បច្ចុប្បន្នក្នុងចំណោមពិធីឆ្លងវ័យ យើងតែងសង្កេតឃើញគេធ្វើសម្រាប់កុមារតូចៗ ឬវ័យជំទង់ ។ ចំណេរកាលបន្តក្រោយមក ក៏គេមានប្រារព្ធធ្វើពិធីនេះ សម្រាប់មនុស្សធំពេញវ័យដែរ ។ ហើយពិធីនោះគឺជា ពិធីខួបកំណើតតាមប្រពៃណីបរទេស មាននំខួបកំណើត ដែលអមជាមួយការច្រៀងចម្រៀងខួបកំណើតអបអរជាមួយគ្នាផង ។
ប៉ុន្តែទាំងអស់គ្នាមានដឹងទេថា ខ្មែរយើងក៏មានពិធីបែបប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ជាពិធីឆ្លងវ័យសម្រាប់មនុស្សគ្រប់វ័យដែរ ។ ពោលគឺពិធីដែលបញ្ជាក់អំពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ ។ ហើយមានពិធីមួយដែលធ្វើឡើងសម្រាប់ក្មេងតូចឬជំទង់ ដែលមិនទាន់ពេញវ័យពិតប្រាកដនោះគឺ ពិធីកោរជុក ។
គេបានប៉ាន់ស្មានថាពិធីនេះអាចមានកំណើតតាំងពីជំនាន់ខ្មែរកាន់សាសនាព្រាហ្មណ៍មកម្ល៉េះ ។ ប៉ុន្តែសព្វថ្ងៃ ពិធីនេះស្ទើរតែលែងឃើញមានវត្តមានទៅហើយ ពោលនៅតែតាមតំបន់មួយចំនួនតូចនៅតាមតំបន់អង្គរតែប៉ុណ្ណោះ ។ គេអាចប្រារព្ធពិធីកោរជុក សម្រាប់ក្មេងតែម្នាក់ក៏បាន មិនចាំបាច់ដល់មានកុមារច្រើននោះទេ ហើយប្រុសនិងស្រីអាចធ្វើលាយឡំចូលគ្នាបានមិនប្រកាន់នោះឡើយ ។ ដោយសារតែពិធីនេះត្រូវប្រារព្ធឡើងឲ្យធំ អធិកអធម និងចំណាយធនធានច្រើន ដូចនេះវាក៏ជាមូលហេតុដែលគេនិយមធ្វើចូលគ្នាផងដែរ ។
នៅដើមសតវត្សទី២០ បុណ្យកោរជុកនៃព្រះអង្គម្ចាស់ នរោត្តម ចន្ទលេខា (ជាព្រះរាជបុត្រនៃព្រះបាទ នរោត្តម) បានប្រារព្ធឲ្យមានភាពអធិកអធមយ៉ាងខ្លាំង ដោយប្រារព្ធធ្វើដល់ទៅ៧ថ្ងៃឯណោះ ។ ហើយក៏មានមន្ត្រីបារាំងជាអ្នកស្រាវជ្រាវ បានកត់ត្រានិងថតរូបទុកយ៉ាងល្អិតល្អន់ផងដែរ ។ សូម្បីតែរូបគំនូរនៅព្រះវិហារវត្តបូណ៌ដែលគេឃើញថានៅក្នុងគំនូររឿងរាមកេរ្តិ៍នោះ ក៏ឃើញមានពាលីពរអង្គទៅឲ្យតាបសឫសីកោរជុកនៅក្នុងពិធីមួយដែរ ។ បើប្រៀបមកសព្វថ្ងៃឃើញថាព្រះសង្ឃឧបកិច្ចជាកោរ (ត្បិតសព្វថ្ងៃខ្មែរកាន់ព្រះពុទ្ធសាសនា) ជាការពិតប្រាកដនោះអាចារ្យ ឬឪពុកម្ដាយជាអ្នកធ្វើក៏ដោយ ។ រីឯពិធីដែលធ្វើនៅតាមភូមិខ្លះៗនៃរសៀលដែលគេ “ប្រុងពលី” ហើយដែលក្មេងមិនទាន់សម្អិតសម្អាងជុករបស់ខ្លួនផង ។ កិច្ចក្នុងពេលយប់ក៏មានច្រើនបែបយ៉ាងដែរ ជាពិសេសកិច្ចហៅព្រលឹងសក់ ព្រមទាំងកិច្ចដេកអង្កររាប ។ កាត់ផ្ដាច់ជុកធ្វើឡើងនៅពេលព្រឹកព្រលឹមក្រោយកិច្ចធ្វើធ្មេញរួច ។ បន្ទាប់មកនៅព្រឹកដដែលមានការរាប់បាត្រ ប្រគេនចង្ហាន់ដល់ព្រះសង្ឃជាធម្មតា ។ គួរបញ្ជាក់ផងដែរថា បើធ្វើចូលគ្នា ចំនួនក្មេងត្រូវតែជាចំនួនសេស តែបើក្មេងជាចំនួនគូរ គេត្រូវរកក្មេងណាមួយមកអង្គុយក្នុងជួរជាមួយគ្នាឧបកិច្ចមុនពេលកោរផ្ដាច់ជុក ។
ពាក្យថា «ជុក» នេះគឺនិយាយតាមពាក្យថាជាទូទៅ ឯអ្នកស្រុកនៅតំបន់ខាងជើងនិងពាយ័ព្យនៃប្រទេស កម្ពុជា ច្រើនហៅថា «កំប៉ោយ» ឬ «កំប៉ោច» ហើយបើគេចង់និយាយពីកិច្ចពិធីកាត់កំប៉ោចជាស្ថាពរនោះ គេច្រើននិយាយសាមញ្ញថា «កោរសក់» ។ ខាងលើបាននិយាយពីទំនៀមអ្នកស្រុកអង្គរ ដែលតែងប្រារព្វកិច្ចនេះនៅក្នុងភូមិខ្លួនផ្ទាល់ ។ ឯនៅទីនេះវិញគឺនិយាយរៀបរាប់យ៉ាងខ្លី ចង់បង្ហាញ និងសង្កត់ធ្ងន់លើការគោរពអង្គរវត្ត គឺអ្នកស្រុកឆ្ងាយពីអតីតរាជធានីអង្គរដែលខំធ្វើដំណើរផ្លូវឆ្ងាយទម្រាំដល់អង្គរវត្ត ដើម្បីយកកូនមកកោរជុក ។ បើត្រឡប់ថយក្រោយប្រមាណ៥០ឆ្នាំមុន ទំនៀមនេះគេនៅថែរក្សាខ្ជាប់ខ្ជួនល្អណាស់ ជាពិសេសបើពោលពីអ្នកស្រុកដែលរស់នៅតំបន់ពាយ័ព្យ ។ នៅជំនាន់នោះជាទូទៅមធ្យោបាយធ្វើដំណើរគឺប្រើដោយរទេះគោទាំង ជួរៗបរកាត់ព្រៃ ហើយមានអ្នកខ្លះដេកតាមផ្លូវផង ។
បើក្រលេកមកមើល សព្វថ្ងៃនេះមិនលំបាកកាយដូច្នោះទៀតទេ តែទំនៀមបែរជាប្រឈមខ្លាំងនឹងការបាត់បង់ ។ ក្នុងកិច្ចពិធីសុទ្ធនោះពុំធំដុំអ្វីទេ បើប្រៀបទៅអ្នកស្រុកអង្គរ ដ្បិតប្រការដែលសំខាន់គឺការពុះពារធ្វើដំណើរផ្លូវឆ្ងាយ យ៉ាងណាឲ្យបានមកធ្វើនៅ «ព្រះនគរ» ។ គេនិមន្តព្រះសង្ឃ៥អង្គពីវត្តដែលនៅក្នុងអង្គរវត្តតែម្តង ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត មុននឹងកោរសក់ ហើយប្រោះព្រំជាកិច្ចបង្ហើយ ។
រូបភាពដោយ ៖ Samout Siem Reap Angkor (Facebook)
អត្ថបទដកស្រង់ពីប្រភពដើម ៖ http://www.yosothor.org/publications/khmer-renaissance/chapter-two/kor-jurb.html