បើនិយាយពីសៀមរាប គឺច្បាស់ណាស់គេនឹងនិយាយអំពីប្រាសាទបុរាណ សិល្បៈ និងការកំសាន្ត សប្បាយនៅ Pub Street ពេលរាត្រី តែសៀមរាបគឺមានលើសពីនេះ ដែលកន្លែងញ៊ាំឆ្ងាញ់ៗនៅសៀមរាបក៏សំបូរបែបមិនចាញ់ខេត្ត ក្រុង ផ្សេងៗទៀតដែរ។ ហើយបើនិយាយពីសៀមរាបចុងឆ្នាំនេះគឺមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលចន្លោះពីឥឡូវទៅដល់ថ្ងៃនោះ យើងអាចមានពេលមកស្គាល់កន្លែងញ៊ាំប្លែកៗក្នុងក្រុងសៀមរាបបាន។
ពីក្រុមការងារ Manulife ជាមួយនឹង Kampucheers ដែលនឹងចូលរួមព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង សូមណែនាំ កន្លែងឆ្ងាញ់ប្លែកមាត់ចំនួន៣ នៅក្នុងក្រុងសៀមរាប៖
កន្លែងទី១៖ ស្រះស្រង់ធម្មជាតិ
ស្ថិតនៅក្នុងតំបន់ប្រាង្គប្រាសាទអង្គរ លើផ្លូវលំមួយទល់មុខនឹង ប្រាសាទបន្ទាយក្តី ប្របជាមួយនឹង ស្រះស្រង់ “ធម្មជាតិស្រះស្រង់” គឺជាអាហារដ្ឋានមួយដែលបម្រើជូននូវអាហារបែបលក្ខណៈជាគ្រួសារខ្មែរ ដែលប្រើគ្រែ ក្រាលកន្ទេល ជាកន្លែងទទួលទានអាហារ អមជាមួយបរិយាកាសជុំវិញពោរពេញដោយធម្មជាតិគួរជាទីគយគន់ មានអង្រឹងសម្រាប់ភ្ញៀវទេសចរ ដែលមកទទួលទាន សម្រាក ព្រមជាមួយខ្យល់អាកាសល្ហើយត្រសៀកៗ។ បើនិយាយអំពីមុខម្ហូបប្រចាំហាងវិញគឺ មាន់ដុត ជាមួយនឹងបាយអង្ករសម្រូប (អង្គរក្រហម) ខ្ចប់ជាមួយស្ទឹកឈូក ទាំងរសជាតិ ទាំងការតុបតែងលម្អរ គឺពិតជាធ្វើឲ្យអ្នកចាប់មាត់ ចាប់ចិត្ត ជាពុំខាន។
កន្លែងទី២៖ សង្វាក់ ផ្លូវ៦០ម៉ែត្រ
ពេលថ្ងៃចាប់ផ្តើមបាក់រសៀល ប្រមាណជាម៉ោង៤ ប្រសិនបើអ្នកបានឆ្លងកាត់ផ្លូវ៦០ម៉ែត្រ ដែលនៅមិនឆ្ងាយពីក្រុងប្រមាណនោះ (ប្រមាណជា ១០ ទៅ១២នាទីពីក្រុង) អ្នកនឹងឃើញទិដ្ឋភាពបែបផ្សាររាត្រីមួយ លេចចេញជារូបរាងឡើង តាមបណ្តោយផ្លូវ៦០ម៉ែត្រនោះ ចាប់ពីរង្វង់មូលអប្សរា ហួសពីតូបលក់សំលៀកបំពាក់បន្តិច អ្នកនឹងឃើញតូបអាហារតូចៗ ប្រក់តង់ ទាំងជួរ នៅទីនោះ ដែលគេមានលក់ចំណីអាហារផ្សេងៗ ដូចជា នំគ្រក់ បាញ់ឆែវ ពងទាកូន ហើយអ្វីពិសេសសម្រាប់អាហារនៅផ្លូវ៦០ម៉ែត្រនេះគឺ សង្វាក់។ សង្វាក់ នេះគឺជាអាហារដែលគេច្នៃចេញដោយភាពច្នៃប្រឌិត ដោយយក ណែមសាច់ត្រីទៅអាំង ខ្ចប់ស្លឹកចេក ដែលគេទទួលទានលាយជាមួយនឹងនំបញ្ចុក ខ្ចប់ជាមួយអន្លក់ជាបន្លែស្រស់ចម្រុះរួមមាន ស្ពៃក្តោប ជី ត្រសក់ ជ្រលក់ជាមួយទឹកត្រី ចុចជាមួយម្ទេសហិរៗ គឺពិតជាពិសេសញ៊ាំជក់មាត់ជាពុំខាន។
កន្លែងទី៣៖ លៀសអ៉ីទុំ
គ្រាន់តែឈ្មោះក៏ឆ្ងល់បាត់ទៅហើយ ថាអ៉ីទុំជានរណា? ឬជាឈ្មោះប្រភេទលៀស? តាមពិតទៅ លៀសអ៉ីទុំ ជាអាហារដ្ឋានមួយលក់ លៀសអប់ ខ្យងអប់ នៅក្នុងក្រុងសៀមរាប ដែលមាន អ៉ីម្ខាស់ហាងឈ្មោះ ទុំ។ អាហារដ្ឋានមួយនេះស្ថិតនៅខាងក្រោយវិទ្យាល័យអង្គរ ដែលជាផ្ទះបែបជនបទមួយ ដែលម៉ោងបើកលក់ហាក់ប្លែកបន្តិចគឺ ពីពេលព្រឹកម៉ោង៩ រហូតដល់រសៀលម៉ោង១ គឺគាត់លក់អស់ហើយ។ រសជាតិវិញគឺធានាថា ឈ្ងុយឆ្ងាញ់ប្លែក ព្រោះថា លៀស ខ្យង ទន្លេរបស់គាត់ស្រស់ៗ ហើយមានរូបមន្តគ្រឿង និងទឹកជ្រលក់ពិសេសជូរហឹរៗ ដែលធ្វើឲ្យហាងនេះល្បីឈ្មោះពីមាត់មួយទៅមាត់មួយ រហូតដល់បើកសាខាមកដល់ភ្នំពេញទៀត។
ដូចនេះប្រសិនបើបានមកដល់សៀមរាប កុំភ្លេចចូលសាករសជាតិអាហារដ្ឋានប្លែកៗទាំងបីនេះណា៎ ហើយបើឆ្ងាញ់មែន កុំភ្លេចជួយណែនាំ ផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលទេសចរណ៍យើងទាំងអស់គ្នា!
អត្ថបទណែនាំនេះនាំមកជូនដោយ Manulife