ហាងកាហ្វេមាននៅគ្រប់ទីកន្លែងតែម្ដង នៅភ្នំពេញយើងនេះ ។ ដល់ច្រើនពេកអ៊ីចឹងក៏ពិបាក មិនដឹងថាគួរទៅហាងមួយណា ! ប៉ុន្តែឮសូរគេថាមានហាងកាហ្វេមួយទើបតែបើកដំណើរការថ្មីថ្មោងនេះ ដូចជាទើបតែបើកមកបាន៣ខែថ្មីៗនេះឯង ប៉ុន្តែទទួលបានការចាប់អារម្មណ៍និងការគាំទ្រយ៉ាងខ្លាំង ។ ពិសេសឮថាប្រវត្តិនៃការបង្កើតហាងនេះពិតជាអស្ចារ្យនិងបង្កប់ទៅដោយអត្ថន័យទាក់ទងនឹងសាសនាទៀតផង ។
ហាងកាហ្វេ លុម្ពិនី បានបើកដំណើរការកាលពី ថ្ងៃទី ១ ខែមិនា ឆ្នាំ២០២១នេះ ។ លុម្ពិនី មានទីតាំងស្ថិតនៅលើបណ្ដោយផ្លូវ ១៨៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលស្ថិតនៅក្រោយព្រះបរមរាជវាំងតែម្ដង ។ មុននឹងចូលដល់ប្រវត្តិនៃការបង្កើតហាង និងអាថ៌កំបាំងពីក្រោយឈ្មោះហាងកាហ្វេ លុម្ពិនី នេះក៏ចង់ណែនាំឲ្យគ្នាយើងស្គាល់ភេសជ្ចៈប្រចាំហាងសិន ទុកគ្រាន់ជាការណែនាំឲ្យស្គាល់របស់ឆ្ងាញ់ បានញ៉ាំបណ្ដើរអានអត្ថបទដ៏គួរឲ្យទាក់ទាញនេះបណ្ដើរ ។ ភេសជ្ជៈប្រចាំហាងនៅទីនោះមានដូចជា៖ លុម្ពិនីឡាតេ Lumpini latte, ផាស់សិនសូដា និងគុលស្លិកគ្រៃសូដា ធានាឆ្ងាញ់ប្លែកជាប់មាត់ជាប់ចិត្ត ។
សិស្សនិស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ច្បាស់ជាស្គាល់សាស្ត្រាចារ្យ លោកគ្រូ ព្រាប ចាន់ម៉ារ៉ា ។ លោកគ្រូជាអ្នកដាក់ឈ្មោះ ហាងកាហ្វេ លម្ពិនី នេះ ដែល លម្ពិនី ត្រូវបានគេដឹងនិងតំណាលមកថា ជាឈ្មោះនៃទីដែលព្រះពុទ្ធទ្រង់ប្រសូត្រ ។ ដោយមានជំនឿនិងការគោរពតាមព្រះពុទ្ធសាសនា គេយល់ថា លម្ពិនី ជាទីនៃការចាប់បដិសន្ធិដែលនាំមកនូវសេចក្តីសុខដល់ពិភពលោក ។ ហើយការដាក់ឈ្មោះហាងកាហ្វេ លម្ពិនី គឺអាស្រ័យលើការរចនាតុបតែងហាង ដែលប្លង់រចនាពិតជាសាកសម សមស្របនឹងទទួលបាននូវឈ្មោះមួយនេះ ។
មកដឹងពីគោលដៅចម្បងក្នុងការបង្កើតហាងនេះ គឺគេចង់ឲ្យមានលក្ខណៈថ្មី ប្លែកភ្លែកដោយការរចនាតុបតែង និងការរៀបចំឲ្យមានទីធ្លាធំទូលាយ ។ ក្នុងនោះមានការរៀបចំ ដាំដើមឈើ ប្រទាល និងផ្កាជាច្រើន ដើម្បីផ្ដល់ជាម្លប់ និងខ្យល់បរិសុទ្ធ ដែលវាជាកត្តាសំខាន់ ដែលហាងបានគិតគូរ ដើម្បីជាផ្នែកមួយអាចជួយសម្រាលទៅដល់ភាពតានតឹងស្មុកស្មាញពីការងារ ការសិក្សា និងបញ្ហាផ្សេងៗ ខណៈភ្ញៀវចូលមកអង្គុយញ៉ាំកាហ្វានៅហាងផ្ទាល់ ។
បន្ទាប់ពីដំណើរការមកបានរយ:ពេលជាង៣ខែ គេបានកត់សម្គាល់ឃើញថាមានការលើកឡើងសសើរមិនដាច់ពីមាត់នូវរស់ជាតិភេសជ្ចៈប្រចាំហាង ពិសេសបរិយាកាស ទាំងក្នុងហាង និងជុំវិញហាង ពិតជាស្អាតប្លែកភ្លែក ដែលបានផ្ដល់ឲ្យភ្ញៀវនូវអារម្មណ៍ស្រស់ស្រាយ ពោរពេញទៅដោយផាសុកភាព ។ អ៊ីចឹងសម្រាប់គ្នាយើងដែលចង់ទៅសាក និងទទួលយកបទពិសោធន៍ហាងថ្មី ប្លែកមាត់ ប្លែកភ្នែក នោះគឺថា លម្ពិនី ចតុមុខ បើកដំណើរការទទួលអតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៨ យប់ ទើបបិទសម្រាក ។
ទីតាំងហាង