អ្នកប្រហែលជាបានដឹងហើយថាសៀមរាបចុងឆ្នាំនេះនឹងមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលអត្ថបទមុន Manulife និង Kampucheers បានណែនាំមកហើយអំពីកន្លែងញ៊ាំឆ្ងាញ់ៗបីកន្លែង សម្រាប់អ្នកដើម្បីត្រៀមមុនសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ។
ឥឡូវយើងមកស្គាល់ ៣កន្លែង នៅខេត្តសៀមរាបដែលល្អសម្រាប់អារម្មណ៍ និងសុខភាពអ្នកជាមួយ ធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ៖
កន្លែងទី១៖ ចំការឈូក
មិនឆ្ងាយពីក្រុងសៀមរាបប៉ុន្មានទេ ប្រមាណជា១៥នាទី ដែលអ្នកអាចជិះម៉ូតូ ឡាន ឬក៏ជិះរ៉ឺម៉ក តុតុ មកក៏បានតាមបណ្តាយស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម នៅតាមសងខាងផ្លូវអ្នកនឹងឃើញទិដ្ឋភាពដ៏ប្លែកភ្នែកគឺ ផ្លែ ស្ទឹក និងផ្កាឈូក ដែលរីករហង់ពេញចំការ ទាំងឆ្វេងដៃ និងស្តាំដៃ។ អ្នកស្រុកក្នុងតំបន់នេះ មានគំនិតច្នៃប្រឌិត ដែលបន្ថែមសម្រស់ចំការរបស់ខ្លួនជាមួយ ស្ពានឈើ សួនផ្ការ រហាត់ទឹក និងកញ្ចុះ ដែលអាចទទួលភ្ញៀវទេសចរមកស្រូបខ្យល់អាកាសបរិសុទ្ធ ថតរូបលេង ទទួលទានអាហារ ក៏ដូចជាមើលថ្ងៃរៀបលិចបាន។ អារម្មណ៍អ្នកនឹងបានស្រស់ស្រាយ ប្រសិនជាអ្នកបានមកដល់ទីនេះ ញ៊ាំអាហារថ្ងៃត្រង់ សម្រាកលើអង្រឹងក្នុងកញ្ចុះ កណ្តាលចំការឈូក ខ្យល់បក់ត្រសៀកៗ ពិតជាស្រស់ស្រាយណាស់។
កន្លែងទី២៖ ភ្នំក្រោម
បន្តដំណើរហួសពីចំការឈូកប្រមាណជា៥នាទី ការធ្វើដំណើររបស់អ្នកនឹងមកដល់ជើងភ្នំក្រោម ដែលនៅខាងក្រោមមានអ្នកនៅក្នុងតំបន់លក់ចំណីអាហារផ្សេងៗ អ្នកគួរទិញជាចំបាច់នោះគឺទឹក (ប្រសិនបើអ្នកមិនបានដាក់ដបទឹកតាមខ្លួន) ប្រសិនបើអ្នកចង់ធ្វើដំណើរថ្មើរជើងឡើងលើភ្នំតាមជណ្តើរ ត្រៀមសម្រាប់ថ្ងៃម៉ារ៉ាតុង។ មកដល់ត្រឹមចង្កេះភ្នំប្រសិនបើអ្នកចោលភ្នែកមើលទៅខាងក្រោម អ្នកនឹងឃើញទិដ្ឋភាពិសេសមួយនៃផ្ទះបណ្តែតទឹករបស់ប្រជានាសាទខ្មែរយើងតូចៗត្រៀបត្រាពេញផ្ទៃទឹក ។ ក្រៅពីទិដ្ឋភាពទាំងនោះអ្នកក៏ឃើញមានសត្វពពែ ទាំងហ្វូង ដែលប្រជាជនក្នុងតំបន់ចិញ្ចឹម ដែលពួកវាចូលចិត្តដើរតាមជម្រាលចង្កេះភ្នំ គួរឲ្យទាក់ភ្នែក។ មកដល់ខាងលើទិដ្ឋភាព និងខ្យល់អាកាស កាន់តែបរិសុទ្ធ និងស្រឡះមុខស្រឡះមាត់ ជាមួយទេសភាពជុំវិញភ្នំជាវាលស្រែក្រឡាៗនាខែទឹកស្រក ឬបឹងទន្លេសាបនាខែទឹកឡើង។ លើភ្នំនេះក៏មានប្រាសាទបុរាណផងដែរគឺ ប្រាសាទភ្នំក្រោម ដែលស្ថិតនៅលើកំពូលភ្នំ។
កន្លែងទី៣៖ ចុងឃ្នាស
គ្រាន់តែឭឈ្មោះប្រហែលជាអ្នកមិនអាចដឹងបានទេថា ទីកន្លែងនេះជាកន្លែងអ្វី។ “ចុងឃ្នាស” គឺជាភូមិនេសាទមួយនៅប្របជាមួយនឹងបឹងទន្លេសាបដែលផ្ទះបណ្តែតទឹករបស់ប្រជាជនក្នុងតំបន់នោះត្រូវបានផ្លាស់ប្តូរតាមរដូវកាលទឹកឡើង និងទឹកស្រករបស់បឹងទន្លេសាប។ បច្ចុប្បន្ន “ចុងឃ្នាស”បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ ដែលទេសចរអាចជិះទូកទៅទស្សនា ស្រូបយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាគយគន់ទិដ្ឋភាពនៃជីវភាពប្រជានេសាទ សហគមន៍ផ្ទះបណ្តែតទឹក ព្រៃលិចទឹក និងកសិដ្ឋានចិញ្ចឹមសត្វក្រពើផងដែរ។ ដើម្បីទៅដល់ទីនោះតម្រូវឲ្យទេសចរជួលទូក ក្នុងម្នាក់ប្រមាណ១០ដុល្លារ (ទៅមក) ដែលជិះតាមដៃទន្លេសាប ឆ្លងកាត់ព្រៃលិចទឹក ជាមួយខ្យល់អាកាសដ៏បិរសុទ្ធ ល្ហើយៗ ដែលនឹងធ្វើឲ្យទេសចររំលស់អស់នូវអារម្មណ៍សៅហ្មងទាំងឡាយ។ ប្រសិនជាអ្នកមានពេលវេលាគ្រប់គ្រាន់ អ្នកក៏អាចទស្សនាថ្ងៃរៀបលិចនៅបឹងទន្លេសាបផងដែរ ព្រោះថាថ្ងៃរៀបលិច នៅបឹងទន្លេសាប ឬភូមិចុងឃ្នាសនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់។
ដូចនេះប្រសិនបើបានមកដល់សៀមរាប កុំភ្លេចមកទស្សនា ទទួលយកអារម្មណ៍ស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធ នៅតំបន់ទេសចរណ៍ទាំងបីនេះ ក៏ដូចជាជួយផ្សព្វផ្សាយបន្ថែមអំពីសក្តានុពលទេសចរណ៍យើងទាំងអស់គ្នា!
អត្ថបទណែនាំនេះនាំមកជូនដោយ Manulife