ពិតជាមានមោទនភាពខ្លាំងណាស់ នៅពេលដែលភាពយន្តភ័យរន្ធត់ នាឡិកាដាស់វិញ្ញាណ/The Clock បានបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ព្រមទាំងដណ្តើមបានពានរង្វាន់បី នៅក្នុងពេលតែមួយនៃកម្មវិធី Horror Bowl Movie Awards ដែលធ្វើឡើងនៅប្រទេសឥណ្ឌា។
ក្នុងការចូលរួមនេះអាចបញ្ជាក់ឲ្យពិភពលោកឃើញថាវិស័យកុននៅកម្ពុជាពិតជាមានស្ទុះនិងការរីកចម្រើនខ្លាំងមិនចាញ់ប្រទេសដទៃឡើយ។
នៅចុងឆ្នាំ 2019 ផលិតកម្ម LD Picture បានបង្ហាញភាពយន្ត នាឡិកាដាស់វិញ្ញាណ/The Clock ធ្វើឲ្យបណ្តាលអ្នកនិយមមើលកុន សរសើរថាល្អមិនដាច់ពីមាត់ បន្ទាប់ពីចាក់បញ្ចាំងនៅកម្ពុជាហើយ ភាពយន្តមួយនេះក៏បានបង្ហាញវត្តមាននៅលើផ្ទាំងក្រណាត់ស 6 ប្រទេសផ្សេងទៀត រួមមាន:
(ថៃ, សិង្ហបុរី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងប្រ៊ុយណេ)។
ថ្មីៗនេះកម្មវិធីប្រកួតភាពយន្តភ័យរន្ធត់ ដែលធ្វើឡើងនៅប្រទេសឥណ្ឌាមានប្រមាណជិត200រឿងចូលរួមប្រកួត នៅក្នុងនោះមានតែភាពយន្ត នាឡិកាដាស់វិញ្ញាណ/The Clock តែមួយគត់ដែលបានចំណាត់ថ្នាក់លេខមួយ និងដណ្តើមបានពានរង្វាន់ បី ប្រភេទផ្សេងគ្នាថែមទៀតផងក្នុងនោះមានដូចជា៖
– ទីមួយពាន : អ្នកដឹកនាំភាពយន្តឆ្នើម
– ទីពីរពាន : ភាពយន្តឆ្នើម
– ទីបីពាន : តារាសម្តែងប្រុសឆ្នើម បានទៅលោក សន ពិសិដ្ឋ ដែលសម្តែងជាតួអង្គឪពុក។
សង្ឃឹមថារឿងជញ្ជាំងក្រហម The Red Wall ដែលជាសែស្រឡាយរឿងនាឡិកាដាស់វិញ្ញានឹងទទួលបានការគាំទ្រខ្លាំង និងល្បីរន្ទឺជាងនេះមួយកម្រិតទៀត។