គិតមើលទៅហាក់ដូចជាថ្មីណាស់សម្រាប់ហាងកាហ្វេនាទីក្រុងភ្នំពេញ ដែលមានបរិយាកាសថ្មីប្លែកខុសគេបែបនេះ តែប្រសិនបើអ្នកជាអតិថិជនប្រចាំរបស់ ប្រោនកាហ្វេ អ្នកតែងតែនឹកឃើញថាការបើកសាខាថ្មីម្តងៗរបស់ហាងកាហ្វេមួយនេះ តែងធ្វើឲ្យអតិថិជនរបស់ខ្លួនមានការរំពឹងលើសពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មដ៏យកចិត្តទុកដាក់ដែលខ្លួនផ្តល់ជូន នោះគឺ «ការរចនាហាង» និងបទពិសោធន៍នៃរសជាតិកាហ្វេថ្មីៗ ដែលជាទម្លាប់តែងតែពញ្ញាក់អារម្មណ៍អតិថិជនជានិច្ចថា «អារម្មណ៍ប្រោនតែមួយ បរិយាកាសនិងបទពិសោធន៍ប្លែកៗផ្សេងពីគ្នា»។
ពិតជាខុសប្លែកខ្លាំង ក៏អាចថាជាសាខាថ្មីមួយទៀតដែល ហាងកាហ្វេក្នុងស្រុកមួយនេះ បានគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើការរចនា និងការសិក្សារពីបរិយាកាសជុំវិញហាង ដែលជូនផ្តល់នៅឯកជនភាព (Privacy/Personal Space) និងធម្មជាតិដ៏ស្រស់បំព្រង។ ហាងទាំងមូលរចនា ហាក់ដូចជាជម្រាលកូនភ្នំមួយ ជាមួយនឹងរុក្ខជាតិបៃតងលម្អរពាសពេញ ប្រៀបដូចជាចំការកាហ្វេមួយ ដែលពីមួយថ្នាក់ (ជាន់) ទៅមួយថ្នាក់ អតិថិជនអាចអង្គុយទទួលទានកាហ្វេ ភេសជ្ជៈ និងម្ហូបអាហារ ដោយមិនមានការរំខានពីអ្នកដទៃនៅជុំវិញខ្លួន ព្រោះថាមួយថ្នាក់ៗ គឺស្ថិតនៅលើបន្ទាត់កោង ដែលរក្សាបាននូវភាពផ្ទាល់ខ្លួន។ ការរចនានេះគឺពិតជាសាកសមសម្រាប់ ជីវិតប្រចាំថ្ងៃរបស់អតិថិជន ដែលអាចនឹងពោរពេញដោយភាពធុញថប់ ការងារដ៏ស្មុគស្មាញ និងបរិយាកាសទីក្រុងដ៏មមារញឹក ដោយការយកពេលវេលាខ្លះមកសម្រាកជាមួយនឹងការទទួលទានមួយ ដែលចាកឆ្ងាយពីភាពរញ៉េរញ៉ៃ ព្រមជាមួយធម្មជាតិជុំវិញខ្លួន។ លើសពីនេះប្រសិនបើអតិថិជនមកចំពេលថ្ងៃរៀបលិច នឹងបានឃើញទិដ្ឋភាពថ្ងៃលិចនៅទីក្រុងដែលផុសឡើងនៅចំពីមុខតែម្តង។
សម្រាប់សាខាថ្មីដែលមានឈ្មោះថា BROWN Roastery Khalendale ឬអាចហៅបានថា ភ្នំកាហ្វេប្រោននេះ មិនត្រឹមតែផ្តល់នូវរសជាតិ កាហ្វេដ៏សំបូរបែប ក៏នៅមាននំ និងម្ហូបអាហារចម្រុះមុខជាច្រើន ដែលផ្តល់ភាពងាយស្រួល និងឆ្លើយទៅកាន់តម្រូវការរបស់អតិថិជនដែលនៅ ក្នុងសហគមន៍បឹងកក់ ដែលជាតំបន់ពាណិជ្ជកម្មដ៏មមារញឹកមួយដែរ នៅទីក្រុងភ្នំពេញ។ ដូច្នេះ តោះសាកល្បងទទួលយកបទពិសោធន៍ទាំងនោះ ដោយខ្លួនឯង ហើយលើសពីនេះ ប្រសិនបើបានទៅ BROWN Roastery Khalendale ហើយ កុំភ្លេចថតរូបជាមួយជម្រាលភ្នំប្រោន ទុកបង្ហោះចែករំលែកគ្នាមើលផងណា!