••• មកទល់ពេលនេះ នៅប្រទេសកម្ពុជាយើងនៅសល់ដល់ទៅមួយសប្តាហ៍ឯណោះក្នុងការចាក់បញ្ចាំង នូវភាពយន្តរឿង BIRDS OF PREY and the Fantabulous Emancipation of One Harley Quinn។ ចំណងជើងស្តាប់ទៅវែងណាស់មែនទេ? បើថាមិនវែងទើបចម្លែក! ហើយពេលនេះ វាមានបញ្ហាហើយ!!
ភាពយន្តវគ្គញែករបស់ Harley Quinn មួយនេះ ត្រូវបានអ្នកវិភាគភាពយន្តល្បីៗនាំគ្នារំពឹងថានឹងរកចំណូលច្រើនសម្រាប់សប្តាហ៍ដំបូងនៃការចាក់បញ្ចាំង ប៉ុន្តែគ្រប់យ៉ាងបែរជាក្លាយពីបាតដៃទៅខ្នងដៃទៅវិញ។ សម្រាប់ការចាក់បញ្ចាំងក្នុងសប្តាហ៍ដំបូង ភាពយន្តនេះ អាចរកចំណូលបាន ៥៣លានដុល្លារ នៅអាមេរិក និង ១០២លានដុល្លា សរុបពីបណ្តាប្រទេសនានា រួមសរុបគឺប្រហែល ១៥៥លានដុល្លានោះឯង ពីទុនផលិតប្រមាណ ៨៤លានដុល្លារ។ សម្រាប់តួលេខនេះ បើទោះជាមិនរាប់ថាខាតដើម តែក៏មិនដល់ការរំពឹងទុកនៃអ្នកវិភាគ ក៏ដូចជាក្រុមហ៊ុនផលិតនោះឡើយ ព្រោះគេបានរំពឹងថា ភាពយន្តត្រូវរកបានយ៉ាងហោចណាស់ ពី ២៥០ ទៅ ៣០០ លានដុល្លា ទៅបូកដកនឹងថ្លៃចំណាយទៅលើផ្នែកទីផ្សារ (Marketing) ដែលបូកបញ្ចូលទាំងការធ្វើបទចម្រៀង និងការដើរ Tour នៃតារាសម្តែងនៃភាពយន្តនេះ។ សម្រាប់ការរំពឹងនេះ បើមើលលើភាពយន្តរឿង BIRDS OF PREY ក៏អាចនឹងទៅដល់ចំណុចនោះបានដែរ តែគ្រាន់តែអាចនឹងភាពប្រថុយប្រថាន និងឧបសគ្គខ្លះៗលើការធ្វើទីផ្សារ ។ តោះមកមើលពីចំណុចខ្លះៗដែលជាហេតុផលដែលភាពយន្តនេះ មិនបានចំណូលដូចការរំពឹងទុក
???? ការប្រូម៉ូតប្លែកៗ
មួយរយៈធំក្រោយៗមកនេះ WB មានការប្រូម៉ូតភាពយន្ត DC បែបប្លែកៗ ដោយមើលទៅហាក់ដូចជាមិនសូវព្យាយាមដុកការប្រូម៉ូតឲ្យឡើងខ្លាំងទៅលើពិភពអនឡាញ តួយ៉ាងកាលពីភាពយន្ត SHAZAM ដែលមានការ Tease បន្តិចបន្តួចនៅ Comic-Con ហើយក៏ស្ងាត់រហូតដល់មុនមួយខែនៃការបញ្ចាំងទើប មានឈុតគម្រូដំបូង ហើយសម្រាប់ BIRDS OF PREY ក៏ប្រូម៉ូតប្លែកៗដែរ ដោយយកឈុត Teaser ទៅប្រូម៉ូតក្នុងរោងកុនជាមួយការបញ្ចាំង IT Chapter 2 ដោយកាលនោះ ក៏មិនបានសាងការពុះកញ្ជ្រោលអ្វីច្រើនដែរ ក្រោយពីនោះ ក៏បញ្ចេញឈុតគម្រូដំបូងដែលមិនបានសាងការជ្រើមជ្រួលច្រើនដូចគ្នា ឯឈុតគម្រូចុងក្រោយ ក៏មុនការបញ្ចាំងមួយខែដដែល។
???? ប្រភេទនៃកុន
