ដោយសារតែការរាតត្បាតនៃជម្ងឺកូវីត-19 មួយរយៈក្រោយនេះ ក្រុមហ៊ុន Netflix ទទួលបានអ្នកប្រើគម្រោងរបស់ខ្លួន រហូតដល់ជាង ជិត 20 លាន នាក់។ បន្ថែមទៀតក្នុងពេលនេះដែរ គេកំពុងមានគម្រោងលើខ្សែភាពយន្តបែបបាញ់បោះ Action មួយមានចំណងជើងថា “The Gray Man” ដែលនឹងមាន Ryan Gosling និង Chris Evans ជាតួសម្ដែងហើយ Russo Brothers ជាអ្នកដឹកនាំរឿងទាំងមូល ព្រមទាំងចូលរួមសរសេរស្រ្គីបដោយ Christopher Markus Stephen McFeely ដែលគាត់ទាំង 2 នាក់ក៏ជាអ្នកសរសេរស្រ្គីបក្នុងរឿង Avengers: Infinity war Avengers: Endgame និង Captain America ទាំង 2 វគ្គចុងក្រោយ ។
ក៏លេចឮមកថារឿងនេះគេនឹងប្រើទុនក្នុងការផលិតលើសពី 200 លានដុល្លារអាមេរិក ហើយនឹងក្លាយជាភាពយន្ត Netflix ដំបូងដែលចំណាយទុនច្រើនជាងគេ ដែលគេបានរំពឹងថារឿងនេះអាចនឹងឈានដល់កម្រិត James Bond ឬ Mission Impossible ទៀតផង ។
សាច់រឿងនឹងដកស្រង់ចេញពីសៀវភៅប្រលោមលោកល្បីរបស់លោក Mark Greaney កាលពីឆ្នាំ 2009 ។ សាច់រឿងនឹងនិយាយពីឃាតករឈ្មោះ Court Gentry (សម្ដែងដោយ Gosling) ត្រូវបានតាមប្រមាញ់ដោយ Lloyd Hansen ដែលជាអតីតភ្នាក់ងារ CIA ម្នាក់ ។ រឿងនេះបានដាក់គម្រោងថតនៅឆ្នាំដើមឆ្នាំ 2021 ដែលមានរដ្ឋ Los Angeles ជាទីតាំងសម្រាប់ថតចំបង រួមជាមួយទីតាំងមួយចំនួនទៀត ។
ត្រៀមខ្លួនសម្រាប់ Netflix & Chill ឲ្យហើយទៅ ហ្វេនកំពូលអាយដូលទាំងពីរនេះ!