••• រយៈពេលក្រោយៗមកនេះ សែស្រឡាយកុនប្រណាំងឡានដ៏សែនលឿនសាហាវទម្លុះនរកដែលទស្សនិកជនទូទាំងពិភពលោកសុទ្ធតែស្គាល់ច្បាស់ក្នុងឈ្មោះ FAST & FURIOUS នោះ គឺត្រូវបានកែច្នៃយ៉ាងច្បាស់គួរឲ្យកត់សម្គាល់ ពីកុនបែបប្រណាំងឡាន លេងស្ទាយល៍ឡាន រត់គេប៉ូលីសបែបឡូយៗ ប្រែមកជាកុនបែបអេកហ្សិនផ្សងព្រេង បំពេញបេសកកម្មយ៉ាងពេញរូបរាង ហើយថែមទាំងបានពង្រីកចក្រវាឡកាន់តែធំឡើងៗជារឿយៗ ទាំងការបន្ថែមតួអង្គដែលមានមានតួសម្តែងល្បីៗមកដើរតួសំខាន់ៗ ការសាងវគ្គញែក (Spin-off) ដូចជា HOBBS & SHAW ជាដើម។
ពេលនេះក្រៅពី F9: THE FAST SAGA ដែលកំពុងតែចូលមកដល់ យើងនៅទទួលបានការធានាបែបផ្លូវការថែមទៀតថា តទៅក្នុងអនាគត ចក្រវាឡនឹងកាន់តែធំទៅៗលើសដើម ហើយវានឹងមានរឿងវគ្គញែកបន្ថែមទៀត ដែលនឹងផ្តោតសំខាន់លើតួអង្គគោលស្រីៗជាលក្ខណៈធីមតែម្តង។
ក្នុងកម្មវិធី MTV International ការប្រគុំតន្រ្តី F9 នៅពេលដែលអ្នកកាស្សែតសួរថា “ក្រោយពីវគ្គ១០ បញ្ចប់ទៅ តើសែស្រឡាយនេះ នឹងដើរតាមបែបផែនណាបន្តទៀត?” តារាសម្តែងគោល លោក Vin Diesel បានចេញមកធានាថាវគ្គញែកនៃធីមស្រីៗសម្រាប់ត្រកូលនេះ គឺកំពុងស្ថិតក្នុងការអភិវឌ្ឍន៍សាច់រឿង រំពឹងថានឹងសរសេរសាច់រឿងចប់ខែក្រោយនេះហើយ។
សម្រាប់ក្រុមអ្នកសម្តែងស្រីៗដែលនឹងបង្ហាញមុខក្នុងវគ្គញែកដែល Vin Diesel និយាយដល់នោះ គឺត្រូវបានរំពឹងថា នឹងមានមុខ Nathalie Emmanuel, Michelle Rodriguez និង Jordana Brewster ដោយមាន Charlize Theron មកមានចំណែកជា Villain ស្រីផងដែរ។តែគួរឲ្យសោកស្តាយដែលតួអង្គ Gisele (សម្តែងដោយ Gal Gadot) លែងបានមកនៅរួមគ្នាក្នុងធីមមួយនេះ…???? អេ៎! តែមិនប្រាកដទេ អ្វីក៏អាចកើតឡើងបានដែរ សូម្បី HAN នៅអាចស្លាប់ហើយរស់ឡើងវិញបាន????។
F9: THE FAST SAGA នឹងមកដល់រោងកុនក្នុងស្រុកយើង ថ្ងៃទី ២១ ឧសភា ២០២០