BIRDS OF PREY បានប្រកាសខ្លួនថាជាភាពយន្តប្រភេទ Rated-R ដែលធ្វើឲ្យទស្សនិកជនហាក់សមចិត្តជាខ្លាំង តែការបញ្ចេញឈុតគម្រូ បែរជាគ្មានបែប Red Band ទៅវិញ ទើបធ្វើឲ្យភាពជ្រើមជ្រួលចង់មើលរបស់ទស្សនិកជន បែរជាថយចុះទៅវិញ។ ម្យ៉ាងភាពយន្ត Rated-R ភាគច្រើនគឺអ្នកមើលជាបុរស តែភាពយន្តនេះ ជាភាពយន្តថាមពលមនុស្សស្រី ទើបធ្វើឲ្យមានភាពប្រថុយនឹងការថយចុះនៃអ្នកមើលគោល ព្រោះគេអាចនឹងគិតថា ភាពយន្តនេះ អាចនឹងកែប្រែឬកាត់តសាច់រឿងឲ្យចូលលក្ខណៈ PG-13 ដើម្បីបានទស្សនិកជនបន្ថែម ដែលជាហេតុធ្វើឲ្យការធ្វើទីផ្សារមានភាពរញ៉េរញ៉ៃ
????ពេលវេលាចាក់បញ្ចាំង
ការដាក់គម្រោងចាកបញ្ចាំងក្នុងរយៈពេលនៃមករា ឬខែកុម្ភៈ អាចទុកថាជាការខុសឆ្គងនៃក្រុមហ៊ុនផលិត ព្រោះមនុស្សម្នាមិនសូវចេញមើលកុនអំឡុងខែនេះឡើយ។ ការដែល BIRDS OF PREY ចេញបញ្ចាំងខែនេះ អាចនឹងមើលគម្រូតាម DEADPOOL និង BLACK PANTHER ដែលធ្លាប់ចាក់ក្នុងអំឡុងខែនេះដូចគ្នា តែកុំភ្លេចថា ភាពយន្តទាំង២នោះ សុទ្ធតែជារបស់ Marvel ដែលមានការធ្វើទីផ្សាររឹងមាំស្រាប់រួចទៅហើយ ហើយមនុស្សម្នា សុទ្ធតែចង់ដង្ហែគ្នាទៅទស្សនាភាពយន្តរបស់ Marvel ទើបគេមិនខ្វល់ពីពេលវេលាចាក់បញ្ចាំង។
ក្នុងការដែល ការធ្វើទីផ្សារហាក់មានការខុសឆ្គងនេះ WB (Warner Bros) បានធ្វើការបម្រាស់ខ្លួនហើយ ដោយការចូលទៅសុំការសហការណ៍ជាមួយរោងកុនធំៗ ក្នុងការប្តូរចំណងជើងពេលទិញសំបុត្រ ពី BIRDS OF PREY and the Fantabulous Emancipation of One Harley Quinn មកជា HARLEY QUINN: BRIDS OF PREY វិញ ក្នុងគោលបំណងឲ្យអ្នកចុចស្វែងរកចំណងជើងភាពយន្តនេះកាន់តែងាយស្រួល និងងាយក្នុងការចាំបាន និយាយរួមគឺចូលដល់ទស្សនិកជនងាយបំផុត ព្រោះក្រុមទស្សនិកជនភាគច្រើនដែលមិនមែនជាហ្វេន DC គឺមិនស្គាល់ឡើយថា BIRDS OF PREY ជាអ្វី តែបើនិយាយពី HARLEY QUINN គេនឹងស្គាល់ច្រើនជាង។ យ៉ាងណាមិញ បើទោះជាប្តូរចំណងជើងពេលទិញសំបុត្រ ក៏មិនបានមានន័យថា ពេលបញ្ចាំងក៏ដូរចំណងជើងដែរនោះទេ។
ទាំងនេះជាសញ្ញាដែល WB មិនអាចនៅស្ងៀមនឹងតួលេខដែលគេមិនពេញចិត្តមួយនេះបាននោះទេ ហើយមានតែរង់ចាំមើលថា សន្ទុះនៃការចាក់បញ្ចាំងនៅខ្មែរយើង និងប្រទេសផ្សេងៗដែលមិនទាន់បញ្ចាំងដែរនោះ នឹងប្រព្រឹត្តិទៅយ៉ាងណា ហើយដូរចំណងជើងដែរឬអត់។
អានហេតុផលខាងលើហើយ តើអ្នកគិតថា កំហុសឆ្គងនៃចំណូលនេះ គឺមកពីរឿងអ្វីឲ្យប្រាកដ?
HARLEY QUINN: BIRDS OF PREY (ចំណងជើងថ្មី) នឹងចាក់បញ្ចាំងនៅខ្មែរយើងថ្ងៃទី ២០ កុម្ភៈ ២០២០ ខាងមុខនេះ គ្រប់រោងភាពយន្ត