
តារាសម្តែងដែលដើរតួជា តាជូជក ក្នុងរឿងព្រះវេស្សន្ដរអំឡុងឆ្នាំ១៩៩៣ លោកព្រឹទ្ធាចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន បានទទួលមរណភាពនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៨៣ឆ្នាំ។ លោកតាមានស្រុកកំណើតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកកើតនៅក្នុងឆ្នាំ ១៩៣៧ ។


នៅ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣ លោកបានទទួលងារជា «នាដកោសល្យវដ្តី» យោងតាម ព្រះរាជក្រឹត្យ ស្ដីពីប្រព័ន្ធមរតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតបស្នង ការលះបង់ជាច្រើន និងការពុះពារឥតខ្លាចនឿយហត់ ក្នុងការធ្វើពលិកម្មជាច្រើនបម្រើឲ្យវិស័យសិល្បៈខ្មែរ និងដោយផ្អែកលើតម្លៃគុណសម្បត្តិ ដូចជា ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី ។ លោកក៏មានវត្តមានក្នុងយីកេរឿង «ទុំទាវ» លោកតែងតែដើរតួសម្តែងជាតួមនុស្សចាស់ក្នុងល្ខោនបាសាក់ យីកេ និង ភាពយន្តយ៉ាងច្រើន ។ ជាមួយគ្នានេះដែលគាត់ទទួលបាន មេដាយមាសការងារ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ។



សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដែលបានបាត់បង់ សសរទ្រូងនៃសិល្បៈកម្ពុជា សូមឲ្យវិញ្ញាណខ័ន្ធលោកបានទៅសុគតិភពកុំបីឃ្លាត ៕