ធ្លាប់ស្គាល់ហើយមែនទេសម្រាប់ការធ្វើដំណើរកំសាន្តមកកាន់ដែនដីទេសចរណ៍អង្គរ នាខេត្តសៀមរាប? ប៉ុន្តែពេលទំនងហាក់ដូចជាមិនសូវដូចអ្វីដែលអ្នកចង់បានទេ ព្រោះតំបន់ដែលអ្នកបានទៅដល់ទាំងនោះហាក់ដូចជាពោរពេញ ហូរហៀរទៅដោយទេសចរកកកុញមិនថាក្នុងស្រុក ឬក្រៅស្រុក ដែលជា
ឧបសគ្គសម្រាប់ផែនការរបស់អ្នកដែលចង់ទៅទស្សនាតំបន់ទេសចរណ៍ទាំងនោះដោយអារម្មណ៍ស្ងប់ស្ងាត់ និងមានឯកជនភាពខ្លះ ដើម្បីបន្ថយអារម្មណ៍ស្ត្រេស នើយហត់ពីការងារដែលអ្នកប្រឈមមុខរៀងរាល់ថ្ងៃ។
មិនមែនថាអ្នកមិនអាចចៀសផុតពីគំហុកនៃទេសចរកកកុញនៅតំបន់ទេសចរណ៍ខេត្តសៀមរាបនោះទេ តែតម្រូវឲ្យអ្នកស្គាល់តំបន់មួយចំនួនដែលលាក់ខ្លួនពីទេសចរទាំងនោះ ក៏ដូចជាជ្រើសរើសកន្លែងស្នាក់នៅដែលឆ្ងាយពីតំបន់ដែលសភាពអូរអរដូចជា ផាប់ស្ទ្រីត (Pub Street) ជាដើម។ លើកនេះ Kampucheers សូមណែនាំកន្លែងស្នាក់នៅមួយដែលមានសភាពស្ងប់ស្ងាត់ ដែលផ្តល់នូវឯកជនភាពសម្រាប់អ្នក ហើយស្ថិតនៅមិនឆ្ងាយទេពីទីប្រជុំជន ប្រមាណតែ១០នាទី អ្នកនឹងទៅដល់ Gold Smith Residence។ ទីតាំង Gold Smith Residence មានសភាពតូចច្រឡឹង តែមានគ្រប់យ៉ាងសម្រាប់អ្នក រាប់ពីភោជនីយដ្ឋាន អាងហែលទឹក សេវាកម្មម៉ាស្សា និងស្ប៉ា ក៏ដូចជាសេវាកម្មដឹកជញ្ជូនដែលប្រចាំការគ្រប់ពេលវេលា ដែលល្អបំផុតសម្រាប់ការកំសាន្តបែបស្ងប់ស្ងាត់របស់អ្នក។
និយាយពីទីតាំងដែលធ្វើឲ្យអ្នកមានអារម្មណ៍ប្លែកភ្នែក ព្រមជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ និងឆ្ងាយពីទេសចរកុះករទាំងនោះ Kampucheers សូមណែនាំប្រាសាទចំនួន៤ដែលស្ថិតនៅក្នុងតំបន់អង្គរធំដែលអ្នកអាចចូឡទៅទស្សនា ដោយគ្មានភាពរំខាន៖
ព្រះបាលីលេយ្យ៖
ជាសំណង់ប្រាសាទមួយស្ថិតក្នុងបរិវេណរាជវាំងអង្គរធំ ដែលមិនសូវមានទេសចរចូលទៅដល់ព្រោះប្រាសាទហាក់ដូចជាបង្កប់ខ្លួនបន្តិចប៉ុន្តែបើដើរចូលតាមផ្លូវមួយអមនឹងវត្តនិងប្រាសាទទេពប្រណម្យប្រមាណ៤នាទីប៉ុណ្ណោះអ្នកនឹងបានឃើញមុនគេនូវដើមឈើដ៏ធំមហិមា3ដើម ដែលបានចាក់ឬសលើជណ្តើរឡើងនៃប្រាសាទបង្កើតបានជាភាពទាក់ទាញនៃប្រាសាទមួយនេះ ដែលគយគន់មិនជិនណាយ មិនចាញ់ប្រាសាទតាព្រហ្មប៉ុន្មានទេ។
ផែនទី៖ https://goo.gl/maps/PkQ8ftxqrpcjonCG6
ព្រះលានស្តេចគម្លង់៖
