្សា ស្រាវជ្រាវបន្ថែមដោយខ្លួនឯង និងការអនុវត្តផ្ទាល់។
លោកចូលចិត្តប្រើប្រាស់ថ្នាំពណ៌លាបផ្ទះ ជាជាងការប្រើប្រាស់ថ្នាំបាញ់កំប៉ុងដែលមានតម្លៃថ្លៃ។ ក្នុងឆ្នាំដដែលនោះលោកត្រូវបានគេអញ្ជើញ ឱ្យចូលរួមមហោស្រពសិល្បៈ “Urban Art Festival” លើកដំបូងនៅកម្ពុជា ហើយលោកគឺជាសិល្បករចូលរួមមានវ័យក្មេងជាងគេ។
លោក Davido សង្កេតឃើញថា អ្នកដែលទៅមើលការតាំងពិព័រណ៍ស្នាដៃសិល្បៈ ឬចូលរួមកម្មវិធីសិល្បៈ ភាគច្រើនមានតែបរទេសរស់នៅក្នុងប្រទេសកម្ពុជា និងជនបរទេសហើយកម្រមានប្រជាជនខ្មែរក្នុងស្រុក ។ ដូច្នេះ លោកគិតថា ការគូរលើជញ្ជាំង នឹផ្ដល់ឱកាសឱ្យលោកបង្ហាញស្នាដៃ ទៅកាន់ទស្សនិកជនបានច្រើនជាងមុន ជាពិសេសប្រជាជនខ្មែរ ដែលមិនមើលការតាំងពិព័រណ៍ ស្នាដៃសិល្បៈនៅតាមវិចិត្រសាល។
លោកបានពន្យល់ថា៖ «ជញ្ជាំងគឺជាកន្លែងតាំងពិព័រណ៍ស្រាប់។ មនុស្សគ្រប់ជាន់ថ្នាក់ គ្រប់សាវតា មានឱកាស បានឃើញស្នាដៃទាំងអស់។ ដូចនេះហើយ យើងពិតជាអាចមានទំនាក់ទំនង ជាមួយពួកគាត់។»
ដោយពិពណ៌នា នូវទំនោរនៃការគូរស្នាដៃសិល្បៈរបស់ខ្លួន តាមបែប surreal (អ្វីដែលមិនដូចនឹងការពិតទាំងស្រុង) លោកDavido ភាគច្រើនគូររូបសត្វ ដោយប្រើប្រាស់ពណ៌ខៀវ និង ទឹកក្រូច ហើយលោកមិនគូរដោយប្រើក្បាច់ខ្មែរ ឬ អប្សរានោះទេ។ សម្រាប់លោកការប្រើប្រាស់សត្វទាំងនោះ គឺជាវិធីម៉្យាង ដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ព្រោះថាសត្វទាំងនោះ ជាសត្វដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងថា៖ «ខ្ញុំចូលចិត្តគូរសត្វតាំងពីតូច។ ខ្ញុំតែងតែចង់ថែរក្សាវា ដោយសារខ្ញុំគិតថាវាមានសារៈសំខាន់ និងមានតម្លៃណាស់សម្រាប់កម្ពុជា។»
បច្ចុប្បន្ននេះ លោកធ្វើការងារគ្រូបង្រៀនជំនាញ product design ក្រោយបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យកាលពីឆ្នាំមុន។ លោកចាត់ទុកការបង្កើតស្នាដៃសិល្បៈ និងការបង្រៀន ជាការបំពេញសេចក្ដីត្រូវការផ្ទាល់ខ្លួន។ ដោយហេតុថា សកម្មភាពទាំងពីរនេះអនុញ្ញាតឱ្យលោកចែករំលែកចំណេះដឹងនិងសារដែលខ្លួនចង់បញ្ចេញ។ ទន្ទឹមនឹងនេះ លោកជឿជាក់ថា គំនូរសិល្បៈតាមផ្លូវអាចបង្កើតជាកិច្ចសន្ទនារវាងមនុស្សម្នាផងដែរ។
«ពេលខ្ញុំគូរអ្វីមួយ ខ្ញុំតែងតែជួបមនុស្សដែលមិនធ្លាប់ចូលរួមការតាំងពិព័រណ៍។ ហើយពួកគាត់ ធ្លាប់សួរនាំពីគំនូររបស់ខ្ញុំ។ ពួកគាត់ធ្លាប់រិះគន់ខ្ញុំ។ ហើយខ្ញុំក៏ពន្យល់គាត់។ ដូច្នេះពួកគាត់បានយល់ពីសិល្បៈនិងស្គាល់ពីស្នាដៃរបស់ខ្ញុំ។»