ឈ្មោះដូចជាសាហាវបន្តិចសម្រាប់ប្រាសាទមួយនេះប៉ុន្តែរូបរាងនិងសំណង់គឺគ្មានប្រាសាទណាមួយដូចជាប្រាសាទនេះទេ។ សាងសង់ក្នុងទម្រង់ដូចជាសួនវង្វេងមួយ ប្រសិនបើទេសចរមើលពីខាងក្រៅគឺឃើញមានសភាពតូចតែបើចូលទៅខាងក្នុងកាច់កុងទៅតាមរចនាបថ ព្រមជាមួយនឹងចម្លាក់ដែលធ្លាក់ជាមួយនឹងទេវរាប់ពាន់អ្នកលើជញ្ជាំងដែលធ្វើឲ្យអ្នកឈរមើលផ្ជង់អារម្មណ៍នោះ យ៉ាងតិចក៏ត្រូវចំណាយពេល15-20នាទីដែលទើបចេញមកវិញ។ លក្ខណៈពិសេសមួយទៀតនៃចម្លាក់ក្នុងប្រាសាទនេះនៅដើមច្រកចូលអ្នកអោនមើលខាងក្រោម នឹងបានឃើញចម្លាក់ទេវជិះលើសត្វជាច្រើនដូចជា ក្តាម ត្រី ក្រពើ មករជាដើម។
ផែនទី៖ https://goo.gl/maps/wautGXtoFiJ5FgQL9
ព្រះវិហារប្រាំពីរល្វែង
ឈ្មោះជាវត្តប៉ុន្តែរូបរាងខុសពីវត្តបច្ចុប្បន្នដោយសារ ព្រះវិហារប្រាំពីរល្វែង ជាងអារាមសាសនាតាំងពីបុរាណកាលមក ដែលសង់លើខឿនប្រាសាទដែលមានឈ្មោះដូចគ្នាគឺ ប្រាសាទព្រះវិហារប្រាំពីរល្វែង។ ទេសចរអាចនឹងរំលងបុរាណស្ថានមួយនេះ តែធាតុពិតមិនឆ្ងាយទេ ហើយក៏មិនគួររំលងដែល គឺនៅក្រោយប្រាសាទសួរព័្រត្រ (ប្រាសាទនាងដប់ពីរ)។ ភាពលេចធ្លោរនៃអារាមមួយនេះគឺសង់ព័ទ្ធដោយខឿនបីជាន់ ដែលមានចម្លាក់សត្វតោ និងដំរីនៅគ្រប់ជ្រុង ហើយបច្ចប្បន្នគេបានសង់ជាបរិមារព្រះពុទ្ធទុកសម្រាប់ពុទ្ធបរិស័ទ្ធអុជធូប សុំសេចក្តីសុខចម្រើន។
ផែនទី៖ https://goo.gl/maps/kDsSarrAZYXeopce9
ក្ខោងទ្វារមរណៈ ឬក្ខោងទ្វារខ្មោច
ឈ្មោះនេះប្រហែលជាអាចធ្វើឲ្យទេសចរ ខ្លាចរអារមិនចង់ទៅទស្សនា ប៉ុន្តែការដាក់ឈ្មោះនេះក៏ព្រោះតែទ្វារព្រះនគរមួយនេះគឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នកមានឋានៈខ្ពង់ខ្ពស់នាសម័យបុរាណ។ ក្លោងទ្វារនេះជាក្លោងទ្វារមួយក្នុងចំណោមក្លោងទ្វារទាំង5 សម្រាប់ចេញចូលក្រុងអង្គរធំ ដែលទេសចរអាចចូលទៅដល់តាមផ្លូវរដាក់រដុបមួយនៅពីមុខច្រកចូលខាងកើតនៃប្រាសាទបាយ័ន។ ដោយសារក្លោងទ្វារមួយនេះមានសភាពស្ងប់ស្ងាត់ វាពិតជាពិសេសសម្រាប់អ្នកដែលចង់ថតរូបភាពស្អាតៗ ហើយអ្នកក៏អាចឡើងទៅលើកំពែងអង្គរធំតាមរយៈក្លោងទ្វារនេះ ដើម្បីមើលព្រះភ័ក្រ្តព្រះព្រហ្មមុខបួនបានយ៉ាងច្បាស់។
ផែនទី៖ https://goo.gl/maps/srBrS35BT4GFcQE66
អញ្ចឹងប្រសិនបើបានទៅខេត្តសៀមរាបលើកក្រោយ កុំភ្លេចទៅគោលដៅទាំង4ខាងលើនេះ ក៏ដូចជាកក់ការស្នាក់នៅ Gold Smith Residence ដែលអ្នកអាចកក់បានតាមរយៈ https://goldsmithresidence.com/
ផែនទី Gold Smith Residence: https://goo.gl/maps/9Fxr7n1reeZzTZy4A