អុឹង អេលីនណា មានសាវតាផ្នែកសិល្បៈប្លែកផ្សេងពីសិល្បករ ៣រូបខាងលើ និងទើបមានឈ្មោះថ្មីថ្មោង ប្រឡូកក្នុងវិស័យសិល្បៈគំនូរ។ ស្ថិតក្នុងវ័យ២៤ឆ្នាំ សិល្បករឯករាជ្យរូបនេះ ប្រើឈ្មោះហៅក្រៅ«ក្មេងលីនណា» និងមានឯកទេសជាអ្នករចនាក្រាហ្វិច និងអ្នកគូររូបឌីជីថលម្នាក់។ បច្ចុប្បន្ន អេលីនណា ក៏ជាសហស្ថាបនិក Lost-in Creative Studio ផងដែរ។
កញ្ញាបានបញ្ចប់ការសិក្សា ពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញ គំនូរសារគមនាគមន៍ (Design Communication)។ នៅទីនេះហើយដែលធ្វើឱ្យអេលីនណា ស្គាល់ពីទម្រង់សិល្បៈខ្មែរជាច្រើន។ អេលីនណា ចាប់ផ្តើមធ្វើការទាក់ទងនឹងការរចនាក្រាហ្វិក ក្នុងឆ្នាំ២០១៧។ ក្តីស្រឡាញ់ចំពោះសិល្បៈ វប្បធម៌ ប្រពៃណីខ្មែរ និងការគូរ ចាប់ផ្តើមកើនឡើង ពេលដែលកញ្ញាបានធ្វើការស្ម័គ្រចិត្ត ក្នុងកម្មវិធី«បុណ្យភូមិ»។ កម្មវិធីនោះ គឺជាកម្មវិធីប្រចាំឆ្នាំ សម្រាប់ប្រារព្ធបុណ្យចូលឆ្នាំខ្មែរ ដែលបង្កើតនិងរៀបចំឡើងដោយ ក្រុមយុវជនលើកស្ទួយវប្បធម៌ខ្មែរឈ្មោះ«ភ្លើងគប់»។ បច្ចុប្បន្ននេះ អេលីនណា ក៏ជា នាយកសិល្បៈផ្នែករចនា (Art Director) របស់ភ្លើងគប់ផងដែរ។
ក៏ប៉ុន្តែក្រុមគ្រួសាររបស់ អេលីនណា មិនបានគាំទ្រការចាប់អាជីព និងការសិក្សា ទាក់ទងនឹងសិល្បៈនោះទេ ពីដំបូងឡើយ។
អេលីនណា ពន្យល់ថា៖ «ម៉ាក់ប៉ារបស់ខ្ញុំមិនគាំទ្រឱ្យខ្ញុំរៀនផ្នែក ដែលខ្ញុំរៀន ក្នុងសាកលវិទ្យាល័យនោះទេ។ ដោយសារពួកគាត់ខ្លាច ខ្ញុំមិនមានការងារធ្វើ និងថវិកាគ្រប់គ្រាន់ទៅថ្ងៃអនាគត។ ប៉ុន្តែពួកគាត់ ក៏ចាប់ផ្តើមបើកចិត្តបន្តិចម្តងៗ ពេលដែលឃើញខ្ញុំ ទទួលបានឱកាសការងារមួយចំនួន តាំងពីពេលនៅរៀន។»
សម្រាប់ស្នាដៃសិល្បៈគ្រប់ទម្រង់របស់ អេលីនណា ភាគច្រើននាងចូលចិត្តគូរ ជាទម្រង់គំនូរបុរាណ ដែលលាយលំជាមួយការស្រមើស្រម៉ៃ និងគំនិតច្នៃប្រឌិតរបស់ខ្លួនផ្ទាល់។
«ភាគច្រើន ខ្ញុំគូរសម្រាប់ក្មេងៗជំនាន់ក្រោយ។ ដូចនេះ ហើយខ្ញុំខំធ្វើឱ្យវាទាក់ទាញ ប៉ុន្តែនៅតែមានបែបខ្មែរ និងតួអង្គបុរាណក្នុងនោះ។ បុរាណមិនយឺត សម័យមិនបរទេស»
អេលីនណា កត់សម្គាល់ឃើញថាយុវជនខ្មែរមួយចំនួនគិតថា ការថែរក្សា ក៏ដូចជាអភិរក្សវប្បធម៌ និងប្រពៃណី គឺជាកាតព្វកិច្ចរបស់មនុស្សចាស់។ ប៉ុន្តែ អេលីនណា ចង់ផ្លាស់ប្តូរការគិតបែបនេះ តាមរយៈស្នាដៃសិល្បៈរបស់ខ្លួន។
«ខ្ញុំចង់ឱ្យក្មេងៗជំនាន់ខ្ញុំ និងក្មេងជាងខ្ញុំ រៀនពីវប្បធម៌ និងប្រពៃណីខ្មែរ តាមរយៈស្នាដៃសិល្បៈរបស់ខ្ញុំ។ ដូចនេះ ទើបខ្ញុំខំរកតុល្យភាព រវាងការគូរគំនូរបុរាណ ឱ្យមានភាពទាក់ទាញ៕»
ប្រភពដើម៖ https://focus-cambodia.com/km/article/defining-our-future-through-make-our-own-luck-campaign/